អន្តរជាតិ
ថៃ​រង​ការ​រិះគន់ថា ប្រើ​ស្តង់ដា​២ ក្រោយ​បដិសេធ Westerdam តែ​អនុញ្ញាត​នាវា​២​គ្រឿង​ផ្សេង​ចូល​ចត​
14, Feb 2020 , 12:21 pm        
រូបភាព
(ឆ្វេង) នាវាទេសចរណ៍ Seabourn Ovation ចតនៅផែ ភូកេត ថ្ងៃ១៣ ខែកុម្ភៈ (បាងកកប៉ុស្តិ៍) និង(ស្តាំ) នាវាទេសចរណ៍ Westerdam ចតនៅផែក្រុងព្រះសីហនុ ថ្ងៃ១៣ ខែកុម្ភៈ (AFP)
(ឆ្វេង) នាវាទេសចរណ៍ Seabourn Ovation ចតនៅផែ ភូកេត ថ្ងៃ១៣ ខែកុម្ភៈ (បាងកកប៉ុស្តិ៍) និង(ស្តាំ) នាវាទេសចរណ៍ Westerdam ចតនៅផែក្រុងព្រះសីហនុ ថ្ងៃ១៣ ខែកុម្ភៈ (AFP)
ដោយ:
អ្នកដំណើរ​និង​អ្នកបម្រើ​លើ​នាវា​ជាង​៤០០០​នាក់ មកពី​នាវា​ទេសចរណ៍​ចំនួន​ពីរ​គ្រឿង ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ចត​ក្នុង​កំពង់ផែ ភូ​កេ​ត (Phuket) ប្រទេស​ថៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែកុម្ភៈ​។ ក្រោយពី​មន្ត្រី​សុខាភិបាល​ថៃ បាន​អះអាងថា អ្នក​លើ​នាវា​ទាំងនោះ​គ្មាន​ផ្ទុក​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) វា​បង្ក​ជា​រិះគន់​ធ្ងន់ៗ​លើ​រដ្ឋាភិបាល​ថៃ​ពាក់ព័ន្ធ​ការអនុវត្ត​បទដ្ឋាន​ពីរ​ជាន់ បន្ទាប់ពី​នាវា​ទេសចរណ៍ MS Westerdam ត្រូវបាន​បដិសេធ​ឲ្យ​ចូល​ចត កាលពី​ថ្ងៃ​១២ ខែកុម្ភៈ​។



​នាវា​ទេសចរណ៍ Seabourn Ovation ពាក់​ទង់ជាតិ​បា​ហា​ម៉ា ដែល​ដឹក​អ្នកដំណើរ ៤៩៥​នាក់ និង​បុគ្គលិក​បម្រើ​លើ​នាវា ៤៧០​នាក់ បាន​ចូល​ចត​នៅ​កំពង់ផែ​ទឹក​ជ្រៅ ភូ​កេ​ត កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ នាវា​ទេសចរណ៍​នេះ បានធ្វើ​ដំណើរ​ចេញពី​កោះ Langkawi របស់​ប្រទេស​ម៉ាឡេស៊ី​។ មនុស្ស​លើ​នាវា ដែល​ភាគច្រើន​គឺជា​ជនជាតិ​អឺរ៉ុប ត្រូវបាន​ត្រួតពិនិត្យ​សុខភាព មុនពេល​អនុញ្ញាត​ដើរចេញ​ពី​នាវា​។

​តាម​ការចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃ​១៤ ខែកុម្ភៈ ប្រធានការិយាល័យ​ដែនសមុទ្រ​របស់​ភូ​កេ​ត  Wiwat Chidcherdwong បាន​បញ្ជាក់ថា អ្នកដំណើរ និង​បុគ្គលិក​បម្រើ​លើ​នាវា​ទាំងអស់ បានធ្វើ​តេស្ត​អវិជ្ជមាន​សម្រាប់​ជំងឺ​ផ្លូវដង្ហើម COVID-19 ។ នាវា​ទេសចរណ៍​ដែល​ដឹក​មនុស្ស​ជាង​១០០០​នាក់​នេះ បាន​ចត​នៅ​ភូ​កេ​ត​ប្រមាណ ១០ ម៉ោង មុនពេល​ចេញដំណើរ​ប​ន្ត​ទៅកាន់​សិង្ហ​បុរី​។

