ភ្នំពេញ៖ កសិករដាំមានប៉ៃលិនឬតាង៉ែន នៅខេត្តប៉ៃលិន អំពាវនាវឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាទីផ្សារតាង៉ែន ដោយសារទីផ្សារចិននិងថៃ បិទមិនទទួលទិញ។ ការរឹតត្បិតទីផ្សាររបស់ថៃនិងចិននេះ ដោយសារកម្ពុជាគ្មាកិច្ចសន្យាទិញលក់ដោយផ្ទាល់ជាមួយបណ្ដាប្រទេសផ្សេងទៀតឡើយ។ លើសពីនេះ ប្រទេសចិនកំពុងផ្ទុះមេរោគ COVID-19 ហើយទីផ្សារធំរបស់កម្ពុជានិងថៃ គឺចិនតែមួយ។ ជាមួយគ្នាដែរ សមាគមមានប៉ៃលិន ស្នើឲ្យរដ្ឋាភិបាលជួយពន្លឿននីតិវិធីឬធ្វើកិច្ចសន្យាទិញលក់រវាងចិន ព្រោះអាចជួយសម្រួលដល់បញ្ហាទីផ្សាររបស់ប្រជាកសិករ។
កសិករដាំមានប៉ៃលិន នៅភូមិទឹកថ្លា សង្កាត់ប៉ាហ៊ី ខេត្តប៉ៃលិន អ្នកស្រី តៀម ហៀង បានផ្ដល់កិច្ចសម្ភាសន៍ដល់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា អ្នកស្រីជួលដី៨កន្លែងនិងមានចម្ការផ្ទាល់២កន្លែង។ ប៉ុន្តែឆ្នាំនេះ អ្នកស្រី ធ្វើតែ៦កន្លែងប៉ុណ្ណោះ ដោយសារមានបញ្ហារឹតត្បិតទីផ្សារនាំទៅថៃ តាំងពីអំឡុងខែកញ្ញា ឆ្នាំ២០២០។
ស្ថានភាពទីផ្សារមានប៉ៃលិន កាន់តែយ៉ាប់យឺន នៅពេលផ្ទុះមេរោគ COVID-19 ហើយចម្ការទាំង៦ របស់អ្នកស្រី គឺគ្មានអ្នកបញ្ជាទិញឡើយ រហូតដល់ជិតប្រមូលផលនៅអំឡុងខែមេសា ឆ្នាំ២០២០។ ស្ត្រីវ័យ៤៨ឆ្នាំរូបនេះ ដែលដាំមានប៉ៃលិនអស់រយៈពេលជាង១០មកហើយនោះ បានជួលដីក្នុងតម្លៃ៣០០០ទៅ៤០០០ដុល្លារក្នុងមួយកន្លែង ដែលមានជាង៥០០ទៅ១០០០ដើម។
យ៉ាងណាក៏ដោយ កាលពីឆ្នាំមុនៗ អ្នកស្រី ហៀង មិនបានជួបបញ្ហាទីផ្សារឡើយ ព្រោះបានចុះកិច្ចសន្យាជាមួយសមាគមមានប៉ៃលិន ក្នុងតម្លៃប្រមាណ៤០០០រៀលក្នុង១គីឡូក្រាម។ អ្នកស្រី និយាយថា៖«ទីផ្សារគឺថៃបិទតាំងពីខែ៩ឆ្នាំមុនមក បើកតិចៗពេលគេមិនសូវមាន ពិបាកណាស់ ទើបខ្ញុំមិនធ្វើច្រើន។ រាល់ឆ្នាំឲ្យតែពេលមានប៉ៃលិនចេញផ្កាឬក្ដឹប មានគេមកកក់លុយហើយ។ ឥឡូវតាំងពីផ្ទុះកូរ៉ូណាវីរុសនៅចិនមក ចិនក៏បិទ ថៃក៏ផ្អាកទិញ»។
