ភ្នំពេញ៖ ក្រោយពីទទួលបានបទពិសោធបរាជ័យអស់ជាច្រើនលើក លោក ពេជ លីសាយ មានការប្ដេជ្ញាខ្ពស់ ក្នុងការធ្វើឱ្យផលិតផលភេសជ្ជៈច្នៃពីគ្រាប់ធញ្ញជាតិនិងបន្ថែ ដែលជាផលិតផលខ្មែរ អាចប្រកួតប្រជែងទីផ្សារជាមួយការហ្វេប្រេនបាន។ តាមគម្រោង ភេសជ្ជៈច្នៃពីគ្រាប់ធញ្ញជាតិនិងបន្ថែ ដែលមាន៦ប្រភេទ អាចនឹងបង្ហាញវត្តមាននៅក្នុងហាង មានម៉ាស៊ីនត្រជាក់ និងកន្លែងសម្រាប់ពិភាក្សាការសិក្សា និងការងារ នៅអំឡុងប្រមាណជា៦ខែខាងមុខ បន្ថែមលើគុណភាពរស់ជាតិដើមនោះ។
ដើម្បីជ្រាបច្បាស់ តទៅនេះសូមប្រិយមិត្តអញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយសោមនស្សរីករាយ៖
“ទឹកសណ្ដែកធម្មជាតិម៉ែ” គឺជាឈ្មោះយីហោផលិតផលភេសជ្ជៈ ផលិតចេញពីគ្រាប់ធញ្ញជាតិ និងបន្ថែដូចជាគ្រាប់សណ្ដែក គ្រាប់ពោត គ្រាប់ជី និងផ្លែល្ពៅ ជាដើម ដែលជាផលិតផលខ្មែរ។ មានវ័យ៣៩ឆ្នាំ លោក ពេជ លីសាយ ដែលកំពុងអង្គុយនៅក្នុងផ្ទះល្វែងជាន់ផ្ទាល់ដី បានប្រាប់ពីគម្រោងដើម្បីធ្វើឱ្យផលិតផលរបស់ខ្លួន អាចប្រកួតប្រជែងទីផ្សារជាមួយកាហ្វេម៉ាកល្បីបាន៖«ឆន្ទៈរបស់ក្រុម ដែលខ្ញុំជាអ្នកដឹកនាំ យើងប្ដេជ្ញាថានឹងធ្វើឱ្យមានការផ្លាស់ប្ដួរនៅអំឡុង៦ខែទៀត។ អាចថាយើងនឹងបំបែកសាខា ឬក៏ទៅជាការបើកហាងមានម៉ាស៊ីនត្រជាក់ មានកន្លែងឱ្យសិស្សរៀន ដូចលក្ខណៈក្នុងហាងកាហ្វេអ៊ីចឹង។ ពិសេសបំផុតក្នុងគោលដៅនេះ ខ្ញុំនឹងថែមផលិតផលមួយទៀត គឺទឹកសណ្ដែកក្រឡុកហ្វ្រេប។ ផលិតផលនេះមិនទាន់មានទេ ហើយផលិតផលនេះដែរ ខ្ញុំបានធ្វើវាសាកល្បងរួចហើយ គ្រាន់តែវាត្រូវការចាយដើមទុនធំ និងត្រូវការអ្នកប្រាកដប្រជាខ្លាំង»។
លោក ពេជ លីសាយ កំពុងបិទផ្លាកយីហោលើដបភេសជ្ជៈ ជាមួយកូនស្រី
បុរសកូនមួយរូបនេះ ប្រាប់ពីវត្ថុធាតុដើមខ្លះៗ ក្នុងការយកមកផលិតភេសជ្ជៈធម្មជាតិរបស់ខ្លួន៖«ផលិតផលរបស់ខ្ញុំមាន៥មុខគឺ ទឹកសណ្ដែកសធ្វើពីសណ្ដែកសៀង ទឹកសណ្ដែកខៀវធ្វើពីសណ្ដែកបាយ ទឹកសំរងគ្រាប់ជី ទឹកល្ពៅ ហើយនឹងទឹកពោត។ ចំពោះទឹកសណ្ដែកពណ៌ស តម្លៃលក់ចេញ២,០០០រៀល ទឹកសណ្ដែកខៀវ២,៥០០រៀល ទឹកល្ពៅ២,០០០រៀល ទឹកសំរងគ្រាប់ជី ២,០០០រៀល ចំពោះទឹកពោតតម្លៃ៤,០០០រៀល វាថ្លៃជាងគេបន្តិចព្រោះផលិតផលនេះវាថ្មីក្នុងទីផ្សារ»។
