អន្តរជាតិ
ទេសចរណ៍​នៅ​ថៃ ធ្លាក់ចុះ​៤៣​ភាគរយ ដោយសារ​ករណី COVID-19 ពី​វូ​ហាន​
15, Feb 2020 , 10:29 pm        
រូបភាព
ដោយ: ធីតា
​ចាប់តាំងពី​ដើមខែ​កុម្ភៈ នេះ​មក ទេសចរណ៍​នៅ​ប្រទេស​ថៃ បាន​ធ្លាក់ចុះ​៤៣​ភាគរយ​។ ជាមួយគ្នា​នោះ ភ្ញៀវ​ចិន​ដែលជា​ទីផ្សារ​ដ៏​ធំ​របស់​ថៃ បាន​ធ្លាក់ចុះ​រហូតដល់​ទៅ​៨៦​ភាគរយ​ឯណោះ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ Thailande.fr ។​

 
​បើតាម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និង​កីឡា លោក Phiphat Ratchakitprakarn ចំនួន​ភ្ញៀវទេសច​ចូលទៅ​ថៃ​ចន្លោះ​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៩ ខែកុម្ភៈ បាន​ថយចុះ​៤៣,៤៧​ភាគរយ ចំណែកឯ​ចំនួន​ភ្ញៀវទេសចរ​ចិន បាន​ធ្លាក់ចុះ ៨៦,៥៥​ភាគរយ​។​
 
​លោក Phiphat បាន​ប៉ាន់ប្រមាណ​ថា សម្រាប់​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២០ នេះ ទេសចរណ៍​នៅ​ថៃ អាច​ធ្លាក់ចុះ​ក្នុង​រង្វង់​៥០​ភាគរយ ដោយសារ​ការភ័យខ្លាច​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19​។​
 
​លោក​រដ្ឋមន្ត្រី​ទេសចរណ៍​ថៃ​រូបនេះ ក៏បាន​លើកឡើង​ផងដែរ​ថា ទីផ្សារ​ពី​ចិន​អាច​បន្ត​ធ្លាក់ចុះ​៩០​ភាគរយ​នៅ​ខែកុម្ភៈ ប៉ុន្តែ​លោក​រំពឹងថា ចំនួន​នឹង​កើនឡើង​វិញ នៅ​ខែមេសា ប្រសិនបើ​ករណី​ជំងឺ COVID-19 មិន​ការ​ថមថយ ហើយ​រដ្ឋាភិបាល​ចិន​លុបចោល​ការហាម​ប្រាម​ជនជាតិ​ខ្លួន​សម្រាប់​ដំណើរ​ទៅ​ក្រៅប្រទេស​។​
 
​កាលពី​ឆ្នាំ​២០១៩​កន្លងមក ថៃ​ទទួលបាន​ទេសចរ​ចិន​១០,៩៩​លាន​នាក់​ក្នុងចំណោម​ទេសចរ​សរុប​៣៩,៨​លាន​នាក់​។ ថៃ​ជា​គោលដៅ​ដ៏​ធំ​របស់​ទេសចរ​ចិន ហើយ​ការ​រាលដាល COVID-19 ដែលមាន​ប្រភព​ចេញពី​ក្រុង​វូ​ហាន ខេត្ត Hubei ចាប់តាំងពី​ខែធ្នូ​មក​នោះ បានធ្វើ​ឲ្យ​ថៃ បាត់បង់​ចំណូល​ថវិកាជាតិ​ពី​វិស័យ​ទេសចរណ៍​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផងដែរ​៕
 

Tag:
 ទេសចរណ៍​
  COVID19
© រក្សាសិទ្ធិដោយ thmeythmey.com