ជាតិ
សង្គមជាតិ
ការសិក្សា​៖ អាន​សៀវភៅ​៦​នាទី​រៀងរាល់ថ្ងៃ អាច​កាត់បន្ថយ​ស្ត្រេ​ស៍បាន​៦៨​ភាគរយ​
15, Feb 2020 , 10:29 am        
រូបភាព
ដោយ: ធីតា
​តានតឹង​អារម្មណ៍​? តប់ប្រមល់​ក្នុង​ចិត្ត​? ការអាន​សៀវភៅ​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​មនុស្ស​គ្រប់រូប ក្នុងការ​បន្ធូរបន្ថយ​ស្ថានភាព​ដ៏​អាប់អួរ​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ការសិក្សា​មួយ​របស់​ក្រុមការងារ​នៃ​សាកលវិទ្យាល័យ Sussex នៅ​ចក្រភព​អង់គ្លេស​។​

 
​ការអាន​សៀវភៅ​រយៈពេល​៦​នាទី​ជា​រៀងរាល់ថ្ងៃ នាំ​ឲ្យ​មនុស្ស​ម្នាក់ៗ​កាត់បន្ថយ​ស្ត្រេ​ស៍ បាន​៦៨​ភាគរយ ហើយ​ថែមទាំង​ជួយ​សម្អាត​ភាព​តានតឹង​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ផងដែរ​។ លទ្ធផល​នៃ​ការ​គណនា​របស់​ក្រុម​អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល Mindlab International នៃ​សាកលវិទ្យាល័យ Sussex ផ្តោត​ជាពិសេស​ទៅ​កម្រិត​ស្ត្រេ​ស៍ និង​សម្ពាធ​បេះដូង​របស់​មនុស្ស​ម្នាក់ៗ​។​
 
​លទ្ធផល​បានបង្ហាញ ការអាន​សៀវភៅ​ផ្តល់​ផល​វិជ្ជមាន​កម្រិត​ខ្ពស់​លើ​ការកាត់បន្ថយ​ស្ត្រេ​សិ៍ ជាង​សកម្មភាព​ផ្សេងទៀត ពោលគឺ​ដល់​ទៅ​៦៨​ភាគរយ ខណៈ​ការ​ស្តាប់​តន្ត្រី​បាន​៦១​ភាគរយ ការផឹក​តែ ឬ​កាហ្វេ​មួយ​ពែង បន្ថយ​បាន​៥៤​ភាគរយ និង​ការដើរ បន្ថយ​បាន​៤២​ភាគរយ​។ ជាមួយគ្នានេះ ការលេង​វីដេអូ​ហ្គា​ម អាច​កាត់បន្ថយ​២១​ភាគរយ ប៉ុន្តែ​បែរជា​មាន​ហា​នី​ភ័យ​ខ្ពស់​លើ​ជំងឺ​បេះដូង​ទៅវិញ​។​
 
«​លង់ខ្លួន​ដោយ​ការអាន​សៀវភៅ គឺជា​ការ​សម្រាកកាយ​ដ៏​ប្រសើរ​បំផុត​»​។ លោក​វេជ្ជបណ្ឌិត David Lewis ដែលជា​អ្នកស្រាវជ្រាវ និង​ជា​ចិត្តវិទូរ បាន​បន្ថែមថា ការអាន​មិនចាំបាច់​តម្រូវ​លើ​ប្រភេទ​សៀវភៅ​នោះឡើយ​។​
 
​ជាមួយគ្នានេះ បើតាម​សមាគម​ចិត្តសាស្ត្រ​អាមេរិក (American Psychological Association) ការអាន​ព័ត៌មាន មានការ​ធ្លាក់ចុះ ដោយ​មនុស្ស​ជាច្រើន​ដែល​ត្រូវបាន​ស្ទង់​មតិ លើកឡើង​ពី​បញ្ហា​ស្ត្រេ​ស៍ ការខឹង​សម្បារ ការ​ហត់នឿយ និង​បាត់បង់​ដំណេក ខណៈ​ការអាន​សៀវភៅ​រឿង និង​សៀវភៅ​ផ្សេងៗ ធ្វើ​ឲ្យ​ពួកគេ​សប្បាយចិត្ត ចេះ​វាក្យសព្ទ​ច្រើន ចេះ​បង្កើត​ថ្មី និង​មាន​សុខភាព​ផ្លូវកាយ ផ្លូវចិត្ត ជា​វិជ្ជមាន​៕
 

Tag:
 ការអាន​
  សៀវភៅ
© រក្សាសិទ្ធិដោយ thmeythmey.com