ជាតិ
អភិបាលខេត្ត​សៀមរាប​ឲ្យ​អ្នកកាសែត​ជួយ​ថត​អ្នក​ចោល​សំរាម​ផង កុំ​ថត​តែ​សំរាម​
14, Feb 2020 , 9:39 pm        
រូបភាព
លោក ទៀ សីហា ក្នុងកិច្ចប្រជុំពាក់ព័ន្ធវិស័យទេសចរណ៍នៅថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២០។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
លោក ទៀ សីហា ក្នុងកិច្ចប្រជុំពាក់ព័ន្ធវិស័យទេសចរណ៍នៅថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២០។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
​សៀមរាប​៖ អភិបាលខេត្ត​សៀមរាប ហាក់​មិន​ពេញចិត្ត​ទាល់តែសោះ​ចំពោះ​សារព័ត៌មាន​ដែល​តែង​ចុះផ្សាយ​ពី​បញ្ហា​សំរាម​ក្នុង​ក្រុង​សៀមរាប និង​បន្ទោស​អាជ្ញាធរ​ថា​មិនបាន​អើពើ​។ លោក ទៀ សីហា ពន្យល់ថា ក្រុមមន្ត្រី​របស់លោក​បាន​ធ្វើ​ការងារ​ជាច្រើន​ដើម្បី​ប្រមូល​សំរាម និង​សម្អាត​បរិស្ថាន​ក្នុង​ក្រុង​សៀមរាប តែ​ទប់​មិន​ឈ្នះ​អ្នក​ចោល​។ ចំណុច​នេះ លោក​សុំ​អ្នកសារព័ត៌មាន​ជួយ​សហការ​ថតរូប​អ្នក​បោះចោល​សំរាម​នោះ​ផង កុំ​ថត​តែ​រូបភាព​សំរាម​។​

 
​ក្នុង​កិច្ចប្រជុំ​ជាមួយ​វិស័យ​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​នៅ​រសៀល​ថ្ងៃទី​១០ កុម្ភៈ លោក ទៀ សីហា បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖« ខ្ញុំ​សូម​អំពាវនាវ សូម​មេ​ត្ដា​ជួយ​សហការគ្នា​ក្នុងការ​ផ្សព្វផ្សាយ សាមគ្គី​គ្នា​ជួយ​ជំរុញ​ផ្សព្វផ្សាយ​ឱ្យ​ទេសចរណ៍​សៀមរាប​បាន​កើនឡើង​តាមរយៈ​ការនិយាយ​ចំណុច​ល្អ​ពី​សៀមរាប​នេះ ជាពិសេស​អ្នកសារព័ត៌មាន​សុំ​ថា តូចតាច​ទេ​សុំ​ជួយ​ថត​អ្នក​ដែល​ចោល​សំរាម​ផង កុំ​ថត​តែ​សំរាម ដែល​ពោរពេញ​ក្នុង​ប្រជុំជន ឬ​តំបន់​ទេសចរណ៍ តើ​សំរាម​ដែល​រ៉ា​យ​ប៉ាយ តើ​អ្នក​ខុស​ជា​អ្នកណា​គេ​? ហើយ​មួយៗ​តែង​បន្ទោស​អាជ្ញាធរខេត្ត និង​អប្សរា យើង​សម្អាត​ណាស់ សម្អាត​រាល់ថ្ងៃ តែ​អ្នក​ចោល​នៅតែ​ចោល ឥឡូវ​សុំ​ទៅ ទៅ​ថត​អ្នក​ចោល​ម្ដង​ទៅ ឱ្យដឹង​មើល៍ ពី​ណា​ខុសពី​ណា​ត្រូវ​...»​។​
 
​សូម​ស្ដាប់​ប្រសាសន៍​របស់លោក ទៀ សីហា ដូចតទៅ​៖
 

Tag:
 សំរាម​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com