និស្សិត​២​រូប បើក​បង្រៀន​ធ្វើ​មកុដ​ដោយ​មិន​គិតថ្លៃ ដើម្បី​ចែករំលែក​ចំណេះដឹង​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
និស្សិត​២​រូប បើក​បង្រៀន​ធ្វើ​មកុដ​ដោយ​មិន​គិតថ្លៃ ដើម្បី​ចែករំលែក​ចំណេះដឹង​
16, Feb 2020 , 4:09 pm        
រូបភាព
លោក ហុង ឈៀងហួត ថត​ជា​មួយ​នាដការបាំ​ក្នុង​ពិធី​បុណ្យកតញ្ញូ កាល​ពី​ពេល​កន្លង​ទៅ​(រូប​ផ្ដល់​ឱ្យ)
លោក ហុង ឈៀងហួត ថត​ជា​មួយ​នាដការបាំ​ក្នុង​ពិធី​បុណ្យកតញ្ញូ កាល​ពី​ពេល​កន្លង​ទៅ​(រូប​ផ្ដល់​ឱ្យ)
​ភ្នំពេញ​៖ និស្សិត​២​រូប​គឺ​លោក ហុង ឈៀង​ហួត ជា​និស្សិត​ផ្នែក​វេជ្ជសាស្ត្រ និង​លោក ហេង សុផល​លាង ជា​អតីត​និស្សិត​ផ្នែក​IT បាន​បើក​បង្រៀន​ធ្វើ​មកុដ​ខ្មែរ​បុរាណ ដល់​សាធារណជន​ដោយ​មិន​គិតថ្លៃ ដើម្បី​ចែករំលែក​ចំណេះដឹង និង​រួមចំណែក​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​ផងដែរ​។ ជា​គោល​ការ ក្រោយពី​រៀន​ចប់​សិស្ស​ទាំងអស់​ត្រូវតែ​យកចំណេះ​ដែល​ខ្លួន​មាន ទៅ​ចែករំលែក​បន្ត ព្រមទាំង​មាន​លក្ខខណ្ឌ​មួយចំនួនទៀត​។​


 
​ខាងក្រោម​នេះ​គឺជា​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ស្ដីពី​ការបង្រៀន​ធ្វើ​មកុដ​ដោយ​មិន​គិតថ្លៃ ហើយ​សូម​ប្រិយមិត្ត​រីករាយ​ស្ដាប់​ដោយ​មេត្រីភាព​៖ 



 
​មាន​អាយុ​២៣​ឆ្នាំ រៀន​ផ្នែក​វិ​ជ្ជ​សាស្ត្រ​ឆ្នាំ​ទី​៦ លោក ហុង ឈៀង​ហួត បាន​សហការគ្នាជាមួយ​មិត្ត​ម្នាក់ទៀត គឺ​លោក ហេង សុផល​លាង ដែល​រៀន​ជំនាញ​IT ក្នុង​ការបើក​បង្រៀន​ធ្វើ​មកុដ​បុរាណ​ខ្មែរ ដល់​សាធារណជន​ដោយ​មិន​គិតថ្លៃ​។ ចំណេះធ្វើ​មកុដ​នេះ​មិនមែនជា​ជំនាញ ដែល​បុរស​ទាំងពី​ប្រាថ្នា​យក​ធ្វើ​អាជីវកម្ម​ទៅ​ថ្ងៃ​អនាគត​ឡើយ ប៉ុន្តែ​វា​គឺជា​កិច្ច​ការដែល​យុវជន​ទាំងពីរ​ធ្វើ​ដើម្បី​រួមចំណែក​លើកស្ទួយ​វប្បធម៌​ជាតិ​។


រាប់​ពី​ស្ដាំ​ទី​១ លោក ហុង ឈៀងហួត កំពុង​តុប​តែង​មកុដ​ដល់តារាដែលស្ម័គ្រចិត្តមកសម្ដែងរបាំ(រូបផ្ដល់​ឱ្យ)
 
