អន្តរជាតិ
ICAO៖ COVID-19 អាចធ្វើ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ខាតបង់​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​
14, Feb 2020 , 10:59 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ (ICAO) នា​ថ្ងៃទី​១៣ ខែកុម្ភៈ បាន​ប៉ាន់ប្រមាណ​ថា ក្នុង​រយៈពេល ៣​ខែ​ដំបូង នៃ​ឆ្នាំ​២០២០ ក្រុមហ៊ុន​អាកាសចរណ៍ អាច​បាត់បង់​ប្រាក់ចំណេញ​រហូតដល់​ទៅ ៤ ឬ​៥​ពាន់​លាន​ដុល្លារ ដោយសារតែ​ជំងឺ COVID-19 ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​។


 
​ចាប់តាំងពី​ថ្ងៃ​ផ្ទុះ​ជំងឺ COVID-19 នៅ​ចិន​មក ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​៧០ បាន​លុបចោល​ជើងហោះហើរ​ចេញចូល​ប្រទេស​ចិន​ទាំងអស់ ខណៈពេល​ក្រុមហ៊ុន​អាកាសចរណ៍ ៥០​ផ្សេងទៀត បាន​កាត់បន្ថយ​ជើងហោះហើរ​របស់ខ្លួន​។ អង្គការ​អាការ​ចរណ៍​ស៊ីវិល​អន្តរជាតិ​វាយតម្លៃ​ជាបឋម​ថា ក្រុមហ៊ុន​អាកាសចរណ៍ អាច​បាត់បង់​អ្នកដំណើ​រ​ជាង ២០​លាន​នាក់ បើ​ធៀប​នឹង​ការរំពឹងទុក​។ ក្នុង​រយៈពេល ៣​ខែ​ដំបូង​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល អាច​បាត់បង់​ចំណូល​សរុប​រហូតដល់​ទៅ ៥​ពាន់​លាន​ឯណោះ​។​
 
ICAO បាន​ប៉ាន់ប្រមាណ​មុន​កូ​រ៉ូ​ណាវី​រុស​ផ្ទុះឡើង​ថា អ្នកដំណើរ​តាម​ជើងយន្តហោះ​ទៅ និង​មកពី​ចិន នឹង​កើនឡើង​រហូតដល់​ទៅ ៩​ភាគរយ ក្នុង​ឆ្នាំ ២០២០ បើ​ធៀប​ទៅនឹង​ឆ្នាំ ២០១៩ ក្នុង​រយៈពេល ៣​ខែ​ដំបូង​នេះ​។ ផ្ទុយទៅវិញ ចំនួន​អ្នកដំណើរ​ជនបរទេស បាន​កាត់បន្ថយ​រហូត​ទៅ ៨០​ភាគរយ​ឯណោះ ដោយសារតែ​ជំងឺ COVID-19 ដែល​បាន​ផ្ទុះឡើង​នា​ចុងឆ្នាំ ២០១៩​។ 
 
​ប្រទេស ដែល​ទទួលរង​ផលប៉ះពាល់​ពី​ការកាត់បន្ថយ​អ្នកដំណើរ​ចិន​ច្រើនជាងគេ គឺ​ជប៉ុន និង​ថៃ នៅក្នុង​រយៈពេល ៣​ខែ​ដំបូង​នេះ​។ គ្រាន់តែ​ជប៉ុន បាន​បាត់​ចំណូល​ពី​វិស័យ​ទេសចរណ៍ ១,២៩​ពាន់​លាន​ដុល្លារ ហើយ​ថៃ អាច​បាត់​ចំណូល​ក្នុង​វិស័យ​ទេសចរណ៍​រហូតដល់ ១,១៥​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​រប​ស់​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​។ 
 
​កន្លងមក ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​ជំងឺ COVID-19 រដ្ឋាភិបាល​ចិន បានសម្រេច​បិទ​ទីក្រុង​វូ​ហាន នៃ​ខេត្ត​ហ៊ូ​ប៉ី និង​រឹតត្បិត​ការធ្វើដំណើរ​នៅក្នុង​ក្រុង​ផ្សេងទៀត​។ ចំណែក​អង់គ្លេស អាល្លឺម៉ង់ អាមេរិក ជប៉ុន ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាជន​របស់ខ្លួន កុំ​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ICAO បាន​វាយតម្លៃថា ជំងឺ COVID-19 អាច​ជះ​ផល​អ​វិ​ជ្ជ​យ៉ាងខ្លាំង​ដល់​វិស័យ​អាកាសចរណ៍ ជាង​ជំងឺ SARS ដែល​បាន​ផ្ទុះឡើង​នៅ​ចិន កាលពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ​២០០៣ ទៅទៀត ព្រោះ​ពេលនេះ ជើងយន្តហោះ​ចេញ និង​ចូល​ប្រទេស​ចិន​ជាច្រើន​ខ្សែ ត្រូវបាន​គេ​លុបចោល​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com