ជាតិ
សង្គមជាតិ
ផ្សារឃ្លាំងរំសេវ នឹងត្រូវបិទ នៅខែមេសា២០២០ រូបភាពពីរាជធានីភ្នំពេញ
× ភ្នំពេញ៖ ផ្សារឃ្លាំងរំសេវ នឹងត្រូវបិទនៅថ្ងៃទី៣០ មេសា ឆ្នាំ២០២០ ដោយម្ចាស់ផ្សារ គឺឧកញ៉ា ស៊ី គង់ទ្រីវ ត្រូវការយកទីតាំងផ្សារនេះ អភិវឌ្ឍនិងសាងសង់អគារថ្មីសម្រាប់វិនិយោគ។ នេះបើតាមសេចក្តីជូនដំណឹង ចេញនៅថ្ងៃទី២៣ ខែមករា ដោយមេធាវីពីររូបរបស់ឧកញ៉ា ស៊ី គង់ទ្រីវ។
លោក ស៊ិន វ៉ាន់នី មេធាវីម្នាក់របស់ឧកញ៉ាស៊ី គង់ទ្រីវ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី១៤ ខែកុម្ភៈនេះថា៖«ការបិទផ្សារនេះ គឺសម្រាប់អភិវឌ្ឍនិងសាងសង់អគារថ្មី ដោយម្ចាស់ផ្សារ សហការជាមួយមជ្ឈមណ្ឌល ម៉ុង់ ឌីយ៉ាល់ និងអ្នកវិនិយោគផ្សេងទៀត»។
ទន្ទឹមនឹងនេះ លោកមេធាវី បញ្ជាក់ថា អាជីវករក្នុងផ្សារនេះ គឺបានផុតអាណត្តិនៃកិច្ចសន្យាជួល តាំងពីចុងឆ្នាំ២០១៨។ លោក បន្ថែមថា ពីខែកុម្ភៈ ដល់មេសា ឆ្នាំ២០២០ ម្ចាស់ផ្សារ មិនយកថ្លៃជួលតូបប្រចាំខែនោះទេ ហើយក៏មិនយកថ្លៃលើការប្រើអគ្គិសនីដែរ។
ជួសមុខឲ្យឧកញ៉ា ស៊ី គង់ទ្រីវ មេធាវីរូបនេះ បានប្រាប់អាជីវករនៅផ្សារឃ្លាំងរំសេវទាំងអស់ ឲ្យរកទីតាំងថ្មីរៀងខ្លួន។ លោក អះអាងថា ទីតាំងផ្សារនេះ នឹងត្រូវចាប់ផ្ដើមសាងសង់អគារថ្មីនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។ លោក លើកឡើងថា អាជីវករនៅផ្សារឃ្លាំងរំសេវទាំងអស់ មានប្រមាណ៥០០នាក់ ហើយមានតូបចំនួន៨០០តូប ដោយក្នុងនោះ ម្ចាស់តូបខ្លះ គ្រប់គ្រងតូបលើសពីមួយ។
ពាក់ព័ន្ធនឹងការបិទផ្សារនេះ អភិបាលខណ្ឌទួលគោក ឯក ឃុនដឿន ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា លោកមិនទាន់ទទួលព័ត៌មាននេះនៅឡើយទេ។ លោក និយាយថា៖«ខ្ញុំមិនទទួលបានព័ត៌មាននេះទេ គ្រាន់ឃើញនៅ មជ្ឈមណ្ឌល ម៉ុង ឌីយ៉ាល់ មានការរុំព័ទ្ធសាងសង់ឬជួសជុលថ្មី»។
ចំណែក លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ ក៏ប្រាប់ថា លោក មិនទទួលបានព័ត៌មាននេះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com