អ្នកស្រីបន្ថែមថា រាល់ឆ្នាំសមាគមមានប៉ៃលិនតែងតែចុះទៅកក់លុយ។ ចុងឆ្នាំ២០១៩និងឆ្នាំ២0២0នេះ លោកស្រីបានទាក់ទងទៅសមាគមដើម្បីចុះកិច្ចសន្យា តែភាគីសមាគមថា មិនទទួលវិញ ដោយលើកឡើងថា ហួសពេលនៃការធ្វើកិច្ចសន្យា។
បើគ្មានអ្នកបញ្ជាទិញមួយកន្លែងៗ បូកទាំងកម្មករគ្រប់យ៉ាង អ្នកស្រីខាតប្រហែល២ម៉ឺនដុល្លារ (ក្នុង១រដូវ)។ អ្នកស្រីស្នើឲ្យ អ្នកពាក់ព័ន្ធទាំងអស់ ជួយដោះស្រាយព្រោះបញ្ហាទីផ្សារនេះ មុនពេល មានប៉ៃលិន មិនទាន់ខូច។
លោក ចំរើន ប្រធានផ្នែកទីផ្សាររបស់សមាគមមានប៉ៃលិន
«មិនទាន់មានអ្នកចុះមកសួរបញ្ហាទេ ខ្ញុំសង្វាតយូរហើយ ប្រហែល៣ខែមុនខ្ញុំបានទៅសួរមេភូមិនិងចៅសង្កាត់ទៀត ឲ្យជួយដោះស្រាយផង ធ្វើយ៉ាងឲ្យបាននាំមានប៉ៃលិនចេញបាន ពលរដ្ឋមានតែចម្ការប៉ុណ្ណឹងទេ...ឥឡូវសុំឲ្យមន្ត្រីពាក់ព័ន្ធរដ្ឋាភិបាលជួយដោះស្រាយផង អ្នកដាំមានប៉ៃលិនដាំម្នាក់ៗរាប់ហិកតា»។ នេះជាការលើកឡើងរបស់អ្នកស្រី ហៀង។
រីឯលោក ស សម្បូរណ៍ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានចម្ការមានប៉ៃលិន២០ហិកតា បាននិយាយថា ស្ថានភាពទីផ្សារឆ្នាំនេះ គឺខុសពីឆ្នាំមុនៗ ដោយសព្វថ្ងៃមានអ្នកដើរទិញរាយ តម្លៃ១០០០ទៅ១៥០០រៀល សម្រាប់យកលក់បន្ត ប៉ុន្តែបើឲ្យបញ្ជាទិញដូចកាលពីមុនទាំងចម្ការ គឺគ្មាននោះទេ។ លោក បន្តថា នៅដើមខែមីនានេះ តាង៉ែរបស់លោក ដល់ពេលកាត់ហើយ ប្រសិនបើគ្មានអ្នកបញ្ជាទិញ គឺត្រូវខូច។
លោក រៀបរាប់ថា៖«តាង៉ែនជាង២០ហិកតានេះ អាចប្រមូលផលបានប្រហែល១០០តោន មិនងាយលក់រាយតិចៗឯណា តាង៉ែនរាប់រយតោន បើគ្មានអ្នកបញ្ជាទិញគឺខូច។ ខ្ញុំសុំឲ្យមន្ត្រីពាក់ព័ន្ធ ជួយដោះស្រាយ ព្រោះថៃបិទមិនទិញ មិនដឹងលក់នៅឯណាទេ។ បើគ្មានទីផ្សារ ដំណាំនឹងត្រូវខូច»។
លោក សម្បូរណ៍ ដែលមានវ័យ២៨ឆ្នាំ អះអាងថា រាល់ឆ្នាំសមាគមចុះទៅប្រមូលឲ្យពលរដ្ឋធ្វើកិច្ចសន្យា ប៉ុន្តែចុងឆ្នាំ២០១៩និងឆ្នាំនេះ លោក មិនឃើញខាងសមាគមចុះ ធ្វើកិច្ចសន្យាប្រមូលទិញឡើយ។
