អន្តរជាតិ
វៀតណាម បដិសេធ​នាវា​អាល្លឺម៉ង់​មួយគ្រឿង​ឲ្យ​ចូល​ចត​ព្រោះ​បារម្ភ COVID-19
14, Feb 2020 , 9:59 pm        
រូបភាព
នាវាទេសចរណ៍ Aida Vita  (វេបសាយ Cruisemapper.com)
នាវាទេសចរណ៍ Aida Vita (វេបសាយ Cruisemapper.com)
ដោយ:
​មាន​អ្នកដំណើរ​អឺរ៉ុប​ជិះ​ជាង​១១០០​នាក់ នាវា​ទេសចរណ៍ Aida Vita ត្រូវបាន​បដិសេធ​មិន​ឲ្យ​ចូល​ចត​ក្នុង​ខេត្ត Quảng Ninh ប្រទេស​វៀតណាម ព្រោះ​ព្រួយបារម្ភ​ថា អាចមាន​អ្នកដំណើរ​ឆ្លង​ជំងឺ​ផ្លូវដង្ហើម COVID-19 ។ ក្រោយ​ពុំ​អាច​ចូល​ចត​នៅ​វៀតណាម​បាន នាវា​ទេសចរណ៍​នេះ នឹងធ្វើ​ដំណើរ​បន្ត​ទៅកាន់​ប្រទេស​ថៃ ដែល​ចំណត​បន្ទាប់​របស់ខ្លួន​។​

 
​នាវា​ទេសចរណ៍​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ AIDA Cruises បានកំណត់​ពេល​ចូល​ចត​ក្នុង​កំពង់ផែ Cai Lan ក្នុង​ក្រុង Ha Long កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ កុម្ភៈ​។ យ៉ាងណាមិញ អាជ្ញាធរខេត្ត Quảng Ninh ដែលមាន​ព្រំដែន​ជាប់​ប្រទេស​ចិន បាន​បដិសេធ​ផ្តល់​ការអនុញ្ញាត​សម្រាប់​ការចូល​ចត​របស់​នាវា​ទេសចរណ៍​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អន​ឡាញ​ជា​ភាសា​អង់គ្លេស Vietnam Express ។​
 
​នាវា​ទេសចរណ៍​នេះ បានធ្វើ​ដំណើរ​ចេញពី​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃ​១៧ ខែមករា ហើយ​ចាប់ពីពេលនោះ​មក បាន​ចូល​ចត​កំពង់ផែ​ចំនួន​៩​។ ហើយ​ក្នុងនោះ​ចំណោម​ផែ​ទាំងនេះ គឺ​មិនមែន​នៅក្នុង​ប្រទេស​ចិនដីគោក ដែល​ចំណុច​ផ្តើម​នៃ​ការផ្ទុះ​រាលដាល់​ជំងឺ COVID-19 ឬ​ហុងកុង​ឡើយ​។  
 
​ទោះបីជា​នាវា​នេះ ពុំ​ធ្លាប់មាន​ប្រវត្តិ​ចូល​ចត​ក្នុង​តំបន់​ដែលមាន​ផ្ទុះ​វិបត្តិ​វីរុស​ឆ្លង អាជ្ញាធរ​វៀតណាម​នេះ បាន​បកស្រាយ​ថា ការសម្រេចចិត្ត​ពួកគេ​ក្នុងការ​បដិសេធ​បែបនេះ គឺ​ផ្អែកលើ​ស្ថានភាព នាវា​ទេសចរណ៍​ផ្សេងទៀត នៅ​ជប៉ុន ឈ្មោះថា Diamond Princess ដែល​អ្នកដំណើរ​ជិះ​លើ​នាវា​នេះ បាន​ឆ្លង​ជំងឺ COVID-19​។ 
 
​នាវា Diamond Princess ត្រូវបាន​ដាក់​ឲ្យ​ដាច់ដោយឡែក​នៅក្បែរ​ផែ​ជប៉ុន​នៃ​តំបន់ Yokohama ចាប់តាំងពី​ថ្ងៃទី​៣ ខែកុម្ភៈ​មកម្ល៉េះ ក្រោយពី​បុរស​ម្នាក់​ដែល​ចុះ​ពី​នាវា​នេះ​ក្នុង​ក្រុង​ហុងកុង បានធ្វើ​តេស្ត​វិជ្ជមាន​សម្រាប់​វីរុស​នេះ​។ បច្ចុប្បន្ន ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម COVID-19 ២១៨ នាក់ ត្រូវបាន​រកឃើញ​លើ​នាវា​នេះ​។​
 
​ដោយឡែក អ្នកនាំពាក្យ​ក្រុមហ៊ុន​អាល្លឺម៉ង់ AIDA Cruises បាន​អះអាងថា​៖«​គ្មាន​ករណី​សង្ស័យ ឬ​ករណី​កូ​រ៉ូ​ណា​វីរុស​រកឃើញ​ណាមួយ​លើ​នាវា Aida Vita ឡើយ​»​។ អ្នកដំណើរ​លើ​នាវា​មាន​ជិត ១១០០ ហើយ​ភាគច្រើន​មកពី​ប្រទេស​អាល្លឺម៉ង់ ហើយ​បុគ្គលិក​បម្រើ​លើ​នាវា មាន​៤០០​នាក់​។ ក្រុមហ៊ុន សង្កត់ធ្ងន់ថា គ្មាន​ភ្ញៀវ ឬ​បុគ្គលិក​បម្រើ​លើ​នាវា​ណាមួយ ធ្លាប់បាន​ទៅក្នុង​ប្រទេស​ចិន​ក្នុង​រយៈពេល​២​សប្តាហ៍​ចុងក្រោយ​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន AP​។​
 
​ចំណត​បន្ទាប់​របស់​នា​វា​ទេសចរណ៍ Aida Vita នេះ គឺ​កំពង់ផែ​ថៃ Laem Chabang ខេត្ត​ឈុន​បុរី ។ ក្រុមហ៊ុន​ម្ចាស់​នាវា​នេះ បានបញ្ជាក់​បែបនេះ ដោយ​អះអាង​ទៀតថា នាវា​នេះ នឹង​ឆ្ពោះទៅកាន់​កោះ Samui ប្រទេស​ថៃ ហើយ​បន្តដំណើរ​កាត់​ក្រុង​ផែ Port Klang និង Malacca ឆ្ពោះទៅកាន់​ប្រទេស​សិង្ហ​បុរី ។ នៅទីនេះ គឺ​បញ្ចប់​ដំណើរ​កម្សាន្ត​ដែល​បានគ្រោង​ទុក នា​ថ្ងៃ​២៣ ខែកុម្ភៈ​។ យ៉ាងណាមិញ អាជ្ញាធរ​ថៃ​ប្រចាំ​ផែ Laem Chabang ពុំទាន់​បញ្ជាក់​ពី​ការអនុញ្ញាត​នៅឡើយ​ទេ​៕

Tag:
 វៀតណាម​
  នាវា​ទេសចរណ៍​
  កូ​រ៉ូ​ណាវី​រុស​
  COVID19
© រក្សាសិទ្ធិដោយ thmeythmey.com