ជាតិ
​អ្នកដំណើរ​ពី​នាវា Westerdam ប្រមាណ​៩០០​នាក់​ទៀត ត្រូវ​ចេញពី​កម្ពុជា​នៅថ្ងៃនេះ​
15, Feb 2020 , 10:52 am        
រូបភាព
អ្នកដំណើរ​ដំបូង​ដែល​ចេញពីកម្ពុជាកាលពី​ថ្ងៃទី១៤ ខែកុម្ភៈ។ រូបថត AFP
អ្នកដំណើរ​ដំបូង​ដែល​ចេញពីកម្ពុជាកាលពី​ថ្ងៃទី១៤ ខែកុម្ភៈ។ រូបថត AFP
​ភ្នំពេញ​៖ ភ្ញៀវទេសចរ​ចំនួន​៩០៦​នាក់​ទៀត ដែល​បានធ្វើ​ដំណើរ​មក​តា​មនា​វា​ទេសចរណ៍​អាមេរិក Westerdam ហើយ​ចុះចត​នៅ​កំពង់ផែ​ព្រះសីហនុ​នឹង​បន្ត​ចាក​ចេញពី​កម្ពុជា នៅ​ថ្ងៃទី​១៥​កុម្ភៈ ក្រោម​ការសម្រួល​ពី​អាជ្ញាធរ​កម្ពុជា​។  នេះ​បើតាម​លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ដោយបាន​បញ្ជាក់ថា បើ​គ្មាន​ប្រែប្រួល​ទេ តាម​ការគ្រោងទុក​ភ្ញៀវ​ទេសចរណ៍​ជាង​៩០០​នាក់​នោះ នឹង​បន្ត​ធ្វើដំណើរ​តាម​យន្តហោះ​ទៅកាន់​ប្រទេស​រៀងៗ​ខ្លួន​។



​លោក តាំង សុចិត្រ​គ្រឹ​ស្នា បាន​បន្ត​រៀបរាប់​យ៉ាងខ្លី​ប្រាប់​សារព័ត៌មាន​ThmeyThmey តាម​ទូរ​សព្ទ​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​បាន​ត្រៀម​ជើងហោះហើរ​ចំនួន​៦​ជើង ដើម្បី​បញ្ជូន​ភ្ញៀវ​ទេសចរណ៍​ទាំងនោះ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​បន្ត​ហោះហើរ​ទៅកាន់ ប្រទេស​គោលដៅ​របស់​ភ្ញៀវ​ទេសចរ​ទាំងនោះ​រៀងៗ​ខ្លួន​។ បើតាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​រូបនេះ ក្នុងចំណោម​ភ្ញៀវទេសចរ​សរុប​១,៤៥៥​នាក់ ដែល​ធ្វើដំណើរ​តាម​នាវា​Westerdam ចុះចត​នៅ​ខេត្ត​ព្រះសីហនុ បាន​ចាក់​ចេញពី​កម្ពុជា​អស់​ជាង​១៣០០​នាក់​ហើយ​។ ពោលគឺ​នៅសល់​ភ្ញៀវ​ទេសចរណ៍​ត្រឹម​ជាង​១០០​នាក់​ប៉ុណ្ណោះ ដែល​បន្ត​សា្ន​ក់នៅ​កម្ពុជា​។ 
 
​លោក តាំង សុចិត្រ​គ្រឹ​ស្នា បានលើកឡើង​ដូច្នេះ​៖«​ថ្ងៃនេះ ភ្ញៀវទេសចរ​ក្នុង​នាវា Westerdam នោះ មាន​ជាង​៩០០​នាក់​ទៀត​នឹងធ្វើ​ដំណើរ​ចេញពី​កម្ពុជា ហើយ​បើ​យើង​បូក​នឹង​ភ្ញៀវ​ចំនួន​៤០៥​នាក់ បាន​ដែល​ចេញពី​កម្ពុជា កាល​ម្សិលមិញ​(​ថ្ងៃទី​១៤​កុម្ភៈ​)  គឺ​យើង​នៅសល់​ភ្ញៀវ​ត្រឹម​ជាង​១០០​នាក់​ទៀត​ប៉ុណ្ណោះ​»​។ 
 
​ជាមួយគ្នានេះ​ផងដែរ លោក សុចិត្រ​គ្រឹ​ស្នា មិនទាន់​ដឹង​ច្បាស់​ថា ភ្ញៀវទេសចរ​ដែល​នៅសល់​ជាង​១០០​នាក់​ទៀត ដែល​ធ្វើដំណើរ​តាម​នាវា​Westerdam ក្នុង​ខេត្ត​ព្រះសីហនុ​នោះ នឹង​ចាក់​ចេញពី​កម្ពុជា​ថ្ងៃទី​១៦​កុម្ភៈ ឬ​បន្ត​ស្នាក់នៅ និង​ដើរលេង​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​នានា​ក្នុងប្រទេស​កម្ពុជា​នៅឡើយ​។​
 
​សូមជម្រាបថា នាវា​ទេសចរណ៍ MS Westerdam របស់​ក្រុមហ៊ុន Holland America Line បានមក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣​កុម្ភៈ  ឆ្នាំ​២០២០ ក្រោយ​ទទួលបាន​ភ្លើង​បៃតង​ពី​រដ្ឋាភិបាល​កម្ពុជា​។ នាវា​នេះ ផ្ទុក​អ្នកដំណើរ​១៤៥៥​នាក់ និង​បុគ្គលិក​នាវា ៨០២​នាក់​៕ 

Tag:
 ទេសចរណ៍​
  Westerdam
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com