អន្តរជាតិ
ថៃរងការរិះគន់ថា ប្រើស្តង់ដា២ ក្រោយបដិសេធ Westerdam តែអនុញ្ញាតនាវា២គ្រឿងផ្សេងចូលចត (ឆ្វេង) នាវាទេសចរណ៍ Seabourn Ovation ចតនៅផែ ភូកេត ថ្ងៃ១៣ ខែកុម្ភៈ (បាងកកប៉ុស្តិ៍) និង(ស្តាំ) នាវាទេសចរណ៍ Westerdam ចតនៅផែក្រុងព្រះសីហនុ ថ្ងៃ១៣ ខែកុម្ភៈ (AFP)
× អ្នកដំណើរនិងអ្នកបម្រើលើនាវាជាង៤០០០នាក់ មកពីនាវាទេសចរណ៍ចំនួនពីរគ្រឿង ត្រូវបានអនុញ្ញាតឲ្យចូលចតក្នុងកំពង់ផែ ភូកេត (Phuket) ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ។ ក្រោយពីមន្ត្រីសុខាភិបាលថៃ បានអះអាងថា អ្នកលើនាវាទាំងនោះគ្មានផ្ទុកជំងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុស (COVID-19) វាបង្កជារិះគន់ធ្ងន់ៗលើរដ្ឋាភិបាលថៃពាក់ព័ន្ធការអនុវត្តបទដ្ឋានពីរជាន់ បន្ទាប់ពីនាវាទេសចរណ៍ MS Westerdam ត្រូវបានបដិសេធឲ្យចូលចត កាលពីថ្ងៃ១២ ខែកុម្ភៈ។
នាវាទេសចរណ៍ Seabourn Ovation ពាក់ទង់ជាតិបាហាម៉ា ដែលដឹកអ្នកដំណើរ ៤៩៥នាក់ និងបុគ្គលិកបម្រើលើនាវា ៤៧០នាក់ បានចូលចតនៅកំពង់ផែទឹកជ្រៅ ភូកេត កាលពីថ្ងៃព្រហស្បតិ៍។ នាវាទេសចរណ៍នេះ បានធ្វើដំណើរចេញពីកោះ Langkawi របស់ប្រទេសម៉ាឡេស៊ី។ មនុស្សលើនាវា ដែលភាគច្រើនគឺជាជនជាតិអឺរ៉ុប ត្រូវបានត្រួតពិនិត្យសុខភាព មុនពេលអនុញ្ញាតដើរចេញពីនាវា។
តាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅថ្ងៃ១៤ ខែកុម្ភៈ ប្រធានការិយាល័យដែនសមុទ្ររបស់ភូកេត Wiwat Chidcherdwong បានបញ្ជាក់ថា អ្នកដំណើរ និងបុគ្គលិកបម្រើលើនាវាទាំងអស់ បានធ្វើតេស្តអវិជ្ជមានសម្រាប់ជំងឺផ្លូវដង្ហើម COVID-19 ។ នាវាទេសចរណ៍ដែលដឹកមនុស្សជាង១០០០នាក់នេះ បានចតនៅភូកេតប្រមាណ ១០ ម៉ោង មុនពេលចេញដំណើរបន្តទៅកាន់សិង្ហបុរី។
អ្នកនាំពាក្យរដ្ឋាភិបាលថៃម្នាក់ អ្នកស្រី Traisulee Traisoranakul បានអះអាងថា នាវាទេសចរណ៍ Seabourn Ovation បានអនុញ្ញាតឲ្យចូលចតក្នុងទីក្រុង ហុងកុង, វៀតណាម, Laem Chabang ក្នុងខេត្ត ឈុនបូរី ប្រទេសថៃ, គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី និង កោះ Langkawi ម៉ាឡេស៊ី។
តាម បាងកកប៉ុស្តិ៍ អ្នកស្រី សង្កត់ធ្ងន់ថា វេជ្ជបណ្ឌិតនៅលើនាវានេះ បានរាយការណ៍ថា អ្នកដំណើរ និងបុគ្គលិកបម្រើលើនាវានេះ គ្មានឃើញមានរោគសញ្ញានៃវីរុស ហើយពួកគេត្រូវបានតាមដានយ៉ាងដិតដល់ខណៈនាវានេះចតនៅភូកេត អស់ពេល១០ម៉ោង។ លោកស្រី សង្កត់ធ្ងន់ថា នេះគឺជាភាពខុសគ្នាពីនាវាទេសចរណ៍ MS Westerdam ដែលបានស្នើសុំការអនុញ្ញាតសម្រាប់ការចតអាសន្នមួយ ហើយត្រូវបានបដិសេធពីសំណាក់រដ្ឋាភិបាលថៃ និងប្រទេសនិងតំបន់៤ផ្សេងទៀត។