​មាន​លក្ខខណ្ឌ​មួយចំនួន​ដែល​សិស្ស​ត្រូវតែ​អនុវត្តន៍ នៅពេលដែល​ចូលរៀន​ធ្វើ​មកុដ ហើយ​លោក ហុង ឈៀង​ហួត ពន្យល់​បែបនេះ​៖«​មុននឹង​ចូលមក​រៀន​ខ្ញុំ​ឱ្យ​ពួកគាត់​អាន​លក្ខខណ្ឌ​របស់​ពួក​ខ្ញុំ​។ ពួកគាត់​មក​រៀន​ត្រូវតែ​គោរព​គ្នា​ទៅវិញទៅមក ត្រូវ​ទទួលយក​ចំណេះដឹង​ថ្មីៗ ទទួលយក​មតិយោបល់​គ្នា​ទៅវិញទៅមក សំខាន់​ជាងគេ​គឺ​រៀន​ហើយ​ត្រូវយក​ចំណេះដឹង​នោះ​ទៅ​ចែករំលែក​បន្ត​។ ធម្មតា​ប្រពៃណី​ខ្មែរ​យើង​គឺមាន​គ្រូ​ឧបជ្ឈា ដូច្នេះ​សម្ដេចព្រះគ្រូ​របស់​យើង​គឺមាន​លោកតា​មុនី​ឥសី និង​ព្រះអង្គ​ពិស្ណុការ ដូច្នេះ​សិស្ស​ដែល​ចូលមក​ថ្មី​ខ្ញុំ​ឱ្យ​គាត់​លើក​នៅ​ខណ្ឌ​៥ ជា​កិច្ច​កតញ្ញូ​ក្នុងការ​ទទួលស្គាល់​ពី​ព្រះអង្គ​ពិស្ណុការ​។ ទោះបីជា​យើង​រៀន​ក្នុង​សិល្បៈ​កែច្នៃ សិល្បៈ​ដើរ​ម៉ូត ឬ​សិល្បៈ​ផ្សេងៗ​ដែលជា​លក្ខណៈ​សម័យ ក៏​យើង​មិន​បំភ្លេច​ប្រពៃណី​យើង​ដែរ​»​។​
 
​ទោះជា​យ៉ាងណា​សិស្ស​ត្រូវតែ​ត្រៀម​សម្ភារ​សម្រាប់​ជំនួយ​ដល់​ការសិក្សា​របស់ខ្លួន ហើយ​សម្ភារ​ទាំងនោះ គ្រូ​បង្គោល​បាន​រាយ​នាម​ជាស្រេច​៖«​ពួកគាត់​ត្រូវមាន​សម្ភារ​ផ្ទាល់ខ្លួន ដូចជា​ប៊ិក បន្ទាត់ កន្ត្រៃ​កាត់ កាវ​ទៀន​។ ពួក​ខ្ញុំ​មាន​ក្រដាស​រាយ​នាម​សម្រាប់​ឱ្យ​គាត់ ប៉ុន្តែ​វា​ច្រើន​មុខ តាម​ដំណាក់កាល​។ ឱ្យ​គាត់​រក​ទិញ​ខ្លួនឯង ព្រោះ​ការរៀន​នេះ​មិនមាន​បង់ថ្លៃ​ទេ​។ ភាគច្រើន​សិស្ស​សំណូមពរ​រៀន​ថ្ងៃអាទិត្យ ព្រោះ​ពួកគាត់​ទំនេរ ហើយ​ខ្ញុំ​ក៏​ទំនេរ​ថ្ងៃ​នេះដែរ​។ ថ្ងៃអាទិត្យ​យើង​រៀន​២​វេន ព្រឹក​ពី​ម៉ោង​៨​ដល់​ម៉ោង​១១ និង​ល្ងាច​ពី​ម៉ោង​២​ដល់​ម៉ោង​៥​។ សិស្ស​ថ្មី​ខ្ញុំ​មិន​កំណត់​ចំនួន​ទេ ព្រោះ​គាត់​មិនមែន​ទំនេរ​គ្រប់គ្នា ដូច្នេះ​ថ្ងៃ​ខ្លះ​គាត់​មក ថ្ងៃ​ខ្លះ​គាត់​មិន​មក អ៊ីចឹង​គាត់​អាច​ឆ្លាស់​វេន​គ្នា​។ ការដែល​មក​រៀនកាន់​តែ​ច្រើន​កាន់តែ​ល្អ ដោយសារតែ​អាចមាន​សិស្ស​ច្បង​កាលពី​វគ្គ​ទី​១ គាត់​អាចមក​ចែករំលែក​បទពិសោធ​»​។


