អន្តរជាតិ
បុរស​ថៃ​ម្នាក់​បាញ់កាំភ្លើង​ជាច្រើន​គ្រាប់​នៅ​កណ្ដាល​ក្រុង​បាងកក សង្ស័យ​ព្រោះ​បញ្ហា​គ្រួសារ​
14, Feb 2020 , 3:31 pm        
រូបភាព
ប្រភពរូប៖ កាសែត បាងកកប៉ុស្តិ៍
ប្រភពរូប៖ កាសែត បាងកកប៉ុស្តិ៍
ដោយ:
​ស្នូរ​កាំភ្លើង​ជាច្រើន​គ្រាប់ បានឮ​រន្ថើន​នៅក្បែរ​សាកលវិទ្យាល័យ​មួយកន្លែង កណ្ដាល​ទីក្រុង បាងកក នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ កុម្ភៈ​។ កាំភ្លើង​ជាច្រើន​គ្រាប់ ត្រួវបាន​បាញ់​ដោយ​បុរស​ម្នាក់ ដែល​សង្ស័យថា មាន​បញ្ហា​គ្រួសារ​។ ហេតុការណ៍​បាញ់​ទាំង​ព្រលឹម​ស្រាងៗ​នេះ បាន​កើតឡើង​តិចជាង​១​សប្តាហ៍​ក្រោយ​ខ្មាន់កាំភ្លើង​បានសម្លាប់​មនុស្ស​២៩​នាក់​ក្នុង​ខេត្ត នគររាជ​សីមា ។

 
​ប៉ូលិស​ថៃ បាន​អះអាងថា បុរស​វ័យ​៤០​ឆ្នាំ​ម្នាក់ បាន​ផ្តើម​បាញ់កាំភ្លើង​ជាច្រើន​គ្រាប់​ទៅលើ​អាកាស​នៅក្រៅ​ហាង​ទំនិញ​របស់លោក​ប្រហែល​ម៉ោង ៤ ព្រឹក​។ បន្ទាប់​ចំណាយពេល​រាប់​ម៉ោង ចុងក្រោយ ប៉ូលិស បាន​ឈានដល់​ការចាប់ខ្លួន​បុរស​រូបនេះ នៅ​ម៉ោង​ប្រហែល​១០​ព្រឹក ហើយ​បញ្ជូនទៅ​ប៉ុស្តិ៍​ដើម្បី​ស៊ើបសួរ​បន្ត​។​
 
​តាម​ការចុះផ្សាយ​កាសែត​បាងកក​ប៉ុស្តិ៍ បុរស​រូបនេះ ត្រូវបាន​គេ​អះអាងថា មាន​វិបត្តិ​ផ្លូវចិត្ត​ព្រោះ​បញ្ហា​គ្រួសារ​។ បើតាម​អះអាង​របស់​ប្រធានការិយាល័យ​ប៉ូលិស​ក្រុង​បាងកក Phukphong Phongpetra បុរស​ថៃ​រូបនេះ​ត្រូវបាន​រាយការណ៍​ថា​បាញ់កាំភ្លើង​ទៅ​ទិសដៅ​ខុសៗ​គ្នា​។ យ៉ាងណាមិញ គ្មាន​អ្នករងរបួស​ឡើយ​ក្នុង​ហេតុការណ៍​។ ទោះជា​បែបនេះ ប៉ូលិស នឹង​បន្ត​បើក​ការស៊ើបអង្កេត​បន្ថែមទៀត​ដើម្បី​រក​មូលហេតុ​នៃ​ការបាញ់​នេះ​។ 
 
​ទោះបីជា​គ្មាន​អ្នកស្លាប់ ឬ​របួស​ណាមួយ​ក្តី ហេតុការណ៍​បាញ់​នេះ បាន​បង្ក​ជា​កង្វល់​ថ្មី​មួយ​ពាក់់ព័ន្ធ​ការចម្លង​សកម្មភាព​បាញ់ប្រហារ ខណៈ​វា​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​ការបាញ់រះ​ក្នុង​ខេត្ត នគររាជ​សីមា​។​
 
​កាលពី​ថ្ងៃ​៨ ខែកុម្ភៈ ទាហាន​ថៃ​ម្នាក់ បានសម្លាប់​មនុស្ស​២៩​នាក់ និង​របួស ៥៨​នាក់​ផ្សេងទៀត​ក្នុងការ​ហេតុការណ៍​បាញ់រះ​មួយ ដែល​កើតឡើង​នៅផ្ទះ​ឯកជន​មួយ​, បន្ទាយ​ទាហាន និង​ហាង​ទំនើប​មួយកន្លែង​។ ជនរងគ្រោះ​ក្មេង​បំផុត មាន​អាយុ ១៣​ឆ្នាំ​ភេទ​ប្រុស​។ ក្រោយមក ខ្មាន់កាំភ្លើង​រូបនេះ ត្រូវបាន​បាញ់សម្លាប់​ដោយ​ប៉ូលិស​ថៃ ហើយ​មូលហេតុ​នៃ​ការបាញ់ ត្រូវបាន​អះអាងថា គឺ​ដោយសារ​គំនុំ​ផ្ទាល់ខ្លួន​៕

Tag:
 ថៃ​
  បាងកក​
© រក្សាសិទ្ធិដោយ thmeythmey.com