ជាតិ
ក្រសួង​ការងារ​ឲ្យ​មន្ដ្រី​ខ្លួន​ប្រឡង​វគ្គ​បណ្តុះបណ្តាល និង​វិក្រឹត្យការ​មុននឹង​ចុះ​អធិការកិច្ច
16, Feb 2020 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឲ្យ​មន្ត្រី​ចាប់ពី​អនុប្រធាន​ការិយាល័យ​ដល់​អគ្គនាយករង ត្រូវ​ប្រឡង​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល និង​វិក្រឹត្យការ ក្រោយ​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​២​សប្ដាហ៍​។ បើតាម​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ ការប្រឡង​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល និង​វិក្រឹត្យការ​របស់​មន្ដ្រី​ថ្នាក់កណ្ដាល​នេះ ធ្វើតាម​ប្រព័ន្ធ​បច្ចេកទេស​ព័ត៌មានវិទ្យា ដែលមាន​បេក្ខជន​ចំនួន ៣៣២​នាក់​។


«​នេះ​គឺជា​នីតិវិធី​ពង្រឹងសមត្ថភាព​មន្ត្រី​អធិការកិច្ច​។ មន្ត្រី​អធិការ​កច្ច ជា​អ្នកបកស្រាយ​ច្បាប់​វិស័យ​ការងារ និង​ចុះ​អធិការ​ការងារ ដូច្នេះ​វា​គឺជា​រឿង​ចាំបាច់​ដែល​គ្រប់​មន្ត្រី​អធិការកិច្ច​ត្រូវតែ​ចេះ​ច្បាស់​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​វិស័យ​ការងារ​»​។ នេះ​ជាការ​បញ្ជក់​របស់លោក ហេង សួរ ដែល​នេះ​ជា​លើកដំបូង​ដែល​ក្រសួង​ឲ្យ​មន្ត្រី​ប្រឡង​វគ្គ​បណ្ដុះបណ្ដាល​នេះ​។​
 
​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការប្រឡង​នេះ​ធ្វើឡើង ដើម្បី​ឲ្យ​សិក្ខាកាម​យកចិត្តទុកដាក់​រៀនសូត្រ និង​ដឹង​ពី​សមត្ថភាព​ខ្លួន​។ សម្រាប់​សិក្ខាកាម​បាន​ពិន្ទុ​ទាប​ជាង​៧០​ភាគរយ ក្រសួង​មិន​អនុញ្ញាត​ឲ្យ​ចុះ​អធិការកិច្ច​ឡើយ​៕ 
 

រូបភាព​ពី ក្រសួងការងារ


Tag:
 ក្រសួង​ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com