អាមេរិក ព្រមាន​អឺរ៉ុប​កុំ​ឲ្យ​ដើរ​តាម «​ទិសដៅ​ខុស​» ជាមួយ​ចិន​
អន្តរជាតិ
អាមេរិក ព្រមាន​អឺរ៉ុប​កុំ​ឲ្យ​ដើរ​តាម «​ទិសដៅ​ខុស​» ជាមួយ​ចិន​
16, Feb 2020 , 8:59 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាមេរិក ម៉ាក អេស្ពើ ។ រូបភាព AFP
រដ្ឋមន្រ្តីការពារជាតិអាមេរិក ម៉ាក អេស្ពើ ។ រូបភាព AFP
​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ បាន​ព្រមាន​ដៃគូ​អឺរ៉ុប​របស់ខ្លួន​ឲ្យ​មាន​ជំហរ​តឹងរ៉ឹង​ដាក់​ចិន ហើយ​មិនត្រូវ​ដើរ​តាម​ទិសដៅ​ខុស​តាម​ចិន​ឡើយ​។ ពាក្យ​ព្រមាន​របស់​អាមេរិក​ដែល​ថ្លែង​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ និង​ការបរទេស​ពី​ជំនួប​សន្តិសុខ​អន្តរជាតិ​នៅ​អាល្លឺម៉ង់ ធ្វើឡើង​ខណៈ​អឺរ៉ុប ត្រូវ​មើលឃើញថា បន្ត​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​ចិន ទោះ​មាន​បញ្ហា​ខ្លះ​ក្ដី​។ ប៉ុន្តែ​ចិន​ប្រតិកម្ម​វិញ​ថា មន្ត្រី​អាមេរិក​កំពុងនិយាយ​កុហក​ប៉ុណ្ណោះ​។

 
​ពី​វេទិកា​សន្និសីទ​សន្តិសុខ​មុយ​និក មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អាមេរិក​ពីរ​នាក់ គឺ​រដ្ឋមន្ត្រី​ការពារជាតិ ម៉ាក អេ​ស្ពើ និង​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ បានដាក់​វេន​គ្នា​ពន្លះ​ចិន​ឥត​ប្រណី​មាត់ ទន្ទឹមនឹង​ការ​រំឭក​សម្ពន្ធមិត្ត​នៅ​អឺរ៉ុប​របស់ខ្លួន​ឲ្យ​ប្រយ័ត្ន​នឹង​ចិន​។ អឺរ៉ុប ត្រូវ​មើលឃើញថា នៅ​ចំ​កណ្ដាល​ការប្រកួតប្រជែង​រវាង​អាមេរិក និង​ចិន​ដែល​បាន​ឡើង​កម្ដៅ​នៅលើ​វិស័យ​ជាច្រើន​ចាប់ពី​បច្ចេកវិទ្យា សេដ្ឋកិច្ច និង​ការធ្វើ​ពាណិជ្ជកម្ម​ផង​។ 
 
​ចំពោះមុខ​មេដឹកនាំ​សំខាន់​ដែល​បាន​ចូលរួម លោក អេ​ស្ពើ និយាយថា ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី ស៊ី ជិន​ភីង បក្ស​កុម្មុយនីស្ត​ចិន បាន​រុលទៅមុខ​យ៉ាង​លឿន និង​កាន់តែ​ឆ្ងាយ​ក្នុងទិសដៅ​ខុស​ដូច​ជាការ​រឹតត្បិត​សេរីភាព​ប្រជាជន ការអនុវត្ត​គោលនយោបាយ​ដែល​កេងចំណេញ​ខ្លាំង និង​កាន់តែ​បារម្ភ​សម្រាប់​រូបលោក គឺ​យោធា​ដែល​អាច​បង្កហេតុ​បាន​។ បើតាម​កាសែត South China Morning Post លោក អេ​ស្ពើ ចោទ​ចិន​ទៀតថា ចង​កែប្រែ​សណ្ដាប់ធ្នាប់​ពិភពលោក​។​
 
