អ្នកដំណើរ​លើ​នាវា Westerdam បាន​បញ្ជូនមក​ព្រលានយន្តហោះ​ភ្នំពេញ ដើម្បី​ឆ្ពោះទៅ​ប្រទេស​រៀងខ្លួនៗ​
ជាតិ
អ្នកដំណើរ​លើ​នាវា Westerdam បាន​បញ្ជូនមក​ព្រលានយន្តហោះ​ភ្នំពេញ ដើម្បី​ឆ្ពោះទៅ​ប្រទេស​រៀងខ្លួនៗ​
14, Feb 2020 , 5:14 pm        
រូបភាព
អ្នកដំណើរលើនាវា Westerdam
អ្នកដំណើរលើនាវា Westerdam
​ភ្នំពេញ​៖ ដូច​ការគ្រោងទុក កម្ពុជា​បានរៀបចំ​ឱ្យ​អ្នកដំណើរ​លើ​នាវា​ទេសចរណ៍​អាមេរិក ឈ្មោះ Westerdam ធ្វើដំណើរ​ទៅ​ប្រទេស​រៀងខ្លួន​របស់​ពួកគេ នៅ​ព្រឹក​ថ្ងៃទី​១៤ កុម្ភៈ​នេះ ។ នាវា Westerdam ទទួលបាន​ការអនុញ្ញាត​ឱ្យចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៣ កុម្ភៈ​។​


 
​អ្នកដំណើរ​ជាច្រើន​នាក់ បាន​ចាក​ចេញពី​នាវា Westerdam ដោយមាន​ការស្វាគមន៍​អម​ជាមួយនឹង​ផ្កា និង​ក្រមា ពី​នាយករដ្ឋមន្ត្រី​កម្ពុជា​ផងដែរ ។ នា​ម៉ោង​៨​ព្រឹក ភ្ញៀវទេសចរ​ប្រមាណ​ជា​១១៩​នាក់ បានធ្វើ​ដំណើរ​ចេញពី​ព្រលានយន្តហោះ​កងកេង​នៃ​ខេត្ត​ព្រះសីហនុ មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង​៩៖២០ នាទី​។ ចុះ​ពីលើ​យន្តហោះ​ភ្លាម អ្នកដំណើរ​ទាំងនោះ បង្ហាញ​ទឹកមុខ​សប្បាយរីករាយ និង​អរគុណ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​មិន​រើសអើង​លើ​ពួកគេ ហើយ​រៀបចំ​ឱ្យ​ពួកគេ​ធ្វើដំណើរ​ទៅ​ប្រទេស​រៀងខ្លួន​វិញ​។​
 
​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

 
 
​អ្នកដំណើរ​មកពី​កាណាដា​ម្នាក់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សកម្មភាព​របស់​រដ្ឋា​ភិ​បាល​កម្ពុជា គឺ​បង្ហាញ​ពី​ទឹកចិត្ត​ដ៏​ល្អ និង​យកចិត្តទុកដាក់​លើ​មនុស្សជាតិ ដែល​កំពុង​ជួប​ការលំបាក​។ «​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រីករាយ​ណាស់ ដែល​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាតឱ្យ​មកកាន់​ព្រលានយន្តហោះ ចុះ​ពី​នាវា​ដើរ​លើដី​គោក ហើយ​ថែម​រៀបចំ​ឱ្យ​ខ្ញុំ​ទៅ​ប្រទេស​កំណើត​វិញ​ជាធម្មតា ដោយ​គ្មាន​បញ្ហា​អ្វី​។ ខ្ញុំ​សូម​អរគុណ​កម្ពុជា​…​។ នៅពេលនេះ ខ្ញុំ​ចង់​និយាយថា​ខ្ញុំ​ស្រលាញ់​កម្ពុជា ព្រោះ​រដ្ឋាភិបាល​កម្ពុ​ជាមាន​ទឹកចិត្ត​ល្អ ហើយ​យើង​មាន​មោទកភាព​ណាស់​ចំពោះ​កម្ពុជា​»​។ អ្នកដំណើរ​ពី​ប្រទេស​កាណាដា បាន​និយាយ​បែបនេះ​។​
 
​នៅ​ព្រឹក​ថ្ងៃទី​១៤ កុម្ភៈ កម្ពុជា បានអនុញ្ញាត​ឱ្យ​អ្នកដំណើរ​លើ​នាវា Westerdam ប្រមាណ​ជា​៥០០​នាក់ ដែលមាន​សុខភាព​ល្អ​ប្រក្រតី ធ្វើដំណើរ​ទៅកាន់​ប្រទេស​រៀងខ្លួន​របស់​ពួកគេ តាម​ជើងហោះហើរ​ចំនួន​៥​ជើង ដោយ​ក្នុង​២​ជើងហោះហើរ​ទៅ​ប្រទេស​គោលដៅ​ផ្ទាល់ និង​ជើងហោះហើរ​ចំនួន​៣​ទៀត គឺ​តាមរយៈ​ការផ្ទេរ (Transit)​។ នេះ​បើតាម​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​។​
 
​រដ្ឋាភិបាល បានសម្រេច​ឱ្យ​នាវា​ទេសចរណ៍​អាមេរិក ដែលមាន​ឈ្មោះថា Westerdam ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១៣ កុម្ភៈ​នេះ ក្រោយពី​ប្រទេស និង​កោះ​ចំនួន​៥ បាន​បដិសេធ​លើ​ការស្នើសុំ​ចត​របស់​ក្រុមហ៊ុន Holland America Line​។ ក្នុងនោះ​រួមមាន ជប៉ុន តៃវ៉ាន់ កោះ​ហ្គា​ម ហ្វីលីពីន និង​ថៃ ដែល​មិន​អនុញ្ញាតឱ្យ​នាវា​ទេសចរណ៍​ចូល​ចត​ឡើយ ដោយសារ​បារម្ភ​ពី COVID-19​។​
 
​មូល​ហេតុដែល​រដ្ឋាភិបាល​សម្រេច​ឱ្យ​នាវា​អាមេរិក​ចូល​ចត​នេះ ក្រោម​ហេតុផល​ថា ជួយសង្គ្រោះ​មនុស្សជាតិ និង​បង្ហាញ​ពី​សកម្មភាព​មនុស្សធម៌ ជាពិសេស​លុបបំបាត់​ភាពភ័យខ្លាច​របស់​ពល​រដ្ឋ លើ​បញ្ហា​ជំងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19​។​
 
​មនុស្ស​នៅលើ​នាវា​នោះ មាន​ជាង​២២០០​នាក់ ក្នុងនោះ​អ្នកដំណើរ​១៤៥៥​នាក់ មាន​ជាង​៤០​សញ្ជាតិ និង​បុគ្គលិក​បម្រើ​ការងារ​តាម​ផ្នែក​លើ​នាវា ៨០២​នាក់​។ អ្នកទេសចរ​ដែល​ច្រើនជាងគេ​មាន អាមេរិក​មាន​៦៥១​នាក់ កាណាដា ២៧១​នាក់ អង់គ្លេស ១២៧​នាក់ ហូ​ឡង់​៩១​នាក់ អូស្ត្រាលី​៧៩​នាក់ អាល្លឺម៉ង់​៥៧​នាក់​...៕

Tag:
 Westerdam
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com