ចំពោះផលិតកម្មប្រចាំថ្ងៃ ភេសជ្ជៈទាំងនេះផលិតតែ៤មុខតែប៉ុណ្ណោះ៖«បើសិនជាមិនមានការបញ្ជាទិញបន្ថែម មានន័យថាយើងលក់តាមធម្មតា ក្នុងមួយថ្ងៃយើងផលិតពី២០០ទៅ៣០០ដប។ ប្រចាំថ្ងៃយើងមានទឹកសណ្ដែកស ទឹកសណ្ដែកខៀវ ទឹកសំរងគ្រាប់ជី និងទឹកល្ពៅ។ សម្រាប់ទឹកពោតមិនមានទេ ព្រោះយើងធ្វើទឹកពោតពិសេស ថ្លៃដើមវាខ្ពស់ ដូច្នេះទាល់តែមានការបញ្ជាទិញ ក្នុងចំនួនណាមួយទើបយើងធ្វើជូនគាត់»។
សណ្ដែកដែលជាវត្ថុធាតុដើមយកមកធ្វើជាទឹកសណ្ដែក
ដោយសារតែទឹកពោត ត្រូវចំណាយថ្លៃដើមខ្ពស់ ដូច្នោះហើយលុះត្រាណាមានការបញ្ជាទិញ ក្នុងចំនួនច្រើន ទើបអាចផលិតទៅបាន៖«យើងមានផ្លាកបិទ ប្រសិនបើគេសួររកយើងយកលេខរបស់គាត់មក ហើយយើងហៅទៅកាន់គាត់។ បើគាត់ត្រូវការក្នុងបរិមាណណាមួយ ឬម្នាក់ត្រូវការ៥ដប ហើយបើបាន៤ទៅ៥នាក់ យើងអាចប្រមូលម្ដងធ្វើឱ្យគាត់បាន។ កន្លងមកយើងធ្វើបែបនេះ។ ប៉ុន្តែបើគេមិនទាន់ពេញនិយម ឬមិនទាន់ស្គាល់ទេ គឺយើងចាំបាច់ត្រូវតែធ្វើ ដើម្បីឱ្យគាត់បានសាកដែរ។ ជាទូទៅ១០ដបឬ១៥ដប មានការបញ្ជាទិញម្ដងៗ គឺយើងធ្វើជូនគាត់។ កន្លងមកមានអតិថិជន៣នាក់ហើយ ដែលគាត់មានការពេញនិយម»។
ទោះជាយ៉ាងណា ផលិតផលទឹកពោតនេះក៏មានអតិថិជនប្រចាំដែរ៖«ជួនកាលកន្លះខែគាត់មានការបញ្ជាទិញម្ដង១៥ដប គាត់ទុក៤ទៅ៥ថ្ងៃ។ ហើយអ្នកផ្សេងទៀត គាត់មិនដែលបានឮ គាត់ក៏សាកដែរ។ ដូច្នេះបើគាត់ចង់សាក របៀបដែលយើងធ្វើគឺយើងសុំការអនុញ្ញាតពីគាត់ លើកទៅពេលក្រោយ យើងចាំធ្វើសរុបយកចំនួនច្រើនតែម្ដង ដើម្បីយើងផលិតអស់ថ្លៃដើមតិច»។
មានពិសោធន៍លក់ទឹកសណ្ដែកក្នុងលក្ខណៈគ្រួសារជិតដប់ឆ្នាំ ហើយក្នុងអំឡុងពេលនោះ ក៏ជាវេលាដែលលោក ពេជ លីសាយ បរាជ័យដែរ ហេតុនោះហើយទើបបានជាធ្វើឱ្យពេលនេះ លោកហាក់មានទំនុកចិត្តខ្ពស់ក្នុងការធ្វើវាឱ្យប្រសើរជាងមុន៖«ខ្ញុំខ្លួនឯងផ្ទាល់ដែលជាអ្នកដឹកនាំក្រុមអាជីវកម្មនេះ គឺជម្នះច្រើនរឿងណាស់ ហើយបើនិយាយពីដួលវិញគឺប្រហែលជា៧ទៅ៨ដង ហើយខាតច្រើន។ ដូច្នេះបានជាខ្ញុំដឹងអារម្មណ៍មួយនេះ គឹអ្នកដឹងនាំត្រូវមានជំហរមួយខ្លួនឯង គាត់ត្រូវមានបទពិសោធ មានចំណេះដឹង គាត់ត្រូវមានការលត់ដំ។ សម្រាប់ខ្ញុំអាជីវកម្មនេះ អាចនិយាយបានថាវាជាដង្ហើមចុងក្រោយរបស់ខ្ញុំ គឺត្រូវធ្វើយ៉ាងម៉េចផ្ដោតអារម្មណ៍របស់ខ្លួនឯងទៅលើអាជីរកម្មមួយហ្នឹង»។
ផ្លែសូរងនិងផ្លែល្ពៅ ដែលយកមកធ្វើជាវត្ថុធាតុដើមក្នុងការផលិតភេសជ្ជៈ
ចាប់ផ្ដើមសាជាថ្មីនៅដើមឆ្នាំ២០២០នេះ បុរសសម្បុរស លីសាយ បានសហការគ្នាជាមួយមិត្តភ័ក្ដិ២នាក់ទៀតដើម្បីចូលភាគហ៊ុន ព្រមទាំងបង្កើតទ្រឹស្តីសម្រាប់អាជីវកម្មមួយនេះថែមទៀតផង៖«ថ្វីដ្បិតតែខ្ញុំជាអ្នកគ្រប់គ្រងនឹងដឹកនាំអាជីវកម្មមួយនេះក៏ពិតមែន ប៉ុន្តែចំណែកនេះ យើងប្រើជាដើមទុនភាគហ៊ុន មានន័យថាមាន៣ម្ចាស់ ដូច្នេះខ្ញុំប្រកាន់គោលការ៣ដែលខ្ញុំបានរកឃើញដោយខ្លួនឯង។ ទីមួយខ្ញុំចង់ឱ្យពួកគាត់ទាំងអស់គ្នាហ្នឹងចេះរាប់គ្រាប់ខ្សាច់ ធ្វើម៉េចឱ្យអារម្មណ៍ស្ងប់ ហើយចាប់ផ្ដើមរាប់គ្រាប់ខ្សាច់ដោយប្រុងប្រយ័ត្ន ដូច្នេះបើយើងប្រៀបនឹងទង្វើអ្វីមួយ ទោះបីជាអ្នកណានិយាយអ្វីក៏ដោយ បើយើងសម្រេចចិត្តថាធ្វើហើយ កុំខ្វល់ពីសម្ដីអ្នកដទៃ គឺប្រើអារម្មណ៍មួយចាប់គ្រាប់ខ្សាច់ដោយយកចិត្តទុកដាក់ ដោយប្រយ័ត្នបំផុត»។
លោកបន្ថែម៖«អត្ថន័យទីពីរគឺអ្នកទាំងអស់គ្នាត្រូវឡើងប្រកួត មិនអាចនៅសំងំបែបនេះបានទេ ពីព្រោះឡើងប្រកួតត្រូវយកពាន ត្រូវយកជោគជ័យ អ៊ីចឹងត្រូវការការហ្វឹកហាត់។ ការងារគាត់ច្រើនជាងមុន អំរែកគាត់ធ្ងន់ជាងមុន ដូច្នេះឱ្យគាត់ហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករម្នាក់ ដែលប្រកួតនៅលើទីផ្សារ ឈ្នះគេ។ ចំណុចទី៣បាញ់ឱ្យចំគោលដៅ មានន័យថាបើសិនជាក្រុមបានមើលឃើញថាវាជាឱកាសសម្រាប់យើងហើយ គឺសង្រួមចិត្តបាញ់ឱ្យចំគោលដៅតែម្ដង។ នេះហើយជាចំណុចទាំង៣ដែលខ្ញុំបណ្ដុះនៅក្នុងក្រុម»។
សកម្មភាពបិទផ្លាកយីហោលើដបភេសជ្ជៈ