លោក សារ ចំរើន ប្រធានផ្នែកគ្រប់គ្រងទីផ្សារនៃសមាគមមានប៉ៃលិន ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទកាលពីថ្ងៃទី៩ ខែកុម្ភៈថា បញ្ហាទីផ្សារមានប៉ៃលិន សព្វថ្ងៃនេះ គឺកម្ពុជាមិនទាន់មានកិច្ចសន្យាកិច្ចលក់ផ្ទាល់មួយប្រទេសផ្សេង និងដឹកជញ្ជូនឆ្ងាយនោះទេ។
លោក មានប្រសាសន៍ថា៖«មានប៉ៃលិន ដែលនាំទៅរោងចក្រចិន និងថៃ គឺប្រើឈ្មោះថៃ ដោយក្រុមហ៊ុនចិនយោគយល់ នៅពេលក្រុមហ៊ុនចិននាំទៅចិនបន្តដាក់ឈ្មោះថៃ»។ លោក សង្កត់ធ្ងន់ថា បញ្ហាមួយទៀតដែលកំពុងជួបគឺទីតាំងរោងចក្រចិនឆ្ងាយ ហើយព្រំដែនបិទ នៅម៉ោង១០យប់ ដូច្នេះមានប៉ៃលិនដែលដឹកទៅមិនទាន់ គឺអាចនឹងខូច។
លោក ចំរើន អះអាងថា សមាគមទិញលក់ទៅតាមកិច្ចសន្យា ឥឡូវនេះនៅតែទទួលទិញក្នុងតម្លៃប្រមាណ៤០០០រៀលក្នុង១គីឡូក្រាម ចំពោះអ្នកមានកិច្ចសន្យាជាង១០០នាក់ប៉ុណ្ណោះ។ លោក បន្តថា កសិករត្រូវទៅដល់សមាគមផ្ទាល់ ដើម្បីធ្វើកិច្ចសន្យា ហើយទើបសមាគមចុះពិនិត្យចម្ការ ហើយកសិករខ្លះគិតថាតម្លៃមានប៉ៃលិនអាចឡើងលើសតម្លៃកិច្ចសន្យា ទើបមិនបានចុះកិច្ចសន្យា។
លោក បានលើកឡើងថា កសិករដែលគ្មានកិច្ចសន្យា គឺតែងតែជួបបញ្ហាទីផ្សារ នៅពេលភាគីថៃបិទមិនទទួលទិញ ខណៈចំនួនកសិផលក្នុងប្រទេសថៃសម្បូរ ឬទីផ្សារចិនបិទ ព្រោះទីផ្សារធំរបស់កម្ពុជានិងថៃ គឺចិនតែមួយ។ យ៉ាងណា លោក ស្នើឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាច្បាប់ឬកិច្ចសន្យាទិញលក់ ជាមួយចិនឬប្រទេសផ្សេងឲ្យបានឆាប់ ដើម្បីជួយដល់កសិករដាំមានប៉ៃលិននេះ។
លោក បរិយាយថា៖«ខ្ញុំស្នើឲ្យរដ្ឋាភិបាលជួយដោះស្រាយកិច្ចសន្យាទិញលក់រវាងកម្ពុជា-ចិន និងជាមួយប្រទេសផ្សេង។ ក្រុមហ៊ុនចិនដែលនៅប្រទេសថៃកន្លង បានមកបោះទីតាំងនៅខេត្តប៉ៃលិនហើយ ដោយរង់ចាំតែច្បាប់អនុញ្ញាតទេ។ ខ្ញុំស្នើទៅខាងមន្ទីរពាណិជ្ជកម្មហើយ គាត់ថាដាក់ស្នើទៅចិនរួចហើយ ហើយមន្ទីរពាណិជ្ជកម្មថា ខ្វះខាតខាងគុណភាពអនាម័យ។ ហើយខ្ញុំបានទាក់ទងទៅមន្ទីរកសិករនិងក្រសួងដែរ គាត់ថា បានស្នើចិនហើយ តែគេមិនទាន់ឆ្លើយតប។ ខ្ញុំមិនដឹងថា ដោះស្រាយយ៉ាងណាទៀត