ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ស្តាប់ កញ្ញា សុធា​រតន៍ ពន្យល់​ពី​ប្រយោជន៍ «​អាចម៍​ជន្លេន​» សម្រាប់​ដំណាំ​កសិកម្ម​!
16, Feb 2020 , 9:29 pm        
រូបភាព
កញ្ញា សុខ សុធារតន៍ ស្ថាបនិកជន្លេន។  រូបថត ផ្តល់ដោយកញ្ញា សុខ សុធារតន៍។
កញ្ញា សុខ សុធារតន៍ ស្ថាបនិកជន្លេន។ រូបថត ផ្តល់ដោយកញ្ញា សុខ សុធារតន៍។
​លាមក ឬ អាចម៍​ជន្លេន មិន​ត្រឹមតែ​ជួយ​ដល់​ដំណាំ​កសិកម្ម​ឱ្យ​លូតលាស់​ល្អ​នោះទេ គឺ​ថែមទាំង​ជួយ​សម្អាត​បរិស្ថាន និង​ជួយ​ដល់​ជីវភាព​រស់នៅ​របស់​ក​សិ​ករ​ផងដែរ តាមរយៈ​ការកាត់បន្ថយ​ទិញ​ជី​និង​ថ្នាំពុល​គីមី​កសិករ​។ លើសពីនេះ​ទៀត កសិករ​អាច​ទទួលបាន​ប្រាក់ចំណូល​បន្ថែម​ពី​ការចិញ្ចឹម​ជន្លេន​យក​អា​ចម៍លក់​។ នេះ​ជា​លើកឡើង​របស់ កញ្ញា សុខ សុធា​រតន៍ ស្ថាបនិក​អាជីវកម្ម​ជន្លេន ដោយបាន​បញ្ជាក់ថា បច្ចុប្បន្ន ក្រៅពី​ចិញ្ចឹម​ជន្លេន​ខ្លួនឯង​យក​អាចម៍ កញ្ញា សុធា​រតន៍ ក៏​ប្រមូល​ទិញ​អាចម៍ ជន្លេន​ពី​កសិករ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ​ក្នុងតម្លៃ​សមរម្យ ផងដែរ​។

 
​ជន្លេន គឺជា​ប្រភេទ​សត្វល្អិត​មាន​ប្រយោជន៍​មួយ​ប្រភេទ​ក្នុង​វិស័យ​កសិកម្ម​ដោយមាន​សមត្ថភាព​ក្នុងការ​បំបែ​ង​កាកសំណល់​សរីរាង្គ​សើម ដូចជា​កាកសំណល់​ផ្ទះបាយ បន្លែ​-​ផ្លែឈើ អាចម៍គោ​...​ជាដើម ទៅជា​អាចម៍​ជន្លេន ក្លាយជា​ជីធម្មជាតិ​ដែលមាន​សារធាតុចិញ្ចឹម​ខ្ពស់​សម្រាប់​ការប្រើប្រាស់​លើ​ដំណាំ​ផ្សេងៗ​។ 
 
​សូម​ស្តាប់​បទ​សម្ភាស រវាង​កញ្ញា អ៊ូ សុខ​មាន អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​កញ្ញា សុខ សុធា​រតន៍ ស្ថាបនិក​នៃ​អាជីវកម្ម​ជន្លេន ដូចតទៅ​៖ 



