អន្តរជាតិ
Update៖ អ្នកស្លាប់​ដោយ COVID-19 ឡើងដល់​១៦៦៩នាក់
16, Feb 2020 , 12:14 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ: រួបរួម
អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​នាក់​១៦៦៩​នាក់​ហើយ បើ​គិត​ត្រឹម​ម៉ោង​១២ថ្ងៃត្រង់ នា​ថ្ងៃអាទិត្យ ទី​១៦ ខែកុម្ភៈ នេះ​។ បារាំង ជា​ប្រទេស​ទី​១​ក្រៅ​តំបន់​អាស៊ី​ដែលមាន​ករណី​មនុស្ស​ស្លាប់​។ ជប៉ុន និង​ហ្វីលីពីន ក៏មាន​១​ករណី​រៀងៗ​ខ្លួន​ផងដែរ ខណៈ​អ្នកស្លាប់​ផ្សេងទៀត ស្ថិតក្នុង​ប្រទេស​ចិន ជាពិសេស​ក្រុង​វូ​ហាន ខេត្ត Hubei ជាទី​តាំង​ផ្ទុះ​ជំងឺ​ដំបូង​។​



​ទិន្នន័យ Tracking Coronavirus របស់ BNO News បង្ហាញ​ផងដែរ​ថា តួលេខ​អ្នកជំងឺ​កើន​ឡើងដល់​ប្រមាណ​៧០ ០០០​នាក់ នៅ​ប្រទេស​ចំនួន​២៦ ។ អ្នកជំងឺ​ជាង​១១ ០០០​នាក់ ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ រីឯ​ជាង​៨០០០​នាក់ បាន​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​បើ​ប្រៀបធៀប​កាលពី​ម្សិលមិញ Hubei កើន​អ្នកស្លាប់​១៣៩​នាក់​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​នៅ​ខេត្ត​នេះ ឡើងដល់​១៥៩៦​នាក់ រីឯ​អ្នកជំងឺ​ឡើងដល់​ប្រមាណ​៥៧០០០​នាក់​។​ អ្នកស្លាប់៣នាក់បន្ថែមទៀត មាន១នៅហ៊ូណាន និង២នៅស៊ីឈួន។

​ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៥​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ជប៉ុន (​បញ្ចូល​ទាំង​អ្នកជំងឺ​នៅលើ​នាវា​ទេសចរណ៍ Diamond Princess) ថៃ សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេ​ស្ប៉ា​ញ បែលហ្ស៊ិក និង​អេ​ហ្ស៊ី​ប​៕



Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com