ក្រុមហ៊ុនចិនបានសង់ទីតាំងហើយតែនៅច្បាប់។ បើក្រុមហ៊ុនចិនដំណើរការ គឺអាចសម្រួលដល់បញ្ហាទីផ្សាររបស់ប្រជាកសិករដាំតាង៉ែនកម្ពុជា ក្នុងរង្វង់ប្រមាណជាង៥ម៉ឺនតោន»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក យ៉ង សាំងកុមារ ជាអ្នកជំនាញផ្នែកកសិកម្ម រិះគន់ថា មន្រី្តកម្ពុជា មានទម្លាប់អូសបន្លាយការងារ។ លោក មានប្រសាសន៍ថា៖«ខ្ញុំអត់យល់ ហេតុអ៊ីបានជារដ្ឋាភបាលនិងក្រសួងពាក់ព័ន្ធ ធ្វើការអូសបន្លាយ កាលណាបើយើងចង់ជួយកសិករ ជួយសេដ្ឋកិច្ច ក្នុងនាមជាអ្នកផ្ដល់សេវាសាធារណៈបម្រើប្រទេសជាតិ នៅពេលណាមានអ្នកវិនិយោគ មិនចាំបាច់តែចិនទេ ខ្មែរយើងហ្នឹង ឲ្យតែមានគម្រោងបើករោងចក្រកែច្នៃ ត្រូវជួយបន្ថែម ហើយជួយរៀបចំឲ្យមានតាមស្ដង់ដារនៃការនាំចេញ។។
លោក បន្ថែមថា៖«ការពិតរដ្ឋត្រូវចាយថវិកាបន្ថែមទៀតលើបញ្ហានេះ ព្រោះចុងក្រោយ គឺផ្ដល់ផលប្រយោជន៍ដល់រដ្ឋវិញ។ ប៉ុន្តែកន្លងមក គឺមានការអូសបន្លាយនិងយឺតយូរជាដើម ឬដាក់លុយក្រោមតុលើតុអី ហើយរឿងទាំងអស់នឹងត្រូវលុបបំបាត់ ពន្លឿនដល់កសិករដើម្បីពិនិត្យ កែច្នៃ និងការនាំចេញ ដើម្បីផលប្រយោជន៍ប្រទេសជាតិ»។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តប៉ៃលិន លោក សាយ សុផាត បកស្រាយថា ពាក់ព័ន្ធនឹងបញ្ហាទីផ្សារ គឺមិនទាន់ដល់ពេលប្រមូលផលនៅឡើយ ព្រោះបញ្ហាខាងលើ ជាការគិតទុកមុនរបស់កសិករ។ លោក ថ្លែងថា មន្ទីរពាណិជ្ជកម្ម ជាអ្នកដោះស្រាយ ហើយមន្ទីរកសិកម្ម អ្នកណែនាំផ្នែកបច្ចេកទេស។
លោក បញ្ជាក់ថា កន្លងមក មន្ទីរកសិកម្មនិងមន្ទីរពាណិជ្ជកម្ម បានពិភាក្សាគ្នា ហើយខាងនាយកដ្ឋានការពារដំណាំ បានស្នើឲ្យនាំចេញទៅថៃ ហើយភាគីថៃមិនទាន់ឆ្លើយតប គ្រាន់តែដឹងថា គេឲ្យធ្វើតាមស្ដង់ដាកម្រិតគុណភាព និងគុណភាពអនាម័យ ប៉ុន្តែមិនដឹងស្ដង់ដារយ៉ាងណា។
លោក សម្បូរណ៍ ពាក់អាវពណ៌ស
