ជាតិ
បទសម្ភាសន៍
ជំនាញចុងភៅទទួលបានប្រាក់ខែខ្ពស់ តែយុវជនកម្ពុជាបែរជាមើលរំលង
× ភ្នំពេញ៖ លោក ឡុង ប៊ុនហោ ប្រធានសមាគមចុងភៅកម្ពុជា ដែលជាសមាជិករបស់សមាគមចុងភៅពិភពលោក បានអះអាងថា បច្ចុប្បន្ន កម្ពុជាកំពុងតែខ្វះចុងភៅដែលមានជំនាញ ស្របពេលភ្ញៀវទេសចរបរទេស បានសម្រុកចូលមកកម្ពុជា មានកើនឡើងជារៀងរាល់ឆ្នាំ។ តើហេតុអ្វីយុវជនខ្មែរបែរជាមិនចាប់អារម្មណ៍ជំនាញចុងភៅ បើទោះបីជំនាញនេះមានប្រាក់ខែខ្ពស់ និងសម្បូរការងារធ្វើ?
សូមស្តាប់បទសម្ភាសរវាងលោក រ៉ឹម ភារី អ្នកសារព័ត៌មាននៅគេហទំព័រថ្មីៗជាមួយលោក ឡុង ប៊ុនហោ ដូចតទៅ៖
ជំនាញចុងភៅនៅកម្ពុជា កំពុងតែមានទីផ្សារខ្ពស់ ស្របពេលមានកំណើនភ្ញៀវទេសចរបរទេសដ៏សម្បើមចូលមកកម្ពុជាជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំ២០១៩កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦លាននាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ កំណើនអ្នកទេសចរបរទេសនេះហើយ បានធ្វើឲ្យវិស័យសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងរមណីយដ្ឋានថ្មីៗ បានកើនជាបន្តបន្ទាប់ ប៉ុន្តែ បែរជាខ្វះខាតចុងភៅជំនាញ ដែលជាកត្តាស្នូលមួយនៅក្នុងទាក់ទាញភ្ញៀវទេសចរ។
លោក ឡុង ប៊ុនហោ ប្រធានសមាគមចុងភៅកម្ពុជា ដែលមានមូលដ្ឋាននៅខេត្តសៀមរាប បានអះអាងថា ប៉ុន្មានឆ្នាំមកនេះ អាជីពចុងភៅ បាននឹងកំពុងតែមានតម្រូវច្រើន តែបែរជាមិនសូវមានយុវជនចាប់អារម្មណ៍រៀនសូត្រជំនាញនេះទៅវិញ។
លោកបានពន្យល់ពីមូលហេតុយ៉ាងដូច្នេះ៖ «នៅក្នុងប្រទេសកម្ពុជា អត់មានសាកលវិទ្យាល័យបង្រៀនចុងភៅនោះទេ តែយើងមានសាលាបង្រៀនវគ្គខ្លីៗ។ ចុងភៅខ្មែរភាគច្រើន ចេះតាមបទពិសោធនៅពេលពួកគាត់បានចូលធ្វើការ មានន័យថា ចេះតាមគ្នា។ មូលហេតុ គឺមិនសូវមានការផ្សព្វផ្សាយផង ហើយឪពុកម្តាយខ្លះ មានផ្នត់គំនិតថា ការងារចុងភៅ ហត់នឿយ និងធ្វើការងារច្រើន ហើយគាត់ប្រៀបធៀបចុងភៅថា មិនដល់ការងារជំនាញស្ថាបត្យកម្ម ឬ វេជ្ជបណ្ឌិត ទើបគាត់មិនឲ្យកូនមករៀនជំនាញនេះ។ តែនេះគ្រាន់តែជាគិតរបស់គាត់ តាមពិតការងារចុងភៅនៅកន្លែងធំៗ គេធ្វើការមានម៉ោងត្រឹមត្រូវ និងមានការស្លៀកពាក់ឯកសណ្ឋានស្អាតមិនខុសពីការងារផ្សេងទេ»។
បើតាម លោក ឡុង ប៊ុនហោ ក្រៅពីសម្បូរការងារធ្វើ ជំនាញចុងភៅទទួលបានប្រាក់ខែខ្ពស់ជាងជំនាញមួយចំនួនផងដែរ។ លោកអះអាងថា មេចុងភៅនៅសណ្ឋាគារផ្កាយប្រាំ ឬរមណីយដ្ឋានធំៗ ពួកគេទទួលបានប្រាក់ខែចាប់ពី២ពាន់ដុល្លារឡើងទៅ ខណៈដែលចុងភៅខ្មែរដែលមានជំនាញច្បាស់លាស់ និងចេះភាសាបរទេស ពួកគេមួយចំនួន ក៏បានទៅធ្វើការនៅក្រៅប្រទេសទៀតផង។
លោកពន្យល់ពីគុណតម្លៃនៃជំនាញចុងភៅយ៉ាងដូច្នេះ៖ «ចុងភៅប្រៀបបាននឹងវេជ្ជបណ្ឌិតដូចគ្នា។ វេជ្ជបណ្ឌិត គាត់ព្យាបាលអ្នកជំងឺ តែចុងភៅធ្វើម្ហូបឲ្យអ្នកហូបកុំឲ្យឈឺ។ ចំណុចហ្នឹង គឺល្អមែនទែន។ នៅប្រទេសគេដែលខ្ញុំធ្លាប់ទៅ ដូចជា ថៃ ចិន ថៃ ម៉ាឡេស៊ី ពួកគាត់មានសាលាបច្ចេកទេសរបស់គាត់។ ដូច្នេះ ចុងភៅគេមានរបៀបរបប មានលំដាប់ថ្នាក់ល្អៗ។ ចុងភៅត្រូវចេះឌីស្សាញចាន ឌីស្សាញម្ហូបខ្លួនឯង ថាត្រូវដាក់យ៉ាងម៉េចឲ្យស្អាតឲ្យល្អ។ ម្ហូបជាសិល្បៈមួយដែរ»។
ប្រធានសមាគមចុងភៅកម្ពុជារូបនេះ បានស្នើយុវជន ឬនិស្សិត កុំមើលរំលងការងារចុងភៅ ព្រោះជាជំនាញមួយដែលសម្បូរការងារ និងមានប្រាក់ខែខ្ពស់ ព្រមទាំងជាជំនាញមួយ ដែលអាចស្រូបទាញភ្ញៀវទេសចរឲ្យចូលមកកម្ពុជាបានកាន់តែច្រើនថែមទៀត៕
Tag:
ចុងភៅ
ទេសចរណ៍
យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com