ទោះបី​បារម្ភ​ពី COVID-19 តែ​ការប្រណាំង F1 លើកដំបូង​នៅ​វៀតណាម មិន​លើក​ពេល​ឡើយ​
កីឡាអន្តរជាតិ
អន្តរជាតិ
ទោះបី​បារម្ភ​ពី COVID-19 តែ​ការប្រណាំង F1 លើកដំបូង​នៅ​វៀតណាម មិន​លើក​ពេល​ឡើយ​
14, Feb 2020 , 10:50 am        
រូបភាព
​លោក Ross Brawn នាយក​គ្រប់គ្រង​កម្មវិធី​ប្រណាំង​រថយន្ត Formula One នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ អះអាងថា​ការប្រណាំង​នៅ​ទីលាន​ប្រទេស​វៀតណាម Vietnam Grand Prix ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៅតែ​ដំណើរការ​ដដែល​បើ​ទោះ​មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​មេរោគ​រាលដាល​នៃ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) ក៏ដោយ​។ តាម​ការគ្រោងទុក Vietnam Grand Prix នឹង​បើក​ការប្រកួត​នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២០​។​


 
​ទីលានប្រណាំង F1 របស់​វៀតណាម នឹងធ្វើ​ឡើង​នៅ​ទីក្រុង​ហាណូយ​ដែលមាន​ចម្ងាយ​១០០​គីឡូម៉ែត្រ​ពី​ព្រំដែន​ប្រទេស​ចិន ជាទី​បង្ក​ឲ្យ​មាន​មេរោគ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​នេះ​ផ្ទុះឡើង​។​
​ស្របពេល​សហព័ន្ធ​កីឡា​ប្រណាំង​រថយន្ត (FIA) ដែល​គ្រប់គ្រង​ការប្រណាំង F1 បាន​ទទួលយក​សំណើ​ពី​អ្នករៀបចំ​កម្មវិធី​រប​ស់ភា​គី​ចិន​ដើម្បី​ពន្យា​ពេល​ការប្រណាំង​នៅ​ទីលាន​សៀង​ហៃ Chinese Grand Prix ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩ ខែមេសា​នោះ លោក Brawn ថា​ការប្រណាំង​នៅ​វៀតណាម នឹងមិន​មានការ​លើក​ពេល​នោះទេ​។​
 
«​សម្រាប់​វៀតណាម​រាល់​មតិ​ប្រតិកម្ម​ដែល​យើង​កំពុង​ទទួលបាន​គឺ​ដូចជា​នៅ​ចក្រភព​អង់គ្លេស​ដែរ​។ មាន​ករណីខ្លះ ប៉ុន្តែ​មិនមាន​បញ្ហា​ណាមួយ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះទេ​។ លោក Brawn ប្រធាន F1 បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដូច្នេះ ហើយ​លោក​បាន​បន្ថែមទៀតថា អ្វីៗ​គឺមាន​ភាពល្អប្រសើ​រដែ​ល​ធ្វើ​ឲ្យ​កម្មវិធី​ប្រកួត​អាច​បន្តបាន​ជាធម្មតា​។​
 
​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ អាជ្ញាធរ​សុខាភិបាល​វៀតណាម​ប្រកាសថា​បានធ្វើ​វិធាន​ច​ត្តា​ឡី​ស័ក​លើ​មនុស្ស​ចំនួន​១ ម៉ឺន​នាក់​នៅក្នុង​ឃុំ Son loi នៃ​ខេត្ត Vinh Phuc ប្រទេស​វៀតណាម ដែលមាន​ចម្ងាយ​ជាង​៤០​គីឡូម៉ែត្រ​ពី​ក្រុង​ហាណូយ ក្រោយ​រកឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (COVID-19) ចំនួន​៦​នាក់​នៅ​ទីនោះ​។ នេះ​ជា​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ទ្រង់ទ្រាយ​ធំ​លើកដំបូង នៅក្រៅ​ប្រទេស​ចិន ចាប់តាំងពី​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស បាន​ផ្ទុះ​រីក​រាលដាល​ពី​ក្រុង​វូ​ហាន ភាគ​កណ្ដាល​នៃ​ប្រទេស​ចិន កាលពី​ចុងឆ្នាំ​២០១៩​។​
 
​អ្នកនាំពាក្យ​របស់ F1 បញ្ជាក់ដែរថា​លោក Brawn មិនបាន​ដឹង​អំពី​ការវិវឌ្ឍ​ន៍​ថ្មី​នៃ​មេរោគ​កូ​រ៉ូ​ណា​នៅ​វៀតណាម​ទេ​នៅពេល​លោក​អះអាង​ដូច​ខាងលើនេះ ប៉ុន្តែ​វៀតណាម​នៅតែ​ស្ថិតក្នុង​កាលវិភាគ​ប្រណាំង​របស់ខ្លួន​រដូវ​កាល​នេះ​ដដែល​។​
 
​គិត​ត្រឹម ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ ខែកុម្ភៈ នេះ អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​នាក់​១៤៨៧​នាក់ ហើយ​តួលេខ​នេះ កើន​ពី​ចំនួន​១៣៧០​នាក់ កាលពី​ថ្ងៃ​ម្សិលមិញ​៕

Tag:
 Formula One
  Vietnam Grand Prix
© រក្សាសិទ្ធិដោយ thmeythmey.com