សិស្ស​ជំនាន់​ទីមួយ​កំពុង​លាប​ពណ៌​មកុដ(រូប​ផ្ដល់​ឱ្យ)
 
​អង្គុយ​ក្នុងផ្ទះ​ដែលជា​ទីតាំង​សម្អាងការ​របស់​ម្ដាយ បុរស​សម្បុរ​ស ឈៀង​ហួត បាន​ប្រាប់​ពី​ដំណាក់កាល​នីមួយៗ​នៃ​ដំណើរការ​បង្រៀន​របស់​ខ្លួន​៖«​បន្ទាប់ពី​ចេះ​តម្លើង​គ្រោង​មកុដ​នៅ   សប្ដាហ៍​ទី​១​ហើយ យើង​ចាប់ផ្ដើម​បោះ​ក្បាច់​។ យើង​តម្រូវឱ្យ​ពួកគាត់​មាន​ពុម្ពក្បាច់​ម្នាក់​មួយ ហើយ​គាត់​ចាប់ផ្ដើម​បោះ​ក្បាច់​ពី​កាវ​ទៀន បន្ទាប់មក​យើង​យក​ក្បាច់​មក​បន្ទំ​លើ​មកុដ​ហ្នឹង​។ ពេលដែល​បានចេញ​ជា​មកុដ​មួយ​ដែលមាន​ក្បាច់ យើង​ចាប់ផ្ដើម​លាប​ពណ៌​ពីលើ អ្នកខ្លះ​គាត់​មានលទ្ធភាព​គាត់​អាច​បិទមាស​សន្លឹក​។ បើ​អ្នក​មិនមាន​លទ្ធភាព គាត់​អាច​លាប​ពណ៌ ឬក៏​បាញ់ថ្នាំ​ពណ៌​ទឹកមាស ឬក៏​ពណ៌ណា​ដែល​សាក​សម​នឹង​គ្រឿង​របស់គាត់​។ បន្ទាប់មកទៀត​ដល់​ដំណាក់កាល​ដាំ​ត្បូង ហើយ​រឿង​ចងខ្សែ​គឺជា​ដំណាក់កាល​ចុងក្រោយ ដើម្បីឱ្យ​ការ​រាំ​មាន​លំនឹង​»​។​
 
​មាន​សម្ដី​រួសរាយ​តែ​ទឹកសំឡេង​ហ្មត់ចត់ បុរស​កូនច្បង​ក្នុង​គ្រួសារ​និង​មាន​ប្អូនស្រី​ពីរ​នាក់​រូបនេះ បើកទូលាយ​សម្រាប់​ការបង្រៀន ដោយ​មិន​កំណត់ពេល​វេលា​ឡើយ​៖«​ពេល​បង្រៀន​មិន​កំណត់​ថ្ងៃ​ទេ គឺ​អាស្រ័យ​លើ​ការព្យាយាម​របស់​សិស្ស​ម្នាក់ៗ បើ​គាត់​តស៊ូ​មក​បាន​ដល់​ណា គឺ​ខ្ញុំ​នឹង​បង្រៀន​ដល់ពេល​ហ្នឹង​។ ព្រោះ​អី​មកុដ​មួយ​អ្នកខ្លះ​គាត់​ចំណាយពេល​ត្រឹម​តែមួយ​សប្ដាហ៍ អ្នកខ្លះ​ឡើងដល់​២​ទៅ​៣​ខែ អាស្រ័យ​លើ​ពេលទំនេរ ការ​អនុវត្តិ​ជាក់ស្ដែង ហើយនឹង​ការយកចិត្តទុកដាក់រ​បស់​សិស្ស​ម្នាក់ៗ​។ រហូតមកដល់​រាល់ថ្ងៃ​សិស្ស​ជំនា​ន់ទី​១ នៅ​មក​រៀន​នៅឡើយ​»​។


