ជាតិ
សុខភាព
អំឡុងពេល​ពពោះ​និង​ក្រោយ​សម្រាល ស្ត្រី​មិនគួរ​ប្រើ​ថ្នាំបុរាណ​ខ្មែរ​-​ចិន ព្រោះ​អាច​ឲ្យ​ទារក​បាត់បង់​ជីវិត​
16, Feb 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ចាស់ៗ​បុរាណ​តែង​និយម​ប្រើ​ថ្នាំបុរាណ​ខ្មែរ ថ្នាំបុរាណ​ចិន​សម្រាប់​ព្យាបាល​រោគា​ផ្សែងៗ ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​បំប៉ន​សុខភាព និង​ធ្វើ​ឲ្យ​ងាយស្រួល​ក្នុងការ​សម្រាលកូន​។ ប៉ុន្តែ ការប្រើ​ឱសថ​បុរាណ​មួយចំនួន​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម្តាយ​និង​ទារក​យ៉ាងធ្ងន់ធ្ងរ រហូតដល់​បាត់បង់​ជីវិត​ទៀតផង​។​



​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ​ដូចតទៅ​៖
 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ប៉ិច សុធី បាន​លើកឡើងថា ការប្រើប្រាស់​ប្រភេទ​ឱសថ​បុរាណ​ធ្វើ​ឲ្យ​មាន​ប៉ះពាល់​ដល់​សុខភាព​ជាច្រើន​ចំពោះ​ម្ដាយ និង​ទារក ជាពិសេស នៅពេលដែល​ស្ត្រី​ពិសា​ថ្នាំខ្មែរ​និង​ចិន អំឡុងពេល​ពោះ​ក្នុង​ត្រីមាស​ទី​១ ចន្លោះពេល​១២​សប្ដាហ៍​។​
 
​លោក​វេជ្ជបណ្ឌិត បាន​ពន្យល់​ដូច្នេះ​ថា​៖«​ការប្រើ​ប្រភេទ​ឱសថ​បុរាណ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ អាច​បណ្ដាល​ឲ្យ​ម្ដាយ​ពុល ទៅជា​ហើប​ពោះ រោក ហើយ​ចំពោះ​កូន​អាចធ្វើ​ឲ្យ​កូន​ស្លាប់​នៅក្នុង​ពោះ​ជាដើម​។ នៅពេលដែល​ម្ដាយ​ប្រើប្រាស់​ថ្នាំបុរាណ​អំឡុងពេល​ទារក​ដុះ​អវយវៈ គឺ​នៅ​ត្រីមាស​ទី​១ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន​ដូចជា ស្វិត​ក្នុង​ពោះ រីង​ទឹកភ្លោះ និង​មាន​ភាពមិនប្រក្រតី​មួយចំនួនទៀត »​។ 
 
​បើតាម​លោក​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ បាន​បន្ថែមថា ក្រោយពេល​សម្រាល​ស្ត្រី​ក៏​គួរ​ជៀសវាង​ការប្រើ​ប្រភេទ​ថ្នាំបុរាណ​ដែរ ជាពិសេស​ស្រាថ្នាំ ព្រោះ​អាច​ឲ្យ​ស្ត្រី​ប្រឈម​នឹង​ជំងឺ​ក្រពះ ការ​រលាក​ពោះវៀន និង​ជំងឺថ្លើម​ជាដើម​៕

Tag:
 ស្ត្រី​
 ​ពពោះ​
  ថ្នាំ​
 ​ទារក​
 ​ម្ដាយ​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com