រដ្ឋាភិបាល អនុញ្ញាតឲ្យអ្នកទេសចរលើនាវា Westerdam ចុះដើរកម្សាន្តដោយសេរី
ជាតិ
សង្គមជាតិ
រដ្ឋាភិបាល អនុញ្ញាតឲ្យអ្នកទេសចរលើនាវា Westerdam ចុះដើរកម្សាន្តដោយសេរី
14, Feb 2020 , 11:35 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន យល់ព្រមតាមសំណើរបស់តំណាងនាវាអាមេរិក Westerdam  ឲ្យអ្នកទេសចរលើនាវានេះ ចុះដើរកម្សាន្ត នៅក្នុងខេត្តព្រះសីហនុ ខេត្តសៀមរាប ឬខេត្តផ្សេងៗទៀត។ សម្តេចនាយករដ្ឋមន្រ្តី ប្រកាសថា អាជ្ញាធរកម្ពុជា នឹងបង្កលក្ខណៈងាយស្រួលជូនពួកគេ បើពួកគេ ចង់ដើរលេងតាមកន្លែងកម្សាន្តនានា។



ប្រមុខរដ្ឋាភិបាល ដែលធ្វើដំណើរទៅកំពង់ផែព្រះសីហនុ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីស្វាមន៍នាវា Westerdam បានថ្លែងដូច្នេះថា៖«ប្រជាពលរដ្ឋតាមសណ្ឋាគារ តាមភោជនីយដ្ឋាន ក្នុងខេត្តព្រះសីហនុ មិនត្រូវរើសអើង មិនត្រូវភ័យខ្លាច អំពីរឿងនេះទេ...»។ ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ថា ទោះនាវានេះ ចង់ចតដល់ទៅ១ខែទៀត ក៏កម្ពុជា អនុញ្ញាតដែរ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា នៅព្រឹកនេះ មានអ្នកទេសចរ១១៩នាក់ហើយ បានចេញពីនាវា ធ្វើដំណើរទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីបន្តដំណើរទៅប្រទេសរបស់ពួកគេ។ លោក បន្តថា មានអ្នកទេសចរ១៤០ទៀត នឹងចាកចេញពីនាវា ធ្វើដំណើរទៅប្រទេសរបស់ពួកគេដែរ។

លោក បន្ថែមថា ចំពោះអ្នកទេសចរ ដែលមិនទាន់ត្រឡប់ទៅប្រទេសរបស់ពួកគេវិញ នៅមិនទាន់មានអ្នកណាម្នាក់ ចុះពីនាវានោះទេ តែលោក ជឿថា ពួកគេ នឹងចុះដើរទៅកម្សាន្តនៅកន្លែងនានា។ លោក សង្កត់ធ្ងន់ថា មិនមែនតែខេត្តព្រះសីហនុ ឬខេត្តសៀមរាបនោះទេ ទោះពួកគេ ដើរកម្សាន្តទៅខេត្តណា ឬទីកន្លែងណា ក៏អាជ្ញាធរអនុញ្ញាតដែរ។

លោកអភិបាលខេត្ត និយាយថា អ្នកទេសចទាំងនោះ មានសុខភាពល្អធម្មតា ដោយគ្មានអ្នកណាម្នាក់ផ្ទុកមេរោគ COVID-19 ឡើយ។ តែលោក បញ្ជាក់ថា ពេលណាពួកគេ ចុះពីនាវា ទៅដើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា ពួគេ  នឹងត្រូវពិនិត្យសុខភាព ដើម្បីដឹងច្បាស់ថា ពួកគេ មិនមានមេរោគ COVID-19។ លោក មិនទាន់ទទួលបានព័ត៌មាននោះទេថា នាវាទេសចរណ៍នេះ នឹងចាកចេញពីកម្ពុជានៅពេលណា។

នាវាទេចរណ៍ Westerdam ទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា ហើយបានចូលចតនៅកំពង់ផែព្រះសីហនុ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ បន្ទាប់ពីប្រទេសមួយចំនួន រួមមាន ជប៉ុន ថៃ ហ្វីលីពីន រួមទាំង កោះតៃវ៉ាន់ និង កោះហ្គាម បដិសេធមិនឲ្យចូលចត។

មុនចូលចត អាជ្ញាធរ បានបញ្ជូនឧទ្ធម្ភាគចក្រ ទៅយកសំណាកពីមនុស្ស២០នាក់ លើនាវា ដើម្បីយកទៅពិនិត្យ ក្រោយដឹងថាពួកគេ មានអាការមិនស្រួល ដូចជា ក្អក ឈឺពោះ និង រាគរូស ជាដើម។ តែលទ្ធផលបង្ហាញថា ពួកគេ មិនមានមេរោគ COVID-19 នោះទេ។

ក្នុងនាវាដ៏ធំនេះ មានមនុស្សជាង២,២ពាន់នាក់ (៤១សញ្ញាតិ) ដោយក្នុងនោះ អ្នកទេសចរ មានជាង១,៤ពាន់នាក់ និង បុគ្គលិកបម្រើការងារ មានជាង៨០០នាក់។ អ្នកទេសចរ ដែលច្រើនជាងគេ គឺជនជាតិអាមេរិក ដែលមានដល់៦៥១នាក់ ជនជាតិកាណាដា មាន២៧១នាក់ ជនជាតិអង់គ្លេស មាន១២៧នាក់ ជនជាតិហូឡង់ មាន៩១នាក់ ជនជាតិអូស្ត្រាលី មាន៧៩នាក់ និង ជនជាតិអាល្លឺម៉ង់៥៧នាក់...៕

Tag:
 COVID-19
  នាវា Westerdam
© រក្សាសិទ្ធិដោយ thmeythmey.com