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​ម្នាក់ អ្នកស្រី Traisulee Traisoranakul បាន​អះអាងថា នាវា​ទេសចរណ៍ Seabourn Ovation បានអនុញ្ញាត​ឲ្យ​ចូល​ចត​ក្នុង​ទីក្រុង ហុងកុង​, វៀតណាម​, Laem Chabang ក្នុង​ខេត្ត ឈុន​បូរី ប្រទេស​ថៃ​, គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី និង កោះ Langkawi ម៉ាឡេស៊ី​។

​តាម បាងកក​ប៉ុស្តិ៍ អ្នកស្រី សង្កត់ធ្ងន់ថា វេជ្ជបណ្ឌិត​នៅលើ​នាវា​នេះ បាន​រាយការណ៍​ថា អ្នកដំណើរ និង​បុគ្គលិក​បម្រើ​លើ​នាវា​នេះ គ្មាន​ឃើញ​មាន​រោគសញ្ញា​នៃ​វីរុស ហើយ​ពួកគេ​ត្រូវបាន​តាមដាន​យ៉ាង​ដិតដល់​ខណៈ​នាវា​នេះ​ចត​នៅ​ភូ​កេ​ត អស់​ពេល​១០​ម៉ោង​។ លោកស្រី សង្កត់ធ្ងន់ថា នេះ​គឺជា​ភាពខុសគ្នា​ពី​នាវា​ទេសចរណ៍ MS Westerdam ដែល​បាន​ស្នើសុំ​ការអនុញ្ញាត​សម្រាប់​ការចត​អាសន្ន​មួយ ហើយ​ត្រូវបាន​បដិសេធ​ពី​សំណាក់​រដ្ឋាភិបាល​ថៃ និង​ប្រទេស​និង​តំបន់​៤​ផ្សេងទៀត​។

«​ប្រទេស​ថៃ គ្មាន​គោលនយោបាយ​ហាមឃាត់​នាវា​ណាមួយ​ពី​ការចូល​ចត​ឡើយ ក៏ប៉ុន្តែ​ឥឡូវនេះ ថៃ​មាន​វិធានការ​គ្រប់គ្រង​ជំងឺ (COVID-19) ហើយ​សុវត្ថិភាព​ពលរដ្ឋ​ថៃ គឺជា​អាទិភាព​មួយ​»​។ លោកស្រី​អ្នកនាំពាក្យ អះអាង​បែបនេះ​។

​ចំណែក​នាវា​ទេសចរណ៍​មួយ​ផ្សេងទៀត ឈ្មោះថា Quantum of the Seas ដែល​ដឹក​អ្នកដំណើរ​និង​បុគ្គលិក​បម្រើ​លើ​នាវា ៣១០០​នាក់ បាន​ចូល​ចត​នៅ​ភូ​កេ​ត​ផងដែរ ហើយ​អ្នក​ទាំងអស់ បានអនុញ្ញាត​ឲ្យ​ចុះ​ពី​នាវា​នេះ ក្រោយ​សីតុណ្ហភាព​ពួកគេ បានធ្វើ​តេស្ត​រួចរាល់​។ ក្រោយមក នាវា​នេះ បាន​បន្ត​ឆ្ពោះទៅកាន់​ប្រទេស​សិង្ហ​បុរី​។​

​ពាក្យ​ថា #seabournovation ក្លាយជា​និន្នាការ (trending) លើ​បណ្ដាញ​សង្គម Twitter ក្នុងប្រទេស​ថៃ ខណៈ​អ្នក​ប្រើ​បណ្តាញ​សង្គម​ទាំងនោះ បាន​ចោទ​ជា​សំណួរ​ពាក់ព័ន្ធ​ការអនុវត្ត​បទដ្ឋាន​ខុសគ្នា​ក្នុងករណី​នាវា​ទេសចរណ៍ Westerdam និង​នាវា Seabourn Ovation ។

