ជាតិ
ពងអណ្ដើក​ហ្លួង​៥១ ត្រូវបាន​រកឃើញ ក្រោយ​បញ្ឈប់​ការ​បូម​ខ្សាច់​នៅ​ព្រែក​ស្រែអំបិល
15, Feb 2020 , 11:59 am        
រូបភាព
រូបពីអង្គការ wcs
រូបពីអង្គការ wcs
​ភ្នំពេញ​៖ ក្រោយពី​មានការ​ចេញ​សេចក្ដីប្រកាស​ពី​ក្រសួង ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​បូ​ម​ខ្សាច់ ដាក់​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ក្រុម​អ្នក​អភិរក្ស​មកពី​សហគមន៍​មូលដ្ឋាន និង​អង្គការ​អភិរក្ស​សត្វព្រៃ (WCS) បាន​រកឃើញ​សំបុក​អណ្ដើក​ហ្លួង​ចំនួន​៣ មាន​ពង​ចំនួន​៥១​ពង ដែល​គិត​ត្រឹម​ខែមករា ឆ្នាំ​២០២០​នេះ​។​



​សេចក្ដីប្រកាស​ព័ត៌មាន​របស់ WCS  បាន​ឲ្យ​ដឹងថា ចំនួន​សំបុក​អណ្ដើក​នេះ​មានការ​កើនឡើង បើ​ធៀប​ទៅ​រយៈពេល​៤​ឆ្នាំ​កន្លងទៅ​ដែលមាន​ត្រឹមតែ​១​សំបុក​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ​។ លោក កែន សេរី​រដ្ឋា នាយក​អង្គការ WCS បាន​និយាយថា​៖«​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​គឺ​ពិត​ជាមាន​សារសំខាន់​ណាស់ សម្រាប់​ការរស់រានរ​បស់​អណ្ដើក​ហ្លួង ហើយ​ប្រព័ន្ធ​ព្រែក​នេះ​មាន​តំបន់ឆ្នេរ​ខ្សាច់ ព្រៃ​លិច​ទឹក ព្រៃកោងកាង​ដែលជា​កន្លែង​សម្រាប់​សត្វ​អណ្ដើក​រក​ចំណី និង​បន្ត​ពូជ​»​។​

 រូបពីអង្គការ wcs

​លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល លើកឡើង​ដូច្នេះ​ថា​៖«​ការប្រកាស​ស្ដីពី​ការដាក់​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ជា​តំបន់​គ្រប់គ្រង និង​អភិរក្ស​អណ្ដើក​ហ្លួង និង​ក្រពើ​ត្រី​នេះ មិន​អនុញ្ញាត​ឲ្យ​មានការ​នេសាទ​ខុសច្បាប់ និង​ជាពិសេស​សកម្មភាព​បូម​ខ្សាច់​នានា​នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​មានដូចជា​ព្រែក​កំពង់សោម ព្រែក​ក្អោ​ង និង​ព្រែក​កំពង់​លើ​ជាដើម​»​។​
 
​សូមបញ្ជាក់ថា អណ្ដើក​ហ្លួង ត្រូវបាន​ចាត់​ចំណាត់​ថា្នក់​ជា​ប្រភេទ​សត្វ​កំពុង​ទទួលរង​គ្រោះ និង​ជិត​ផុត​ពូជ​បំផុត​។ ហើយ​អណ្ដើក​ហ្លួង ក៏​ស្ថិត​ក្នុងចំណោម​អណ្ដើក​ទាំង​២៥​ប្រភេទ​ដែល​កំពុង​រងគ្រោះថ្នាក់​ខ្លាំងជាងគេ​នៅលើ​ពិភពលោក​។ អណ្ដើក​ហ្លួង ក៏ត្រូវ​បានដាក់​ជា​ឧរង្គសត្វ តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ផងដែរ​៕

Tag:
 ពងអណ្ដើក​
© រក្សាសិទ្ធិដោយ thmeythmey.com