អន្តរជាតិ
COVID-19៖ ឡាវ​-​ចិន នៅតែ​បន្ត​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ជាមួយ​ការប្រុងប្រយ័ត្ន
16, Feb 2020 , 6:29 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង កំពុងតែបន្ត​សកម្មភាព​ការងារ​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ដែល​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​យ៉ាង​សស្រាក់សស្រាំ និង​ប្រុងប្រយ័ត្ន​បំផុត ខណៈ​តំបន់ និង​ច្រកព្រំដែន​មួយចំនួន​របស់​ប្រទេស​ទាំងពីរ បាន​ផ្អាក​សកម្ម​ភាពជា​បន្តបន្ទាប់ ដោយសារតែ​ការគំរាមកំហែង​ពី​វីរុស​ថ្មី Covid-19​។​

 
​ក្រុមហ៊ុន​សាងសង់​ផ្លូវ​រថភ្លើង Laos-China Railway Co Ltd តាមរយៈ​សេចក្តីប្រកាស​ផ្លូវការ​មួយ បាន​អះអាងថា គម្រោង​ផ្លូវ​រថភ្លើង​ឡាវ​-​ចិន នៅតែ​បន្តសកម្មភាព​ជាធម្មតា ខណៈ​វិធានការ​ទប់ស្កាត់​វីរុស Covid-19 ត្រូវ​បានដាក់​អនុវត្ត​យ៉ាង​តឹងរឹង​បំផុត​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Star Online​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល ក្រុមហ៊ុន ដែលមាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វៀងចន្ទន៍​នេះ បាន​គូសបញ្ជាក់ថា គម្រោង​ត​ភ្ជាប់​ចិន​-​ឡាវ តាមរយៈ​ផ្លូវ​រថភ្លើង​នេះ កំពុងស្ថិត​ក្នុង​ដំណាក់​សំខាន់​មួយ ហើយ​ដើម្បី​ដំណើរការ​គម្រោង​ប្រព្រឹត្ត​ទៅតាម​ផែនការ ក្រុមហ៊ុន បានសម្រេច​មិន​ឲ្យ​មានការ​សម្រាក​ទាំង​អ្នកគ្រប់គ្រង និង​អនុវត្ត​គម្រោង​។​
 
​គិត​ចាប់ពី​វីរុស Covid-19 បាន​ផ្ទុះឡើង​ខ្លាំង​នៅ​ចិន និង​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​មក ចិន​បាន​ផ្អាក​សកម្មភាព និង​គម្រោង​ជាច្រើន​របស់ខ្លួន​នៅក្នុង​ទីក្រុង​ជា​បន្តបន្ទាប់ ខណៈ​តួលេខ​អ្នកស្លាប់ ដែលជា​ប្រជាជន​ចិន ដោយសារតែ​វីរុស​ថ្មី​នេះ បាន​បន្ត​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។ ក៏ប៉ុន្តែ​សម្រាប់​គម្រោង​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​រវាង​ចិន និង​ឡាវ មិនត្រូវ​បាន​ផ្អាក​ដំណើរការ​ឡើយ​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​រវាង​ចិន​-​ឡាវ បាន​ផ្តើម​ពី​ឆ្នាំ​២០១៦ និង​គ្រោង​បញ្ចប់ និង​ដាក់​ដំណើរការ​នៅ​ឆ្នាំ​២០២១​។ គម្រោង ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ មាន​គោលដៅ​កែប្រែ​ឡាវ ដែលជា​ប្រទេស​គ្មាន​សមុទ្រ ឬ​ប្រទេស​បិទ ឲ្យ​ក្លាយជា​ប្រទេស​ដែលមាន​ការភ្ជាប់​ទៅ​ប្រទេស​ខាងក្រៅ​វិញ​៕ 

Tag:
 ចិន​
  ឡាវ​
© រក្សាសិទ្ធិដោយ thmeythmey.com