សកម្មភាព​សិស្ស​កំពុង​រៀន​​(រូប​ផ្ដល់​ឱ្យ)
 
​បញ្ជាក់​ពី​គម្រោង​របស់ខ្លួន និស្សិត​ឆ្នាំ​ទី​៦​ផ្នែក​វិ​ជ្ជ​សាស្ត្រ ឈៀង​ហួត ថា​ប្រសិនបើ​សិក្ខាកាម​មានបំណង​ចង់​ពង្រីក​ចំណេះដឹង​បន្ថែម លោក​អាច​ចែករំលែក​ចំណេះ​ដទៃទៀត​ដែល​លោក​មាន​ទៅកាន់​ពួកគេ​៖«​ប្រសិនបើ​នៅ​តស៊ូ​ព្យាយាម​បានយូរ ពួក​ខ្ញុំ​អាច​នឹង​ផ្ដល់ជូន​នូវ​ការបង្រៀន​ធ្វើជា​គ្រឿងអលង្ការ​ផ្សេងៗ ដូចជា​សូរង ខ្សែក្រវាត់​អប្សរា ការ​ដេរ​ជា​សំពត់​អប្សរា ឬក៏​សម្លៀកបំពាក់​តួអង្គ​ផ្សេងៗ តាម​លទ្ធភាព​ដែល​ពួក​ខ្ញុំ​មាន​។ បើ​និយាយ​ទៅ​ខ្ញុំ​មិនមែន​ចេះ​ដេរ​ជា​អាជីព​ទេ គ្រាន់តែ​អាច​ដេរ​ឱ្យចេញ​ជា​រូបរាង​បាន ដោយ​ចេះ​ពី​លោកយាយ​របស់ខ្ញុំ​»​។​
 
​លោក ឈៀង​ហួត ប្រាប់​ពី​គោលបំណង​ក្នុង​ការបើក​បង្រៀន​ធ្វើ​មកុដ ហើយ​លោក សុផល​លាង ជួយ​ឆ្លើយ​បំពេញបន្ថែម​៖«​គោលបំណង​សំខាន់​គឺ​ចង់​ចែករំលែក​ចំណេះដឹង​របស់ខ្ញុំ ទៅដល់​អ្នក​ដទៃទៀត​ដែល​គាត់​ចង់​ធ្វើ ចង់​យល់ដឹង​ពី​សិល្បៈ​មួយ​ហ្នឹង​ដូច​ខ្ញុំ​ដែរ ប៉ុន្តែ​គាត់​មិនមាន​លទ្ធភាព​ក្នុងការ​ស្វែងរក​ទីកន្លែង ឬក៏​អ្នក​បង្រៀន​បាន​។ ចំណុច​នេះ​យើង​ចង់​និយាយ​ទៅលើ​ការផ្សព្វផ្សាយ បើសិនជា​មានកូន​សិស្ស​មក​រៀន​កាន់តែច្រើន អ៊ីចឹង​អ្នក​ចែករំលែក​ចំណេះដឹង​ក៏​កាន់តែច្រើន​ដែរ ដូច្នេះ​វប្បធម៌​របស់​យើង​វា​មិន​ទៅណា​ទេ ហើយ​វា​នឹង​កើនឡើង​រីកចម្រើន​ទៅមុខ​រហូត​។ បើសិនជា​យើង​នៅតែ​ព្យាយាម​ទុក​វា​ជាប់​នៅក្នុង​ខ្លួន​យើង យូរ​ទៅ​ពេល​ផុតពី​យើង​ទៅ​វា​អស់​»​។


តារាសម្ដែងសម័យពីររូបដែលស្ម័គ្រចិត្តរាំរបាំ ក្នុងពិធីបុណ្យកតញ្ញូ(រូប​ផ្ដល់​ឱ្យ)
 