មន្ទីរកសិកម្មដែលជាអ្នកណែនាំបច្ចេកទេស និងមន្ទីរពាណិជ្ជកម្ម ដែលជាអ្នករកទីផ្សារ នឹងរួមគ្នារកការចរចាណាមួយ ដើម្បីឲ្យមានការអនុគ្រោះ។ ពាក់ព័ន្ធនឹងបញ្ហាទីផ្សារមានប៉ៃលិនឆ្នាំនេះ គឺដោយភាគីថៃមិនទាន់ឲ្យនាំចូល ហើយបញ្ហាទីផ្សារក្នុងស្រុកវិញ គឺមានប៉ៃលិនមិនទាន់ដល់។ នេះបើការលើកឡើងរបស់ប្រធានមន្ទីរកសិកម្មដដែល។
ប្រធានមន្ទីរពាណិជ្ជកម្ម លោក សុខ សាធីម និយាយថា ទីផ្សារមានប៉ៃលិន កម្ពុជានិងថៃកំពុងជួបបញ្ហានេះដូចគ្នា ព្រោះទីផ្សារ គឺចិនតែមួយ ហើយក្រុមហ៊ុនចិនទទួលទិញតែពីអ្នកជាប់កិច្ចសន្យាប៉ុណ្ណោះ។ ចំណោះបញ្ហានេះ មន្ទីរ ក៏មិនមានដំណោះស្រាយដែរ ព្រោះជាបញ្ហាសាកល មានតែរង់ចាំស្ថានភាពនៅប្រទេសចិនប្រសើរឡើងវិញ ពីមេរោគ COVID-19 ទើបទីផ្សារបើកទទួលទិញ។ លោក បញ្ជាក់ថា៖«ចំពោះដំដោះស្រាយចែកចាយតាង៉ែននៅទីផ្សារក្នុងប្រទេស គឺពិបាកដោះស្រាយណាស់ ព្រោះចំនួនតាង៉ែននេះ រាប់ពាន់តោនចែកចាយមិនអស់នោះទេ»។
ពាក់ព័ន្ធបញ្ហានេះ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងប្រាប់សារព័ត៌មានថ្មីតាមទូរស័ព្ទនៅថ្ងៃទី១១កុម្ភៈនេះ ពីបញ្ហាទីផ្សារមានប៉ៃលិនថា ដោយសារភាគីចិនយកឱកាសនៃការផ្ទុះមេរោគ COVID-19 ដើម្បីទម្លាក់ថ្លៃ ប៉ុន្តែក្រុមហ៊ុនចិននៅតែទទួលទិញ។ ការធ្វើបែបនេះ គឺធ្វើឲ្យមានការលំបាក ដើម្បីឲ្យកសិករបង្ខំចិត្តលក់។ រីឯភាគីថៃ ដែលទិញពីកម្ពុជា បានប្តូrទីតាំងទៅកន្លែងឆ្ងាយ ទើបពិបាក់ដឹកជញ្ជូន។
លោក អធិប្បាយថា៖«អ្នកដាំមានប៉ៃលិនជាប់កិច្ចជាមួយសមាគម គឺមិនមានបញ្ហាទេ។ អ្នកមិនជាប់កិច្ចសន្យា គឺគាត់នៅតែលក់បាន គ្រាន់តែលំបាក់បន្តិច ហើយថ្ងៃក្រោយគាត់ (អ្នកដាំមានប៉ៃលិន) ចូលសមាគមទៅ ដើម្បីឲ្យមានការទិញលក់ត្រឹមត្រូវទៅ»។
ទន្ទឹមនឹងនេះ លោក បានបញ្ជាក់ថា កម្ពុជាមិនទាន់មានកិច្ចសន្យាទិញលក់ដោយផ្ទាល់ ជាមួយប្រទេសណាឡើយ ប៉ុន្តែបើតាមក្រុមហ៊ុនឯជនប្រហែលជាមាន។ កន្លងមកកម្ពុជា មានតែកិច្ចសន្យានាំចេញលើ អង្ករ ដំឡូង ពោត ចេក ប៉ុណ្ណោះ។ ចំណែក មានប៉ៃលិន ក្រសួងបានរៀបចំស្នើការនាំចេញ ជាមួយប្រទេសចិនហើយ ឥឡូវកំពុងរង់ចាំភាគីចិនឆ្លើយតប ព្រោះភាគីចិនក្នុងមួយឆ្នាំៗ មានកំណត់ចំនួននៃការស្នើសុំនាំចូលទើបពិបាក។ កម្ពុជាមានរោងចក្រតាង៉ែន មួយកន្លែងនៅខេត្តប៉ៃលិន តែមិនទាន់ដំណើរការនោះទេ។