​ចំណែក​លោក ប៉ុ​ម​ប៉េ​អូ វិញ ប្រដូច​ចិន​ទៅនឹង​រុស្ស៊ី និង​អ៊ីរ៉ង់​ដែល​សុទ្ធសឹង​បង្ក​ការគំរាមកំហែង​ដល់​អឺរ៉ុប និង​អាមេរិក​។ ប្រមុខ​ការទូត​អាមេរិក​រូបនេះ ក៏​រិះគន់​ចិន​ថា បង្ក​ហានិភ័យ​នៃ​គុណ​តម្លៃ​លោកខាងលិច ហើយ​បានលើកឡើង​ពី​ចំណុច​ប្រាំ​ដែល​អឺរ៉ុប​ត្រូវ​ដឹង​ពី​ចិន​ដូចជា ក្រុមហ៊ុន Huawei មហិច្ឆតា​ផ្លូវ​សមុទ្រ ការប៉ុនប៉ង​បំបិទ​សំឡេង​តៃវ៉ាន់ និង​ហុងកុង ការព្យាយាម​បញ្ជ្រាប​ឥទ្ធិពល​ក្នុង​នយោបាយ​អាមេរិក និង​អឺរ៉ុប និង​ការបង្កើន​វត្តមាន​អាក់​ទិ​ក​ជាដើម​។​
 
​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី ដែល​ចូលរួម​សន្និសីទ​អន្តរជាតិ​នេះដែរ បាន​ច្រានចោល​ពាក្យសម្ដី​ចោទប្រកាន់​របស់​មន្ត្រី​អាមេរិក​។ លោក វ៉ាង ប្រាប់​អ្នកចូលរួម​ថា ចិន​នៅតែ​គោរព​យន្តការ​ពហុភាគី​និយម​ដើម្បី​សន្តិភាព​ពិភពលោក​។ ដោយ​អះអាងថា អ្វីដែល​លោក អេ​ស្ពើ និង​លោក ប៉ុ​ម​ប៉េ​អូ លើក​ឡើងជា​រឿង​កុហក ប្រមុខ​ការទូត​ចិន​រូបនេះ​បន្ថែម ពួកគេ​តែងតែ​ដើរ​និយាយ​ចោទ​ចិន​ឥតឈប់ឈរ មិន​ថា​ចូលរួម​វេទិកា​អ្វី​ឡើយ​។​
 
​ការព្រមាន​របស់​មន្ត្រី​ទាំងពីរ ទំនងជា​បង្ហាញ​ពីអ្វី​ដែល​អាមេរិក​កំពុង​រង្កៀស​ចិត្ត​នោះ គឺ​ការយឺតយ៉ាវ​ក្នុងការ​ឆ្លើយតប​របស់​អឺរ៉ុប​ទៅនឹង​ការកើនឡើង​នៃ​ឥទ្ធិពល​ចិន​លើ​វិស័យ 5G ។ វ៉ាស៊ីនតោន បាន​ព្រមាន​ម្ដង​ហើយ​ម្ដងទៀត​ពី​ហានិភ័យ​របស់ 5G ដែល​អភិវឌ្ឍ​ដោយ Huawei ហើយ​ព្យាយាម​បញ្ចុះបញ្ចូល​សម្ពន្ធមិត្តរ​បស់​ខ្លួន​ឲ្យ​បិទផ្លូវ​ក្រុមហ៊ុន​ចិន​។ យ៉ាងណាមិញ ប្រទេស​អឺរ៉ុប​ដែល​ត្រូវ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ល្បឿន​លឿន និង​ទីផ្សារ​ដ៏​ធំ​របស់​ចិន​នោះ នៅតែ​រារែក​៕ 

Tag:
 អឺរ៉ុប​
  ចិន​
 ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com