ជាតិ
អង្គការទេសចរណ៍ពិភពលោក ថា កម្ពុជាបង្ហាញពីគំរូនៃសាមគ្គីអន្តរជាតិសម្រាប់ប្រទេសផ្សេងទៀត លោក Zurab Pololikashvili (ក្នុងរង្វង់) និងអ្នកដំណើរ Westerdam ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត សែម វណ្ណា
× ការអនុញ្ញាតឲ្យនាវាទេសចរណ៍អាមេរិក Westerdam ចុះចតនៅកំពុងផែព្រះសីហនុ បានធ្វើឲ្យអន្តរជាតិមើលឃើញពីរូបភាពវិជ្ជមានរបស់កម្ពុជា។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំពិភពលោក ដែលបានកោតសរសើរ និងអរគុណចំពោះកាយវិការកម្ពុជា។ ជាមួយគ្នានេះ អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក (UNWTO) ក៏បានលើកឡើងពីគំរូភាពរបស់កម្ពុជាសម្រាប់បណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោកផងដែរ។
ពីទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ លោក Zurab Pololikashvili បានផ្ញើលិខិតទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលោកកោតសរសើរចំពោះការឆ្លើយតបប្រកបដោយមនុស្សធម៌របស់កម្ពុជាចំពោះស្ថានភាពដ៏លំបាករបស់នាវា Westerdam ក្រោយបណ្តាប្រទេស និងកោះ រួមមាន ជប៉ុន តៃវ៉ាន់ ហ្គាម ហ្វីលីពីន និងថៃ បដិសេធ ការសំចត ដោយសារព្រួយបារម្ភករណីជំងឺរលាកសួត COVID-19។
«យើងពិតជាមានមោទកភាពណាស់ចំពោះការបង្ហាញរបស់កម្ពុជានូវសាមគ្គីអន្តរជាតិ ដែលនឹងលើកទឹកចិត្តដល់ប្រទេសផ្សេងទៀតឲ្យធ្វើតាម និងផ្តល់នូវការជួយគាំទ្រដ៏ចាំបាច់ជាច្រើននៅពេលណាដែលមានតម្រូវការ»។ លោក Zurab Pololikashvili បានសរសេរយ៉ាងដូច្នេះមកកាន់ប្រមុខរដ្ឋាភិបាលកម្ពុជា។
អគ្គនាយក UNWTO បានអះអាងថា ស្ថាប័នរបស់លោកដែលជាភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ តាមយ៉ាងចិត្តទុកដាក់ចំពោះការវិវត្តន៍នៃករណីជំងឺ COVID-19 តាមរយៈកិច្ចប្រជុំជាប់ជាមួយអង្គការសុខភាពពិភពលោក។
មនុស្សនៅលើនាវា Westerdam ដែលបានសំចតនៅផែព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈនោះ មាន២២៥៧នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ មាន៤១សញ្ជាតិ និងបុគ្គលិកបម្រើការងារតាមផ្នែកលើនាវា ៨០២នាក់។ អ្នកទេសចរដែលច្រើនជាងគេមាន អាមេរិកមាន៦៥១នាក់ កាណាដា ២៧១នាក់ អង់គ្លេស ១២៧នាក់ ហូឡង់៩១នាក់ អូស្ត្រាលី៧៩នាក់ អាល្លឺម៉ង់៥៧នាក់...។
អ្នកដំណើរទាំងនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា រួមជាមួយស្ថានទូតពាក់ព័ន្ធ ជាពិសេសទូតអាមេរិក រៀបចំជូនដំណើរទៅកាន់ប្រទេសរបស់ពួកគេវិញជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី១៤ ខែកុម្ភៈ មក៕
© រក្សាសិទ្ធិដោយ thmeythmey.com