«ប្រទេសថៃ គ្មានគោលនយោបាយហាមឃាត់នាវាណាមួយពីការចូលចតឡើយ ក៏ប៉ុន្តែឥឡូវនេះ ថៃមានវិធានការគ្រប់គ្រងជំងឺ (COVID-19) ហើយសុវត្ថិភាពពលរដ្ឋថៃ គឺជាអាទិភាពមួយ»។ លោកស្រីអ្នកនាំពាក្យ អះអាងបែបនេះ។
ចំណែកនាវាទេសចរណ៍មួយផ្សេងទៀត ឈ្មោះថា Quantum of the Seas ដែលដឹកអ្នកដំណើរនិងបុគ្គលិកបម្រើលើនាវា ៣១០០នាក់ បានចូលចតនៅភូកេតផងដែរ ហើយអ្នកទាំងអស់ បានអនុញ្ញាតឲ្យចុះពីនាវានេះ ក្រោយសីតុណ្ហភាពពួកគេ បានធ្វើតេស្តរួចរាល់។ ក្រោយមក នាវានេះ បានបន្តឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី។
ពាក្យថា #seabournovation ក្លាយជានិន្នាការ (trending) លើបណ្ដាញសង្គម Twitter ក្នុងប្រទេសថៃ ខណៈអ្នកប្រើបណ្តាញសង្គមទាំងនោះ បានចោទជាសំណួរពាក់ព័ន្ធការអនុវត្តបទដ្ឋានខុសគ្នាក្នុងករណីនាវាទេសចរណ៍ Westerdam និងនាវា Seabourn Ovation ។
ចាប់តាំងពីចេញដំណើរពីក្រុងហុងកុង កាលពីថ្ងៃ០១ កុម្ភៈ នាវាទេសចរណ៍ Westerdam ដោយដឹកអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកបម្រើលើនាវា ៨០២ នាក់ ត្រូវបានបដិសេធដោយប្រទេសជប៉ុន កោះតៃវ៉ាន់ ហ្វីលីពីន កោះហ្កាម និងថៃ ដោយបារម្ភថា អាចមានអ្នកដំណើរជិះលើនោះ ឆ្លងជំងឺផ្លូវដង្ហើម COVID-19 ។ ជនជាតិថៃ ២១ នាក់ ក៏ស្ថិតលើនាវាទេសចរណ៍នេះផងដែរ។
កាលពីថ្ងៃពុធ ១២ ខែកុម្ភៈ ប្រទេសថៃ បានស្នើឲ្យអនុញ្ញាតនាវាទេសចរណ៍នេះចូលចតនៅកំពង់ផែ Laem Chabang ក្រោយពីប្រតិបត្តិករនាវានេះ បានដាក់សំណើសុំជំនួយពីអង្គការសុខភាពពិភពលោក និងរដ្ឋាភិបាលពាក់ព័ន្ធ។ យ៉ាងណាមិញ អាជ្ញាធរថៃ បានបដិសេធសំណើចូលចតរបស់នាវាទេសចរណ៍នេះវិញ ដោយលើកហេតុផលវិធានការការពារទុកជាមុនប្រឆាំងនឹងកូរ៉ូណាវីរុស។
ខណៈរដ្ឋាភិបាលថៃ និងបណ្តាប្រទេសនិងតំបន់ផ្សេងទៀតបដិសេធ រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យនាវា Westerdam នេះចូលចតនៅកំពង់ផែទឹកជ្រៅនៅក្រុង ព្រះសីហនុ ដោយលើកហេតុផលថា ដើម្បីបុព្វហេតុមនុស្សធម៌។ ក្រោយមកដល់ដែនទឹកកម្ពុជា សំណាកមនុស្ស២០នាក់នៅលើនាវានេះដែលមានរោគសញ្ញាក្អក និងក្អួតចង្អោរ ត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនទៅពិនិត្យធ្វើតេស្ត ហើយលទ្ធផល បានបង្ហាញថា ពួកគេ បានធ្វើតេស្តអវិជ្ជមានសម្រាប់វីរុសនេះ។ ខណៈពេលនេះអាជ្ញាធរកម្ពុជា កំពុងសម្របសម្រួលមនុស្សជាង២ពាន់នាក់លើនាវានោះចេញជាបន្តបន្ទាប់ទៅកាន់មាតុប្រទេសពួកគេរៀងៗខ្លួន៕
Tag:
ថៃ
កម្ពុជា
Westerdam
COVID19
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com