ផ្ដើមចេញពីដើមទុនត្រឹម២ពាន់ដុល្លារអាមេរិក អាជីវកម្មខ្នាត់តូចនេះ ទទួលបានអតិថិជនគាំទ្រជាប្រចាំ និងកាន់តែមានសង្ឃឹមពង្រីកខ្លួនកាន់តែឆាប់ ហើយលោក លីសាយ បញ្ជាក់ បន្ថែមដូច្នេះ៖«ដើមទុនយើងចាប់ផ្ដើមតិចបំផុតតែជាង២ពាន់ដុល្លារទេ គឺយើងទិញឧបករណ៍ថ្មីទាំងអស់។ លក់បានជាសរុបក្នុងមួយខែគឺជិត១ពាន់ដុល្លារដែរ នេះត្រឹមតែប៉ុន្មានខែដំបូងនេះទេ។ ចំពោះកន្លែងលក់ យើងមានសាខាធំៗ២ គឺនៅកន្លែងផលិតនេះ១ គឹយើងដាក់លក់នៅខាងមុខ កន្លែងទី២គឺនៅជើងឯក។ នៅជើងឯកនោះអាចនិយាយបានថា លក់បានល្អជាងកន្លែងលក់ផ្សេងៗទៀតទាំងអស់ ក្នុងចំណោមកន្លែងលក់ទាំងអស់។ ក្រៅពីនេះយើងមានកន្លែងជួយលក់បន្ត ខាងបុរី សាលារៀន កន្លែងលក់អីវ៉ាន់ និងសកលវិទ្យាល័យ។ ប៉ុន្មានថ្ងៃមុនហ្នឹង ខាងនិស្សិតនៅសាលាភូមិន្ទគេយកខ្ទង់៥០០ដប ដើម្បីរៀបចំក្នុងកម្មវិធីរបស់គាត់»។
ទោះជាយ៉ាងណា កាចែកចាយទៅសាខាលក់បន្ត ម៉ាកយីយោ“ទឹកសណ្ដែកធម្មជាតិម៉ែ” មានការតាមដានពីការរក្សាគុណភាពយ៉ាងល្អិតល្អន់៖«ទំនិញដែលយើងយកទៅដាក់ យើងត្រូវចុះទៅត្រួតពិនិត្យមួយថ្ងៃយ៉ាងហោចណាស់មួយដងដែរ ទី១មើលការទុកដាក់របស់គាត់ ថាតើគាត់បានដាក់ទឹកកកក្លាសេត្រឹមត្រូវទេ តាមកម្រិតដែលយើងចង់បានឬក៏អត់? ហើយបើមានការខ្វះខាតអ្វីយើងជូនដំណឹងទៅគាត់។ ហើយបើគាត់មិនយកចិត្តទុកដាក់ គឺយើងដកចេញ ព្រោះកាលណាអតិថិជនទិញពីកន្លែងគាត់ទៅ វាខូចឈ្មោះទឹកសណ្ដែករបស់យើង។ ដូច្នេះកាលពីមុនយើងមានកន្លែងលក់បន្ត៧កន្លែង ប៉ុន្តែពេលនេះយើងដកចេញអស់៣កន្លែងហើយ»។
ភេសជ្ជៈផលិតរួច ដែលដាក់ក្នុងធុងទឹកកកសម្រាប់លក់
ព្រោះតែចង់សាងកេរ្តិ៍ឈ្មោះ និងចង់ឱ្យអតិថិជនជឿលើគុណភាពភេសជ្ជៈរបស់ខ្លួន ប្រធានក្រុមរូបនេះ បានពន្យល់ពីមូលហេតុដែលយកពាក្យម៉ែ មកធ្វើជាយីហោរបស់ខ្លួន៖«អាជីវកម្មខ្ញុំដាក់ថាទឹកសណ្ដែកម៉ែ ដូច្នេះអ្វីដែលជាខ្លឹមសារសំខាន់ៗ គឺម្ដាយពេលដែលធ្វើអ្វីគឺគាត់ផ្ចិតផ្ចង់ណាស់ គាត់គិតគូរអំពីការហូបជាលក្ខណៈគ្រួសារ ហើយនឹងខាងក្រៅ។ ចំណែកទី២ ម៉ែគាត់ចង់ឱ្យគ្រួសារមួយហ្នឹងរុងរឿងរីកចម្រើន ដូច្នេះទង្វើសព្វបែបយ៉ាងត្រូវតែប្រយ័ត្នប្រយែង»៕