អន្តរជាតិ
ជប៉ុន នឹងចំណាយលុយជាង៩៣លានដុល្លារដើម្បីប្រយុទ្ធជាមួយ COVID-19 លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ។ រូបភាព៖ Reuters
× ជប៉ុន នាថ្ងៃទី១៤ កុម្ភៈ គ្រោងទឹកប្រាក់ប្រមាណជា ៩៣លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលបង្កដោយកូរ៉ូណាវីរុស បន្ទាប់ពីរកឃើញប្រជាជនរបស់ខ្លួនមានករណីស្លាប់ និងឆ្លដោយសារកូរ៉ូណាវីរុស។
បន្ទាប់ពីរកឃើញប្រជាជនរបស់ខ្លួនមានផ្ទុកជំងឺ COVID-19 ចំនួន ៣ករណី និងស្លាប់ ១ករណី ជប៉ុន បានសន្យាចេញវិធានការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង កូរ៉ូណាវីរុសនៅក្នុងប្រទេសបន្ថែមទៀត។ ក្នុងវិធានការទាំងនោះ រដ្ឋាភិបាល នឹងដកលុយប្រមាណជា ៩៣លានដុល្លារចេញពីថវិកាបម្រុងរបស់ប្រទេស ដើម្បីទប់ទល់វីរុសថ្មីនេះ។
បើតាមសម្តីរបស់លោក ស៊ិនហ្សូ អាបេ ប្រាប់អ្នកកាសែត រដ្ឋាភិបាលជប៉ុន នឹងសហការយ៉ាងជិតស្និតជាមួយរដ្ឋបាលថ្នាក់តំបន់ និងពន្លឿនការសាកល្បង និងវិធីព្យាបាលជំងឺ COVID-19 ដើម្បីទប់ស្កាត់ករណីឆ្លង។ ការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុនបែបនេះ គឺធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះក្រោយ កងស្វ័យការពារជប៉ុន បានដាក់ចេញវិធានការថ្មីៗមួយចំនួន ទប់ស្កាត់បញ្ហាឆ្លង និងករណីស្លាប់នៅក្នុងប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បើទោះបីជាជប៉ុនបានរកឃើញប្រជាជនរបស់ខ្លួន ៤ករណី ក្នុងនោះមានវេជ្ជបណ្ឌិតផង បានឆ្លងវីរុសប្រភេទថ្មីនេះក៏ដោយ ប៉ុន្តែរដ្ឋាភិបាលជប៉ុន មិនទាន់មានភស្តុតាងច្បាស់ទេ ថាតើមានករណីឆ្លងជាច្រើនឬក៏អត់នៅក្នុងប្រទេស។
សូមបញ្ជាក់ថា ពាក់ព័ន្ធជំងឺ COVID-19 នេះ រដ្ឋាភិបាលជប៉ុន បានបង្ខាំងទុកនាវាទេសចរណ៍ Diamond Princess ច្រើនថ្ងៃមកហើយ និងបានរកឃើញអ្នកជំងឺរហូតដល់ ២១៨ករណីឯណោះ ខណៈពេលនៅក្នុងប្រទេស ជប៉ុនបានរកឃើញ ៣៣ករណី។ ប៉ុន្តែនៅថ្ងៃទី១៤ ខែកុម្ភៈនេះ ជប៉ុនបានអនុញ្ញាតឲ្យអ្នកដំណើរចាស់ៗ ហើយអ្នករស់នៅក្នុងបន្ទប់បិទជិត អាចចាកចេញពីនាវាមុនថ្ងៃទី១៩ ខែកុម្ភៈបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com