ជាតិ
សុខភាព
បើ​គ្មាន​ករណី​ចាំបាច់ ស្ត្រី​មិនគួរ​សម្រាលកូន​ដោយ​ការវះកាត់ ដែល​អាច​ប្រឈម​គ្រោះថ្នាក់​ច្រើន​
17, Jan 2021 , 6:59 pm        
រូបភាព
​ភ្នំពេញ​៖ «​ការ​សម្រាលកូន​ដោយ​វះកាត់ គួរ​ធ្វើឡើង​នៅពេល​សុខភាព​ម្តាយ​និង​ទារក​ខ្សោយ ឬ​ក្នុងករណី​ចាំបាច់​មួយចំនួន​ដូចជា ទារក​ខ្សោយ​អស់​ទឹកភ្លោះ​, កូន​ដំបូង​បញ្ច្រាស​, ការ​បែក​ទឹកភ្លោះ​យូរ​, មាត់ស្បូន​មិន​បើក​, កូន​ទទឹង​ពោះ​, ការឈឺ​ពោះ​យូរ និង​កូន​ថ្លោស​ពេក​ជាដើម​»​។ នេះ​ជាការ​លើកឡើង​របស់លោក​វេជ្ជបណ្ឌិត ប៉ិច សុធី ដែល​ចង់​ឲ្យ​ស្ត្រី​ពិចារណា​ជ្រើស​រើសយក​ការ​សម្រាលកូន​ដោយ​ធម្មជាតិ បើ​មិនមាន​ករណី​ចាំបាច់​ណាមួយ​ដូចខាងលើ​។ បើតាម​លោក​វេជ្ជបណ្ឌិត ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ ការ​សម្រាលកូន​ដោយ​វះកាត់​ធ្វើ​ឲ្យ​ស្ត្រី​អស់​ឈាម​ច្រើន​, ពិបាក​ថែទាំ​, ត្រូវ​សម្រាក​នៅ​ពេទ្យ​យូរ ហើយ​អាចមាន​បញ្ហា​ប្រឈម​ក្នុងពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ​ជាដើម​។

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ​ដូចតទៅ​៖

 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក​វេជ្ជបណ្ឌិត ប៉ិច សុធី បាន​អះអាងថា ការ​សម្រាលកូន​ដោយ​ធម្មជាតិ អាច​ឲ្យ​កូន​មាន​សុខភាព​ល្អ និង​ទទួលបាន​នូវ​ភាពស៊ាំ​ខ្ពស់ ដោយសារ​ទទួលបាន​បាក់តេរី​ល្អៗ​ពី​ម្ដាយ​ពេល​សម្រាល​តាម​ធម្មជាតិ​។ ជាមួយគ្នានេះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុធី ក៏បាន​ជំរុញ​ឲ្យ​វេជ្ជបណ្ឌិត​ឯកទេស​សម្ភព ចូលរួម​លើកទឹកចិត្ត​ស្ត្រី​ដែល​អាចមាន​សុខភាព​ធម្មតា ឲ្យ​មាន​កម្លាំងចិត្ត​តស៊ូ​សម្រាលកូន​ដោយ​ធម្មជាតិ ដើម្បី​កាត់បន្ថយ​ការ​សម្រាលកូន​ដោយ​វះកាត់​។ យ៉ាងណា​វេជ្ជបណ្ឌិត សុធី អះអាងថា ទាំង​ការ​សម្រាលកូន​តាម​ធម្ម​ជាតិ និង​ការវះកាត់ សុទ្ធតែ​មានគុណ​សម្បត្តិ និង​គុណវិបត្តិ​ម្យ៉ាង​ម្នាក់​៕ 
 

Tag:
 សម្រាល​
  វះកាត់​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com