​ទោះជា​យ៉ាងណា​កិច្ចការ​នេះ ក៏​ធ្វើឡើង​ដើម្បី​ស្របតាម​ព្រះរាជ​បណ្ដាំ​របស់​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី​ដែរ​៖«​គឺ​គោរព​តាម​ព្រះរាជ​បណ្ដាំ​សម្ដេចព្រះរាម នរោត្តម បុប្ផា​ទេវី ទេព​នាដ​វ​ដ្ដី​ឯក ដែល​លោក​សំណូមពរ​ឱ្យ​កូន​ខ្មែរ​ទាំងអស់​ចេះ​សាមគ្គី​គ្នា ជួយ​ទ្រទ្រង់​សិល្បៈ​ទាំងអស់គ្នា មិនថាតែ​អ្នករៀន​ខាង​វិស័យ​សិល្បៈ​ទេ អ្នក​ដែល​រៀន​ខាង​វិស័យ​ណាក៏ដោយ ប្រកប​អាជីព​ណាក៏ដោយ ឱ្យតែ​ជា​កូន​ខ្មែរ គឺ​លោក​សំណូមពរ​ឱ្យ​ចូលរួម​ទាំងអស់គ្នា និង​ជួយ​ថែរក្សា​សិល្បៈ​ខ្មែរ​យើងទាំងអស់គ្នា​»​។​
 
​នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​ការបើក​បង្រៀន​ធ្វើ​មកុដ ដោយ​កាលពី​លើក​ទី​១​លោក ឈៀង​ហួត ទទួលបាន​សិស្ស​ប្រមាណ​ជា​១០​នាក់ ហើយ​សិស្ស​ទាំងនោះ​មួយចំនួន​បាន​យកចំណេះ​ដឹង​ដែល​ទទួលបាន ទៅ​បង្រៀន​សិស្ស​នៅ​វិទ្យាល័យ​បន្ត​ផងដែរ​៖«​អ្នកចេះ​គឺ​គាត់​យកទៅ​បង្រៀន​សិស្ស​បន្ត​។ សម្រាប់​កម្មវិធី​បែប​វប្បធម៌ និង​សាសនា អ្នក​ដែលមាន​ស្នាដៃ គាត់​បាន​ចូលរួម​កម្មវិធី​បុណ្យ​កតញ្ញូ​ជាមួយ​ខ្ញុំ​។ មាន​អ្នកខ្លះ​គាត់​យកទៅ​ច្នៃ​ជា​គ្រឿង​សម្រាប់​ពិធីការ​ផ្សេងៗ ក៏ដូចជា​អាសនៈ​ព្រះសង្ឃ​គង់​»​។


មកុដ​ដែល​ធ្វើ​ដោយ​ក្រុម​របស់លោក ហុង ឈៀងហួត​(រូប​ផ្ដល់​ឱ្យ)​
 
​តាមពិតទៅ​កាលពី​ដំបូង​ឡើយ​ហេតុដែល​នាំឱ្យ ឈៀង​ហួត បាន​ភ្ជាប់​ឧបនិស្ស័យ​ទៅនឹង​កិច្ចការ​វប្បធម៌​ជាតិ​នេះ គឺ​ផ្ដើមចេញពី​ការចូលរួម​ក្នុង​ពិធីបុណ្យ​បែប​សាសនា​មួយ ហើយ​បុរស​សង្ហារ​រូបនេះ​បញ្ជាក់​ដូច្នេះ​៖«​ដោយសារតែ​យើង​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​កតញ្ញូ យើង​ឃើញ​អ្នក​ដែលមាន​សទ្ធា​ផ្សេងៗ គាត់​មក​ចូលរួម​ដែរ​។ កាលពី​ដំបូង​ខ្ញុំ​ជួយ​ម៉ាក់យាយ​ក្នុងការ​តម្លើង​បាយសី ប៉ុន្តែ​បន្ទាប់មកទៀត មាន​បង​ខាង​សិល្បៈ របាំ គាត់​ស្ម័គ្រចិត្ត​មក​សម្ដែង​ថ្វាយ ដោយ​អត់​យក​ថវិកា ប៉ុន្តែ​គាត់​មិនមាន​លទ្ធភាព​ក្នុង​ការជួល​គ្រឿង​របាំ​។ ចឹ​ង​ពួក​ខ្ញុំ​បួងសួង​ក្នុង​ចិត្ត​ថា សុំឱ្យ​ខ្ញុំ​ចេះ​ធ្វើ​គ្រឿង​ទាំងអស់​ហ្នឹង​ទៅ ដើម្បី​តម្កល់​ទុកឱ្យ​អ្នក​ដែលមាន​សទ្ធា​ឱ្យ​គាត់​មក​រាំ​»​។​
 