ពាក់ព័ន្ធនឹងបញ្ហាទីផ្សារនេះ លោក សម្បូរណ៍ និង អ្នកស្រី ហៀង ចោទជាសំណួរថា បើសិនប្រទេសថៃបិទមិនទទួលទិញ សមាគមមានប៉ៃលិនមិនទិញ ហើយក្រុមហ៊ុនចិនបិទ ដោយទទួលទិញតែមានកិច្ចសន្យា តើតាង៉ែនរបស់ពួកគាត់ និងពលរដ្ឋដាំតាង៉ែន ដែលមានចំនួនច្រើនជាងអ្នកចុះកិច្ចសន្យា ត្រូវលក់នៅឯណា នរណាជាអ្នកទិញ ហើយបានតម្លៃប៉ុន្មាន ឬក៏ត្រូវខូច?
លោក យ៉ង សាំងកុមារ ក៏មើលឃើញពីបញ្ហាទីផ្សារដូចដែលបានលើកឡើងខាងលើដែរ គឺដោយសារការផ្ទុះមេរោគ COVID-19 និងគ្មានកិច្ចសន្យានាំចេញ។ លោក យល់ថា ជាដំណោះស្រាយរយៈពេលខ្លី ក្រសួងពាណិជ្ជកម្ម និងកសិកម្ម ត្រូវត្រៀមរៀបចំទីផ្សារចែកចាយក្នុងស្រុកទៅកាន់កន្លែងមិនសូវសម្បូរ និងរដ្ឋាភិបាលគួរតែត្រៀមថវិកាមួយចំនួនដើម្បីជួយសម្រួល។
លើសពីនេះ សម្រាប់ដំណោះស្រាយរយៈពេលវែង លោក យ៉ង សាំងកុមារ ចង់ឲ្យកសិករដែលដាំដំណាំតាង៉ែន មានសមាគមរួម ច្រកចេញចូលសម្រាប់នាំចេញ នឹងក្ដាប់បានព័ត៌មានអំពីចំនួនដាំដុះនិងទិន្នផល។ ទន្ទឹមនឹងនេះ ក្រសួងពាក់ព័ន្ធត្រូវផ្សារភ្ជាប់ឲ្យមានកិច្ចសន្យាទិញលក់ ដោយផ្ទាល់ជាមួយប្រទេសផ្សេង ហើយរដ្ឋាភិបាលត្រូវត្រៀមថវិកាសម្រាប់សម្រួលដល់បញ្ហា។ រីឯកសិករ ត្រូវតែសកម្ម ក្នុងការទាមទារឲ្យក្រសួងពាក់ព័ន្ធឬរដ្ឋាភិបាល ធ្វើការជាមួយលើបញ្ហាដែលមាន ក្នុងនាមជាកសិករនិងពលរដ្ឋដែលជាម្ចាស់ឆ្នោត។ ចំពោះបញ្ហាទីផ្សារធ្លាក់ចុះនេះ នឹងប៉ះពាល់ដល់ ការបាត់បង់ចំណូលរបស់កសិករ។
សូមបញ្ជាក់ថា ការនាំចេញមានប៉ៃលិនក្នុងខេត្តប៉ៃលិ ទៅក្រៅប្រទេសកាលពីឆ្នាំ២០១៩ មានជាង៦ពាន់តោន។ នៅទូទាំងខេត្តប៉ៃលិន មានអ្នកដាំមានប៉ៃលិនប្រមាណជាង៣០០ទៅ៤០០ហិកតា។ នេះបើតាមរបាយការណ៍ ដែលសារព័ត៌មានថ្មីៗទទួលបានពីប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន៕