អន្តរជាតិ
COVID-19៖ ករណីឆ្លងលើនាវា Diamond Princess នៅជប៉ុនឡើងដល់៣៥៥នាក់ ឯសិង្ហបុរីនិងកូរ៉េខាងត្បូងបន្តកើន នាវា Diamond Princess នៅឯកំពង់ផែ Yokohama ។ រូបភាព AFP
× ករណីឆ្លងជំងឺ COVID-19 ដែលបង្កដោយកូរ៉ូណាវីរុសនៅសិង្ហបុរី និងកូរ៉េខាងត្បូង បានកើនឡើងដូចគ្នា។ នៅថ្ងៃទី១៥ ខែកុម្ភៈម្សិលមិញ ក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ពីករណីឆ្លងចំនួន៥ទៀត ខណៈនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ កូរ៉េខាងត្បូងក៏ប្រកាសផងដែរពីការរកឃើញករណីឆ្លងចំនួនករណី។ នៅជប៉ុនឯណោះ ករណីឆ្លងកូរ៉ូណាវីរុសនៅលើនាវាកម្សាន្ត Diamond Princess ក៏បន្តកើនឡើងថែមទៀតដែរ។
អាជ្ញាធរជប៉ុន នៅថ្ងៃទី១៦ ខែកុម្ភៈ បានប្រកាសពីការរកឃើញករណីឆ្លង៧០នាក់ទៀតនៅលើនាវា Diamond Princess បន្ទាប់ពីធ្វើតេស្តវិជ្ជមានរួចមក។ បូកនឹងករណីឆ្លងមុនៗទៀត នៅលើនាវានេះ មានករណីឆ្លងសរុប៣៥៥ហើយ។
នៅកូរ៉េខាងត្បូងឯណោះវិញ ក៏រកឃើញករណីឆ្លងថ្មីមួយទៀតដែរ។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកូរ៉េ ប្រកាសថា ករណីចុងក្រោយ និងជាករណីទី២៩ក្នុងប្រទេស កើតលើបុរសវ័យ៨២ឆ្នាំ ដែលគ្មានប្រវត្តិទៅចិន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។
ចំណែកក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃទី១៥ ខែកុម្ភៈ បានប្រកាសថា ករណីឆ្លងកូរ៉ូណាវីរុសនៅសិង្ហបុរី បានកើនដល់៧២ហើយ បន្ទាប់ពីបានរកឃើញករណីឆ្លងចំនួនទៀត។ ក្នុងចំណោមអ្នកទាំង៥ មានបីជាសមាជិកជួបជុំនៅវិហារគ្រិស្តមួយកន្លែងដែលមានករណីឆ្លងវីរុសនេះ, ម្នាក់ស្ថិតក្នុងចំណោមកម្មករនៅការដ្ឋានមួយកន្លែងដែលមានករណីឆ្លងដែរ និងម្នាក់ទៀតមានទំនាក់ទំនងជាអ្នកជំងឺ COVID-19 លើកមុនៗ។
ជាមួយគ្នានោះ អ្នកជំងឺម្នាក់ទៀត ក៏ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក្រោយទទួលបានការព្យាបាលរួចរាល់។ ចំនួនអ្នកចេញពីមន្ទីរពេទ្យសរុបមានចំនួន១៨ គិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ Channel NewsAsia ។
សូមបញ្ជាក់ថា អ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) ឡើងដល់នាក់១៦៦៦នាក់ហើយ បើគិតត្រឹមព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ។ បារាំង ជាប្រទេសទីមួយក្រៅតំបន់អាស៊ីដែលមានករណីមនុស្សស្លាប់។ ជប៉ុន និងហ្វីលីពីន ក៏មាន១ករណីរៀងៗខ្លួនផងដែរ។ ចំណែកតួលេខអ្នកជំងឺកើនឡើងដល់ប្រមាណ៧០ ០០០នាក់ នៅប្រទេសចំនួន២៦ ខណៈមនុស្សជាង៨០០០នាក់ បានសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕
Tag:
ជប៉ុន
កូរ៉េខាងត្បូង
សិង្ហបុរី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com