អន្តរជាតិ
ចិន ប្រើ​ឱសថ​បុរាណ​ដើម្បី​ព្យាបាល​ជំងឺ COVID-19
15, Feb 2020 , 4:03 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​នេះ ចិន​និយាយថា ខ្លួន​បាន​ប្រើប្រាស់​ឱសថ​បុរាណ​ចិន​លើ​អ្នកជំងឺ​ផ្លូវដង្ហើម​ដែល​បង្កដោយ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​។ មន្ត្រីជាន់ខ្ពស់​សុខាភិបាល​ចិន លោក Wang Hesheng និយាយថា ការប្រើប្រាស់​ថ្នាំបុរាណ ត្រូវអនុវត្ត​លើ​អ្នកជំងឺ​ច្រើនជាង​ពាក់កណ្ដាល​ដើម្បី​កាត់បន្ថយ​អត្រា​មរណភាព​ឲ្យ​បាន​ទាប​បំផុត​។ ឱសថ​បុរាណ​ចិន ក៏ត្រូវ​ប្រើ​លាយ​ជាមួយ​ថ្នាំពេទ្យ​សម័យ​បច្ចុប្បន្ន​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​វីរុស​ផងដែរ​។​

 
​ទោះ​ពឹង​ផ្អែកលើ​ថ្នាំពេទ្យ​សម័យ​ទំនើប​ដើម្បី​ព្យាបាល COVID-19 ក្ដី ចិន​ក៏​មិន​ភ្លេច​ប្រើ​ឱសថ​បុរាណ​របស់ខ្លួន​ដែរ​។ លោក Wang Hesheng អនុប្រធាន​គណៈកម្មកា​រ​សុខាភិបាល​ជាតិចិន និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៥ ខែកុម្ភៈ​ថា ឱសថ​បុរាណ ត្រូវបាន​ប្រើប្រាស់​លើ​អ្នក​ដែល​ត្រូវ​បញ្ជាក់ថា ឆ្លង​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​ក្នុង​ខេត្ត​ហ៊ូ​ប៉ី ដែល​ទីក្រុង​វូ​ហាន​នៃ​ខេត្ត​នេះ ជាទី​តាំង​ផ្ទុះ​ករណី​កូ​រ៉ូ​ណាវី​រុស​នេះ​ដំបូង​គេ​បំផុត​។​
 
​លោក Wang ដែល​ទើប​តែងតាំង​ឲ្យ​ទទួលបន្ទុក​កិច្ចការ​សុខាភិបាល​ប្រចាំខេត្ត​ហ៊ូ​ប៉ី​នាពេល​ថ្មីៗ​នេះ បន្ថែមថា តាំងពី​ផ្ទុះ​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​មក រដ្ឋាភិបាល បាន​ផ្ដោត​សំខាន់​លើ​ការប្រើប្រាស់​ថ្នាំបុរាណ​របស់​ចិន និង​ថ្នាំ​របស់លោក​ខាងលិច​។ លោក​បន្តថា ចិន​បាន​ប្រមូល​អ្នកស្រាវជ្រាវ និង​ថ្នាំ​ពូកែៗ​ទាំង​ប្រភេទ​ថ្នាំបុរាណ និង​ថ្នាំ​បស្ចិមប្រទេស​ដើម្បី​យកទៅ​ព្យាបាល​អ្នកជំងឺ ព្រោះ​ការបញ្ចូល​គ្នា​រវាង​ថ្នាំ​ទាំងពីរ ដើរតួ​នា​សំខាន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​វីរុស​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua សាកលវិទ្យាល័យ និង​មន្ទីរពេទ្យ​ផ្នែក​ឱសថ​បុរាណ បាន​បញ្ជូន​បុគ្គលិក​របស់ខ្លួន​ប្រមាណ​២,២២០​នាក់​ទៅកាន់​ខេត្ត​ហ៊ូ​ប៉ី​ដើម្បី​ទប់ទល់​ករណី​រាលដាល​កូ​រ៉ូ​ណាវី​រុស​។ មិនមែន​តែ​ប្រើ​ក្នុងការ​ព្យាបាល​ឡើយ លោក Wang បញ្ជាក់ដែរថា ឱសថ​បុរាណ ក៏​ត្រូវបាន​ប្រើប្រាស់​លើ​ការទប់ស្កាត់ និង​គ្រប់គ្រង​វីរុស​ប្រភេទ​ថ្មី​នៅ​កម្រិត​សហគមន៍​ផងដែរ​។ 
 
«​តាមរយៈ​ការបញ្ចូល​គ្នា​រវាង​ធនធាន​ឱសថ​បុរាណ​ចិន និង​ថ្នាំ​បស្ចិមប្រទេស ចិន​ព្យាយាម​បង្កើន​អត្រា​ព្យាបាល​អ្នកជំងឺ និង​កាត់បន្ថយ​អត្រា​មរណភាព​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាចធ្វើ​បាន សំដៅ​ការពារ​សុវត្ថិភាព និង​សុខភាព​ប្រជាជន​។​» នេះ​ជាការ​បន្ថែម​លោក Wang ។​
 
​សូមបញ្ជាក់ថា បើ​គិត​ត្រឹម​ថ្ងៃទី​១៥ ខែកុម្ភៈ ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 មាន​ចំនួន​១៥២៣​នាក់​នៅ​ទូទាំង​ពិភពលោក ខណៈ​អ្នក​ឆ្លង​កើន​ឡើងដល់​ប្រមាណ​៦៧ ០០០​នាក់ នៅ​ប្រទេស​ចំនួន​២៦ ដោយ​ភាគច្រើនបំផុត​នៅ​ចិន ជាពិសេស​នៅ​ក្រុង​វូ​ហាន​ដែលជា​កន្លែង​ផ្ទុះ​ជំងឺ​។ អ្នកជំងឺ​ជាង​១​ម៉ឺន​នាក់ ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​។ ចំនួន​អ្នក​ឆ្លង​ថ្មីៗ បាន​បន្ត​ថយចុះ ស្របពេល​មនុស្ស​ប្រមាណ​៧៧០០​នាក់ បាន​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​៕
 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com