ជាតិ
តើអ្នកដឹងអ្វីខ្លះពីសត្វពង្រូល?
× ភ្នំពេញ៖ ថ្ងៃទី១៥ កុម្ភៈ ជាថ្ងៃនៃទិវាសត្វពង្រូលពិភពលោក។ បើតាមអង្គការ IUCN សត្វពង្រូលមាន៨ប្រភេទក្នុងពិភពលោក ដែល៣ប្រភេទស្ថិតក្នុងប្រភេទសត្វជិតផុតពូជ និងដែលជាប្រភេទសត្វដែលទទួលរងការគំរាមកំហែងផងដែរ។
តើលោកអ្នកស្គាល់សត្វពង្រូលឬទេ?
បើតាមអង្គការអភិរក្សសត្វព្រៃ(WWF) ពង្រូលជាថនិកសត្វ ដែលត្រូវបានជួញដូរច្រើនបំផុតលើពិភពលោក ព្រោះពង្រូលជាប្រភេទសត្វដែលស្លូត និងអៀនច្រើន។ វាមានត្រចៀកតូច ហើយស្បែកមានស្រកាក្រាស់។ សត្វប្រភេទនេះ មិនរហ័សទេ ប៉ុន្តែវាពូកែឡើងដើមឈើ ហើយបង្កើតកូនបានម្ដង១-២ក្បាល ក្នុងរយៈពេល២-៣ខែ។ ពង្រូល មានអណ្ដាតប្រវែង ២៥សង់ទីម៉ែត្រ វាស៊ីសត្វល្អិតជាចំណី ដូចជាស្រមោច, សង្អារ, អង្ក្រង, ដក់ដឿ និងកណ្ដៀរជាដើម។
ពង្រូល ជាសត្វត្រូវបានគំរាមកំហែងដោយការបរបាញ់ ព្រោះវាមានការពេញនិយមក្នុងទីផ្សារសាច់សត្វព្រៃ។ គេគិតថា ពង្រូលជាថ្នាំអាចព្យាបាលជំងឺមួយចំនួនដូចជា ជំងឺហឺត, ជំងឺសន្លាក់ដៃជើង និងរលាកសន្លាក់ជាដើម។ ពេលមានការគំរាមកំហែង ពង្រូលតែងតែរមូលខ្លួន ដោយយកកន្ទុយរុំខ្លួនឯង ដើម្បីការពារខ្លួន។
អង្គការអភិរក្សសត្វព្រៃ កំពុងធ្វើការងារទាក់ទងនឹងការអភិរក្សសត្វព្រៃគ្រប់ប្រភេទរួមទាំងពង្រូលផងដែរ។ ក្រោមការសហការជាមួយដៃគូពាក់ព័ន្ធមានមន្ទីរបរិស្ថានខេត្ត និងមន្ត្រីឧទ្យានុរក្ស ក្រុមការងារអនុវត្តច្បាប់ តែងតែល្បាតជាប្រចាំ ដើម្បីដោះអន្ទាក់ ពិន័យ និងអប់រំណែនាំ ធ្វើយ៉ាងណា អាចរក្សាការពារធនធានសត្វព្រៃរបស់យើង អោយនៅគង់វង្ស៕
រូបភាពពី WWF
© រក្សាសិទ្ធិដោយ thmeythmey.com