 
​បើតាម កញ្ញា សុខ សុធា​រតន៍ ជី​អាចម៍​ជន្លេន​នេះ គឺអាច​ឱ្យ​កសិករ​យកទៅ​ប្រើប្រាស់​បាន​ភ្លាមៗ​នៅលើ​ដំណាំ​របស់ខ្លួន ក្រោយ​ការប្រមូល​ផល​បាន​ពី​ជន្លេន​ទាំងនោះ​។  ស្ថាបនិក​ជន្លេន​វ័យក្មេង​រូបនេះ បាន​អះអាងថា ថ្វី​ដ្បិត​ជី​អាចម៍​ជន្លេន វា​មិនមាន​ប្រសិទ្ធភាព​ភ្លាមៗ​ដូចជា​ជីគីមី និង​ថ្នាំពុល​គីមីកសិកម្ម​ក៏ពិតមែន ប៉ុន្តែ​សារធាតុចិញ្ចឹម​ក្នុង​អាច​ន៍​ជន្លេន​នេះ  នឹង​ជួយ​ដល់​ការលូតលាស់​របស់​ដំណាំ​គ្រប់​ប្រភេទ​ម្តង​បន្តិចៗ ដែល​ធ្វើឱ្យ​ដំណាំ​មាន​សុខភាព​ល្អ ដល់​ផ្លែ ផ្កា​ទៀងទាត់​ទៅតាម​រដូវ​កាល​នីមួយៗ​ជាប្រចាំ​។ ក្រៅពី​អត្ថប្រយោជន៍​ជា​និរន្តរភាព​ដែល​បាន​ពី​ជី​អាចម៍​ជន្ល​ន​ក្នុង​ការដាំ​ដំណាំ​ផ្សេងៗ កញ្ញា  សុធា​រតន៍ បាន​បញ្ជាក់ថា ការចិញ្ចឹម​ជន្លេន​យក​អាចម៍​ធ្វើ​ជីធម្មជាតិ​នេះ  កសិករ​គ្រាន់​ចំណាយពេល​ត្រឹម​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ  គឺអាច​ទទួលបាន​អាចម៍​ជន្លេន​ប្រើប្រាស់​ហើយ​។ 
 
​តាមរយៈ​បទពិសោធន៍​២​ឆ្នាំកន្លងមក​នៃ​ការចិញ្ចឹម​ជន្លេន​យក​អា​ចម៍នេះ កញ្ញា សុធា​រតន៍ បាន​លើកឡើងថា​បរិមាណ​នៃ​ការទទួលបាន​ជី​អាចម៍​ជន្លេន គឺ​អាស្រ័យទៅលើ​វត្ថុធាតុដើម​នីមួយៗ ដោយ​កញ្ញា​បាន​និយាយ​ដូច្នេះ ៖«​យើង​យក​វត្ថុធាតុដើម​ដែលជា​កាកសំណល់​ផ្ទះបាយ​ឬ​អាច​ន៍​គោ​ចំនួន​១០​គីឡូក្រាម និង​ជន្លេន​១​គីឡូក្រាម​ដោយ​ផ្តល់​ទឹក​ឱ្យមាន​សំណើម​ជាប្រចាំ​នៅក្នុង​ទីតាំង​ដែល​យើង​ចិញ្ចឹម​នោះ យើង ក៏ដូចជា​កសិករ​នឹង​ទទួលបាន​អាចម៍​ជន្លេន​ដែលជា​ជីធម្មជាតិ​ចំនួន​៥​គីឡូក្រាម ប្រើ​លើ​ដំណាំ​របស់ខ្លួន​ភ្លាមៗ​»​។ 
 
​សព្វថ្ងៃនេះ កញ្ញា សុខ សុធា​រតន៍ អាច​ប្រមូល​ទិញ​ជី​អាចម៍​ជន្លេន​ពី​កសិករ ក្នុង​ខេត្តកំពង់ឆ្នាំង​ប្រមាណ​១​តោន ក្នុង​មួយ​សប្តាហ៍​មក​លក់​នៅ​រាជធានី​ភ្នំពេញ​ក្នុងតម្លៃ​៤,០០០​រៀល ក្នុង​មួយ​គីឡូក្រាម​៕ 
 

កញ្ញា សុខ សុធារតន៍  កំពុងប្រមូលជីអាចម៍ជន្លេន។

Tag:
 កសិកម្ម​
  ជន្លេន​
  ជីធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com