ជាតិ
សា​លិ ចង់​ក្លាយជា​អ្នកជំនួញ​ដែល​នាំ​ផលិតផល​អត្តសញ្ញាណ​ខ្មែរ​ទៅ​លក់​នៅ​បរទេស​
15, Feb 2020 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖ កុមារា ធុច សា​លិ មាន​ភាពល្បីល្បាញ និង​ត្រូវបាន​មហាជន​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​ស្គាល់ ដោយសារ​សមត្ថភាព​និយាយ​ដល់​ទៅ​១៥​ភាសា​របស់ខ្លួន​។ បច្ចុប្បន្ន សា​លិ      វ័យ​១៦​ឆ្នាំ កំពុង​សិក្សា​ថ្នាក់​ទី​១០ នៅ​ប្រទេស​ចិន ហើយ​រូបគេ​នឹង​បន្ត​សិក្សា​នៅ​ទីនោះ​រហូត​ចប់​បរិញ្ញាបត្រ​។ នៅ​ថ្ងៃ​អនាគត កុមារា ធុច សា​លិ ចង់​ក្លាយជា​អ្នកជំនួញ ដែល​នាំ​ផលិតផល​ខ្មែរ ឲ្យ​បរទេស​បាន​ស្គាល់​ច្បាស់ ដូចដែល​គេ​ស្គាល់​ខ្លួន​ដូច្នេះ​ដែរ​។​



​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​កុមារ ធុច សា​លិ ដូចតទៅ​៖ 
 
 
​មាន​វ័យ​១៦​ឆ្នាំ កុមារា ធុច សា​លិ ជា​អតីត​ក្មេង​លក់​វត្ថុ​អនុស្សាវរីយ​នៅ​ប្រាសាទបាយ័ន​។ ក្រោយ​មាន​ភាព​លេចធ្លោ​នៅលើ​បណ្ដាញ​សង្គម សា​លិ ក៏បាន​ទទួល​អាហារូបករណ៍ ទៅ​សិក្សា​នៅ​សាលារៀន​មួយ នៅក្នុង​ប្រទេស​ចិន​។ កុមារា​ដែល​ពូកែ​វោហារ​សព្ទ​រូបនេះ លើកឡើងថា​៖ «​ដោយសារ​ពេលនោះ ខ្ញុំ​ល្បី​នៅ​ប្រទេស​ខ្មែរ ដូច្នេះ​បងៗ​នៅ​ប្រទេស​ចិន បាន​ចែករំលែក​វីដេអូ​នោះ​បន្ត ហើយ​ខាង​នាយក​សាលា​នៅ​ប្រទេស​ចិន បានឃើញ​។ គាត់​គិតថា ខ្ញុំ​ជា​ក្មេង​ឆ្លាត គាត់​ក៏​ឲ្យ​ខ្ញុំ​ទៅ​រៀន​នៅ​ប្រទេស​ចិន​»​។ 
 
​ពេល​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​ដំបូងៗ សា​លិ ហាក់​រៀន​មិនទាន់ និង​មិនសូវ​ចាប់បាន​។ ដូច្នេះហើយ ក្នុង​វិស្សមកាល​មក​ស្រុកកំណើត​នាពេល​កន្លងមក សា​លិ បាន​ខិតខំ​សិក្សា​បន្ថែម ដើម្បី​ពង្រឹង​ចំណេះដឹង​របស់ខ្លួន​។ ក្រោយ​ប្រឹងប្រែង​សិក្សា​បន្ថែម កុមារ សា​លិ បាន​ក្លាយជា​សិស្ស​ឆ្នើម ក្នុងចំណោម​សិស្ស​ដែល​មកពី​ប្រទេស​ផ្សេងៗ​។ សា​លិ រៀបរាប់​ដោយ​ទឹកមុខ​រីករាយ​បែបនេះ​៖ «​ពេល​វគ្គ​មុន ខ្ញុំ​រៀន​អត់​ចេះ​ទេ ពេល​វ៉ា​កង​មក​ខ្មែរ​វិញ ខ្ញុំ​បាន​ទៅ​រៀន​បន្ថែម​។ ខ្ញុំ​បាន​រៀន​ឈ្នះ​គេ ក្នុងចំណោម​សិស្ស ១៥​នាក់​»​។ 
 
​ក្នុង​មួយថ្ងៃ សា​លិ ចំណាយពេល​រៀន​ពី​ម៉ោង​៧៖៤០​នាទី ដល់​ម៉ោង​៩​យប់​។ ពេលព្រឹក​រៀន សា​លិ ត្រូវ​រៀន​ភាសា​ចិន និង​អង់គ្លេស​, ពេល​រសៀល បន្ត​រៀន​កុំព្យូទ័រ​, កីឡា​, ហែល​ទឹក​, និង​ពេលយប់ សា​លិ ត្រូវ​រៀន​ធ្វើ​ម្ហូប​។ ការសិក្សា​នៅ​ប្រទេស​ចិន មាន​ភាពខុសគ្នា​ពី​កម្ពុជា ដែល​ធ្វើ​ឲ្យ​កុមារា​រូបនេះ មាន​ផល​លំបាក​។ 
 
​កុមារា​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តសៀមរាប​រូបនេះ ចង់​ក្លាយជា​អ្នកជំនួញ​។ «​ថ្ងៃ​អនាគត​របស់ខ្ញុំ ខ្ញុំ​ចង់​ក្លាយជា​អ្នកជំនាញ​ម្នាក់ ដែល​ធ្វើ​ឲ្យ​បរទេស​ស្គាល់​ពី​ប្រទេស​កម្ពុជា និង​ស្គា​ល់ពី​ផលិតផល​ខ្មែរ និង​ស្នាដៃ​របស់​ខ្មែរ​»​។ នេះ​ជាការ​លើកឡើង​របស់​កុមារា ធុច សា​លិ​។ 
 
​សូមបញ្ជាក់ថា កុមារា ធុច សា​លិ ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន ក្នុង​ខែឧសភា ឆ្នាំ​២០១៩​។ បច្ចុប្បន្ន សា​លិ កំពុង​សិក្សា​ថ្នាក់​ទី​១០ និង​បន្ត​សិក្សា​រហូត​បញ្ចប់​បរិញ្ញាបត្រ​ទើប​វិល​ត្រឡប់មក​កម្ពុជា​វិញ​៕ 
 

Tag:
 សា​លិ​
  ចិន​
  ១៥​ភាសា​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com