អន្តរជាតិ
រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន នឹង​បើក​កិច្ចប្រជុំ​ពិសេស​លើ​ជំងឺ COVID-19
15, Feb 2020 , 11:29 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី (រាប់ពីស្ដាំទី៣) និងរដ្ឋមន្រ្តីការបរទេសមកពីតំបន់អាស៊ាននាជំនួបកន្លងមក។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី (រាប់ពីស្ដាំទី៣) និងរដ្ឋមន្រ្តីការបរទេសមកពីតំបន់អាស៊ាននាជំនួបកន្លងមក។ រូបភាព AFP
​ប្រមុខ​ការទូត​អាស៊ាន និង​ចិន នឹង​ជួបជុំគ្នា​នៅ​ទីក្រុង​វៀងចន្ទន៍​នៅ​សប្ដាហ៍​ក្រោយ​ដើម្បី​ជជែក​ពី​ការ​រាលដាល COVID-19 ក្នុង​តំបន់​។ បច្ចុប្បន្ន ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន​៦ មាន​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស ខណៈ​ហ្វីលីពីន​ជា​ប្រទេស​តែមួយគត់​ក្នុង​តំបន់​ដែល​ករណី​ស្លាប់​ដោយសារ​វីរុស​នេះ ស្រប​ពេលដែល​ចំនួន​អ្នកស្លាប់​នៅ​ចិន​បន្ត​កើនឡើង​រាល់ថ្ងៃ បើទោះជា​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ចាត់វិធានការ​បន្ទាន់​ជា​បន្តបន្ទាប់​ក្ដី​។

 
​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន នឹង​ឡើង​នៅ​រដ្ឋធានី​វៀងចន្ទន៍ ស្របគ្នា​នឹង​ជំនួប​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង ដែល​ធ្វើឡើង​ពីថ្ងៃ​ទី​១៩​ដល់ទី​២០ ខែកុម្ភៈ​។ កិច្ចប្រជុំ​ពិសេស​នេះ នឹង​ផ្ដោតលើ​បញ្ហា​ជំងឺ COVID-19 ដែល​ក្លាយជា​បញ្ហា​ប្រឈម​ផ្នែក​សុខាភិបាល​ក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​ទាំងមូល​ផងដែរ​។ 
 
​ប្រមុខ​ការទូត​អាស៊ាន និង​ចិន នឹង​ជជែក និង​ផ្លាស់ប្ដូរ​យោបល់​ដើម្បី​រក​មធ្យោបាយ និង​របៀប​ថ្មីៗ​ដែលមាន​ប្រសិទ្ធភាព​ដើម្បី​ប្រយុទ្ធ​កូ​រ៉ូ​ណាវី​រុស​។ បើតាម​ការប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៥ ខែកុម្ភៈ អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ឡើងដល់​១៥២៣​នាក់​ហើយ​។ តួលេខ​អ្នកជំងឺ​កើន​ឡើងដល់​ប្រមាណ​៦៧ ០០០​នាក់ នៅ​ប្រទេស​ចំនួន​២៦ ដោយ​ភាគច្រើនបំផុត​នៅ​ចិន ជាពិសេស​នៅ​ក្រុង​វូ​ហាន​ដែលជា​កន្លែង​ផ្ទុះ​ជំងឺ​។ អ្នកជំងឺ​ជាង​១០០០០​នាក់ ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ រីឯ​ប្រមាណ​៧៧០០​នាក់ បាន​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​
 
​នៅ​តំបន់​អាស៊ាន កម្ពុជា វៀតណាម សិង្ហ​បុរី ម៉ាឡេស៊ី ហ្វីលីពីន និង​ថៃ ជា​ប្រទេស​ដែលមាន​ករណី​ឆ្លង COVID-19 នេះ​។ សិង្ហ​បុរី ជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើនជាងគេ ខណៈ​ករណី​ឆ្លង​នៅ​កម្ពុជា​ដែលមាន​មួយ​នោះ បាន​សះស្បើយ​ទៅហើយ​។ ឥណ្ឌូណេស៊ី ព្រុយ​ណេ ឡាវ និង​មី​យ៉ាន់​ម៉ា ជា​រដ្ឋ​សមាជិក​ដែល​មិនទាន់​ការរាយការណ៍​ពី​ករណី​ឆ្លង​សូម្បី​តែមួយ​។ 
 
​ប្រទេស​ដទៃទៀត​ដែលមាន​ករណី COVID-19 នេះដែរ​មាន ជប៉ុន (​បញ្ចូល​ទាំង​អ្នកជំងឺ​នៅលើ​នាវា​ទេសចរណ៍ Diamond Princess) កូរ៉េខាងត្បូង អូស្ត្រាលី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ស្រីលង្កា ស៊ុយអែត អេ​ស្ប៉ា​ញ បែលហ្ស៊ិក និង​អេ​ហ្ស៊ី​ប​ដែល​ទើប​រកឃើញ​ថ្មីៗ​៕ 
 

Tag:
 ចិន​
  អាស៊ាន​
  COVID19
© រក្សាសិទ្ធិដោយ thmeythmey.com