​នៅ​ទីបំផុត​ការ​បួងសួង​ក៏បាន​ដូច​បំណង ដោយ​នាំឱ្យ​និស្សិត​ទាំង​២​រូប ដែល​រាប់​គ្នា​ដូចជា​បងប្អូន​បង្កើត​នេះ បាន​ជួប​គ្រូបង្រៀន​ធ្វើ​មកុដ​៖«​ក្រោយមក​ក៏មាន​លោកគ្រូ ប៉ុល មករា គាត់​ប្រកាសថា​គាត់​បង្រៀន​ខ្មុក​ស្មាច់ ធ្វើ​ព្រះភ័ក្ត្រ​ដែល​គេ​រាំ​ល្ខោនខោល របាំ​ព្រះរាជ​ទ្រព្យ ដែលមាន​ព្រះភ័ក្ត្រ​យក្ស ព្រះភ័ក្ត្រ​ហនុមាន​។ កាលនោះ​បងប្រុស​របស់ខ្ញុំ​គាត់​ទៅ​រៀន ពេលទំនេរ​ខ្ញុំ​ក៏​តាម​ទៅជា​មួយ​គាត់ គឺ​ទៅឱ្យ​បានជា​គ្នា​ទេ​ដំបូង តែ​ដល់ពេល​ក្រោយមក ខ្ញុំ​ក៏​ចាប់អារម្មណ៍​ស្រឡាញ់​។ យើង​បាន​គ្រឹះ​ពី​ខ្មុក​ស្មាច់​ហ្នឹង ហើយ​មានការ​ផ្ដល់យោបល់​ពី​លោកគ្រូ​អ្នកគ្រូ​ចាស់ៗ ក៏ដូចជា​លោកគ្រូ ប៉ុល មករា ព្រមទាំង​មាន​ការជួយជ្រោមជ្រែង​ច្រើន​ដែរ ព្រោះ​ពួក​ខ្ញុំ​ធ្វើ​ដើម្បី​ពិធីបុណ្យ​»​។


នាដកា កំពុង​រាំ​ថ្វាយ​ក្នុង​ពិធី​បុណ្យ កតញ្ញូ ​(រូប​ផ្ដល់​ឱ្យ)
 
​ឈៀង​ហួត ប្រាប់​ពី​កិច្ចការ​របស់ខ្លួន កាលពី​រៀន​ដំបូង​៖«​មាន​គេ​ជួយ​ជា​ពុម្ព​សម្រាប់​ផលិត​ក្បាច់​បិទ​នៅលើ​មកុដ ដោយសារ​យើង​ចូលរួម​ពិធីបុណ្យ​ទាំងអស់គ្នា​។ ខ្ញុំ​បាន​ស្រាវជ្រាវ​ខ្នាត​នឹង​តម្លើង​គ្រឿង​ទាំងនោះ​ឡើងវិញ ជាមួយ​អ្នកគ្រូ​និង​លោកគ្រូ​ចាស់ៗ បន្ទាប់មកទៀត​យើង​ទៅ​ស្វែងរក​ព័ត៌មាន​យោង​ពី​តាម​ប្រាសាទ ហើយ​យើង​ធ្វើទៅ​តាម​នោះ​។ លោកគ្រូ​អ្នកគ្រូ​ខ្លះ​គាត់​ថា​មកុដ​ដែល​ពួក​ខ្ញុំ​ធ្វើ អាច​ទទួលយកបាន ទាំង​ការ​រាំ​របាំ ទាំង​ការច្នៃ​ម៉ូដ ខ្ញុំ​ក៏​សម្រេចចិត្តថា​ទទួល​សិស្ស​រៀន​ទៅ​»​។​
 
