កីឡាអន្តរជាតិ
អន្តរជាតិ
Pele ចេញមុខការពារខ្លួនថា មិនមានបញ្ហាផ្លូវចិត្តដោយសារជំងឺទេ
× វីរបុរសកីឡាបាល់ទាត់ប្រេស៊ីល Pele នៅថ្ងៃទី១៣ ខែកុម្ភៈ បានច្រានចោលសម្ដីកូនប្រុសបង្កើតដែលថាលោកមាន«បញ្ហាធ្លាក់ទឹកចិត្ត» និងឯកោ ដោយសារតែបញ្ហាត្រគាករបស់ខ្លួន។ Pele ប្រាប់អ្នកគាំទ្រថាលោកមានសុខសប្បាយធម្មតាទេ និងមមាញឹកនឹងការចូលរួមកម្មវិធីផ្សេងៗផង។
លោក Edinho កូនប្រុសបង្កើតរបស់ Pele ធ្លាប់បានប្រាប់ GloboEsporte.com ថា ឪពុករបស់គេហាក់ដូចជាមានអារម្មណ៍ថា «មានបញ្ហាធ្លាក់ទឹកចិត្ត» និងមិនចង់ចាកចេញពីក្នុងផ្ទះ ដោយសារតែបញ្ហាត្រគាកក្រោយការវះកាត់រួចមក។
ស្តេចបាល់ទាត់ប្រេស៊ីលវ័យ៧៩ឆ្នាំ បានរងទុក្ខនឹងបញ្ហាត្រគាកយូរមកហើយ ដែលតម្រូវឲ្យលោកធ្វើលំហាត់ប្រាណដោយការដើរ។ មួយវិញទៀត ដោយសារតែជំងឺនេះ នៅពេលភាគច្រើន Pele បង្ហាញខ្លួនក្នុងកម្មវិធីដោយស្ថិតលើរទេះរុញ។
បដិសេធនឹងអ្វីដែលបានលើកឡើងខាងលើ បុរសដែលជួយប្រេស៊ីលលើកពាន World Cup ៣លើកនេះ អះអាងថាខ្លួនមានសភាពល្អធម្មតាទ។ «ខ្ញុំទទួលស្គាល់ថារាងកាយរបស់ខ្ញុំចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃទៅតាមធម្មជាតិ ប៉ុន្តែ ខ្ញុំនៅតែអាចគ្រប់គ្រងបាល់បាននៅឡើងយ»។ ជាធម្មតាទេ ថ្ងៃខ្លះខ្ញុំជា ហើយថ្ងៃខ្លះក៏ឈឺ។ នោះជារឿងធម្មតាសម្រាប់មនុស្សដែលមានអាយុស្របាលខ្ញុំនេះ។ នេះជាការបញ្ជាក់របស់លោក Pele។
Pele ដែលត្រូវបានគេចាត់ទុកថាជាកំពូលកីឡាបាល់ទាត់លើលោក បានចំណាយពេល ១៨ ឆ្នាំជាមួយក្រុម Santos ដោយបង្ហាញខ្លួន ១២៨១ ប្រកួត និងស៊ុតបាល់បញ្ចូលទីចំនួន១០៩១គ្រាប់។ កំណត់ត្រាស៊ុតបញ្ចូលទីដ៏ច្រើនសន្ធឹកនេះ នៅមិនទាន់មានកីឡាករណាអាចធ្វើបាននៅឡើយនោះទេមកទល់សព្វថ្ងៃ។
នៅឆ្នាំ ២០២០ នេះនឹងមានពិធីប្រារព្ធខួបលើកទី ៥០ នៃការឈ្នះពានកីឡាបាល់ទាត់ពិភពលោកលើកទី៣ របស់ Pele ដែលបានឈ្នះនៅម៉ិចស៊ិកក្នុងឆ្នាំ១៩៧០ ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com