ជាតិ
លោក ម៉ៅ ភិរុណ៖ តាខ្មៅនឹងកាន់តែស្អាតដើម្បីឲ្យសក្តិសមជាជ័យលាភីក្រុងទេសចរណ៍ស្អាតអាស៊ាន
× ភ្នំពេញ៖ អាជ្ញាធរខេត្តកណ្តាល ជាពិសេសក្រុងតាខ្មៅ បានធ្វើពិធីដង្ហែពានរង្វាន់ជ័យលាភីទីក្រុងស្អាត នាថ្ងៃទី១៥ ខែកុម្ភៈ បន្ទាប់ពីបានជាប់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ នៅទីក្រុងដាស៊ែរីបេហ្កាវ៉ាន់ ប្រទេសព្រុយណា កាលពីខែមករា កន្លងទៅ ។ ពិធីនេះមានអ្នកចូលរួមប្រមាណ៣ពាន់នាក់។
លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា នេះជាមោទកភាពមួយសម្រាប់ប្រជាជនខេត្តកណ្ដាលដែលទទួលបានជ័យលោភីទីក្រុងស្អាត។ លោកម៉ៅ ភិរុណ បានបន្តថា លោកនឹងប្រែក្លាយពីជ័យលាភីនេះ ទៅជាសកម្មភាពអភិវឌ្ឍន៍ និងឲ្យកាន់តែស្រស់ស្អាតជាងមុន។
ការរៀបចំគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវគមនាគន៍សំខាន់ៗក្នុងក្រុង ការរៀបចំបណ្ដាញរំដោះទឹកក្នុងក្រុង ការរៀបចំសួនកុមារ-មនុស្សចាស់ ការរៀបចំណតយានយន្ត កាប៉ាលកាណូត និងការរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ ជាកត្តាធ្វើឲ្យក្រុងតាខ្មៅទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី២ ។
គួរបញ្ជក់ថា កម្ពុជាបានដាក់បេក្ខភាពទីក្រុង-ខណ្ឌចំនួន៦ ដើម្បីចូលរួមការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ នៅប្រទេសព្រុយណេ ឆ្នាំ២០២០ រួមមាន ក្រុងដូនពេញ ក្រុងកំពត ក្រុងតាខ្មៅ ក្រុងកំពង់ចាម, ក្រុងពោធិ៍សាត់ និងក្រុងកំពង់ឆ្នាំង។ ទីក្រុងឆ្នើមទទួលបានជ័យលាភីទាំង៣រួមមាន ក្រុងតាខ្មៅ ក្រុងដូនពេញ និងក្រុងកំពត៕
ប្រភពរូបថត៖ រដ្ឋបាលខេត្តកណ្តាល
Tag:
កណ្តាល
ទីក្រុងស្អាត
អាស៊ាន
ក្រុងតាខ្មៅ
© រក្សាសិទ្ធិដោយ thmeythmey.com