​ចាប់តាំងពី​ចេញដំណើរ​ពី​ក្រុង​ហុងកុង កាលពី​ថ្ងៃ​០១ កុម្ភៈ នាវា​ទេសចរណ៍ Westerdam ដោយ​ដឹក​អ្នកដំណើរ ១៤៥៥​នាក់ និង​បុគ្គលិក​បម្រើ​លើ​នាវា ៨០២ នាក់ ត្រូវបាន​បដិសេធ​ដោយ​ប្រទេស​ជប៉ុន កោះ​តៃវ៉ាន់ ហ្វីលីពីន កោះ​ហ្កា​ម និង​ថៃ ដោយ​បារម្ភ​ថា អាចមាន​អ្នកដំណើរ​ជិះ​លើ​នោះ ឆ្លង​ជំងឺ​ផ្លូវដង្ហើម COVID-19 ។ ជនជាតិ​ថៃ ២១ នាក់ ក៏​ស្ថិត​លើ​នាវា​ទេសចរណ៍​នេះ​ផងដែរ​។

​កាលពី​ថ្ងៃ​ពុធ ១២ ខែកុម្ភៈ ប្រទេស​ថៃ បានស្នើ​ឲ្យ​អនុញ្ញាត​នាវា​ទេសចរណ៍​នេះ​ចូល​ចត​នៅ​កំពង់ផែ Laem Chabang ក្រោយពី​ប្រតិបត្តិ​ករ​នាវា​នេះ បានដាក់​សំណើសុំ​ជំនួយ​ពី​អង្គការ​សុខភាព​ពិភពលោក និង​រដ្ឋាភិបាល​ពាក់ព័ន្ធ​។ យ៉ាងណាមិញ អាជ្ញាធរ​ថៃ បាន​បដិសេធ​សំណើ​ចូល​ចត​របស់​នាវា​ទេសចរណ៍​នេះ​វិញ ដោយ​លើក​ហេតុផល​វិធានការ​ការពារ​ទុកជាមុន​ប្រឆាំងនឹង​កូ​រ៉ូ​ណាវី​រុស​។

​ខណៈ​រដ្ឋាភិបាល​ថៃ និង​បណ្តា​ប្រទេស​និង​តំបន់​ផ្សេងទៀត​បដិសេធ រដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឲ្យ​នាវា Westerdam នេះ​ចូល​ចត​នៅ​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ក្រុង ព្រះសីហនុ ដោយ​លើក​ហេតុផល​ថា ដើម្បី​បុព្វហេតុ​មនុស្សធម៌​។ ក្រោយ​មកដល់​ដែនទឹក​កម្ពុជា សំណាក​មនុស្ស​២០​នាក់​នៅលើ​នាវា​នេះ​ដែលមាន​រោគសញ្ញា​ក្អក និង​ក្អួតចង្អោរ ត្រូវបាន​អាជ្ញាធរ​កម្ពុជា​បញ្ជូនទៅ​ពិនិត្យ​ធ្វើតេស្ត ហើយ​លទ្ធផល បាន​បង្ហាញថា ពួកគេ បានធ្វើ​តេស្ត​អវិជ្ជមាន​សម្រាប់​វីរុស​នេះ​។ ខណៈពេល​នេះ​អាជ្ញាធរ​កម្ពុជា កំពុង​សម្របសម្រួល​ម​នុស្ស​ជាង​២​ពាន់​នាក់​លើ​នាវា​នោះ​ចេញ​ជា​បន្តបន្ទាប់​ទៅកាន់​មាតុប្រទេស​ពួកគេ​រៀងៗ​ខ្លួន​៕



 



Tag:
 ថៃ​
  កម្ពុជា​
  Westerdam
  COVID19
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com