​ចំណាយពេល​រៀន​ប្រមាណ​ជា​៣​ខែ ហើយ​ក្នុង​មួយ​សប្ដាហ៍​ប្រហែល​រៀន​៣​ថ្ងៃ និស្សិត​ទាំងពីរ​បាន​រៀន​ត្រឹមតែ​មូលដ្ឋានគ្រឹះ​តែប៉ុណ្ណោះ សល់​ប៉ុន្មាន​លោក​ស្រាវជ្រាវ​ដោយ​ខ្លួនឯង និង​សួរ​គ្រូ​បន្ថែម​៖«​បើ​និយាយ​ទៅ​ពួក​ខ្ញុំ​រៀន​មិន​តាម​ថ្នាល​ទេ ព្រោះ​អី​លោកគ្រូ​ថា​ពួក​ខ្ញុំ​ចង់​យកទៅ​ច្នៃ ចឹ​ង​គាត់​ឱ្យ​រៀន​តែ​គន្លឹះ​គ្រឹះ ដូចជា​ការចាក់​ពុម្ព ការភ្ជាប់ ការឡើង​គ្រោង​។ តែបើ​តាម​បច្ចេកទេស​ខ្មុក​ស្មាច់ នៅមាន​ឆ្លាក់​ពុម្ព​ទៀត​។ រយៈពេល​យើង​វា​ខ្លី ប៉ុន្តែ​យើង​អាច​យកមក​ច្នៃ​បាន​តាម​លទ្ធភាព​ដោយ​ពឹង​ផ្អែកលើ​ទ្រឹះ​ស្ដី​ដែល​លោកគ្រូ​និង​អ្នកគ្រូ​បាន​បង្រៀន​»​។


សិស្ស​កាល​ពី​រៀន​វគ្គ​ទី​មួយ​ ​(រូប​ផ្ដល់​ឱ្យ)
 
​ថ្វីដ្បិតតែ​រយៈពេល​រៀន​ខ្លី​ក៏ពិតមែន ប៉ុន្តែ​ក្រោយពី​ការខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​បន្ថែម ឈៀង​ហួត រួមទាំង​មិត្ត​អាចធ្វើ​មកុដ​បាន​ច្រើន​គួរសម​៖«​ដំបូង​ឡើយ​ខ្ញុំ​ធ្វើ​គ្រឿង​ជាស​ក្ការ ព្រោះ​អីយើ​ង​មិនទាន់​ចាប់​ខ្នាត​បាន វា​មាន​តាំងពី​រ័ត្ន​ខ្លាវ មកុដ​នាង មកុដ​នាយ​រោង​។ បន្ទាប់មកទៀត​ក៏​ចាប់ផ្ដើម​ធ្វើ​មកុដ​នាគ អប្សរា​បែប​នាគ តាម​រចនាប័ទ្ម​ភិ​មាន​អាកាស រចនាប័ទ្ម​បាយ័ន បន្ទាប់មកទៀត​ក៏​ចាប់​ច្នៃ​មកុដ​អប្សរា បើ​សរុប​ត្រួសៗ បាន​ប្រហែលជា​៥០​មកុដ​ដែរ​»​។​
 
​សូមបញ្ជាក់ថា ថ្នាក់​បង្រៀន​ធ្វើ​មកុដ​បុរាណ​ខ្មែរ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៥​ខែមីនា ឆ្នាំ​២០២០​ខាងមុខ នៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ សម្រាប់​ម៉ោង​សិក្សា​ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១១​ថ្ងៃត្រង់ និង​ពី​ម៉ោង​២​រសៀល​ដល់​ម៉ោង​៥​ល្ងាច នៅ​រៀងរាល់​ថ្ងៃអាទិត្យ​។​ លោកអ្នកដែលមានចំណាប់អារម្មណ៍ អាចទាក់ទងតាមលេខ 069906677,
011720246​ និងទំព័រហ្វេសប៊ុក ភួងមាល័យ បាយសីខ្មែរ៕

Tag:
 និស្សិត​
  មកុដ​
  បង្រៀន​
 ​ចំណេះដឹង​
  សិល្បៈ​
 ​វប្បធម៌​
 ​អលង្ការ​
© រក្សាសិទ្ធិដោយ thmeythmey.com