អន្តរជាតិ
តៃវ៉ាន់​មាន​ករណី​ស្លាប់​ដំបូង​ដោយសារ COVID-19
16, Feb 2020 , 7:21 pm        
រូបភាព
លោក Chen Shih-chung រដ្ឋមន្ត្រីសុខាភិបាលតៃវ៉ាន់ធ្វើសន្និសីទសារព័ត៌មាន។ រូបថត Focus Taiwan
លោក Chen Shih-chung រដ្ឋមន្ត្រីសុខាភិបាលតៃវ៉ាន់ធ្វើសន្និសីទសារព័ត៌មាន។ រូបថត Focus Taiwan
ដោយ: រួបរួម
មជ្ឈមណ្ឌល​ប្រយុទ្ធ​ជំងឺឆ្លង​តៃវ៉ាន់ (CECC) បានប្រកាស​នៅថ្ងៃនេះ ពី​ករណី​មនុស្ស​ស្លាប់​ដំបូង​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19)​។ នេះ​ជា​ករណី​ស្លាប់​ទី​ពីរ​នៅ​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន បន្ទាប់​ករណី​ដំបូង​ស្ថិតនៅ​ហុងកុង​។​



​តៃវ៉ាន់ មាន​អ្នក​កើត COVID-19 ចំនួន​២០​ករណី ក្នុងនោះ​២​ករណី​ត្រូវបាន​ព្យាបាល​សះស្បើយ និង​១​ករណី​ស្លាប់​។​

​យោងតាម CECC អ្នកជំងឺ​ដែល​បាន​ស្លាប់​នោះ ជា​បុរស​អាយុ​ជាង​៦០​ឆ្នាំ​ដែល​រស់នៅ​តៃវ៉ាន់ និង​មិនមាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ក្រៅ​នោះឡើយ​នា​រយៈពេល​ថ្មីៗ​កន្លងមកនេះ​។ បុរស​នោះ​ក៏​ត្រូវបាន​រាយការណ៍​ផងដែរ​ថា មាន​ជំងឺថ្លើម​ប្រភេទ B រួមទាំង​ទឹកនោមផ្អែម​។​

​ករណីនេះ បានធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​ឡើងដល់​១៦៧០​នាក់ គិត​ត្រឹម​ម៉ោង​៧​ល្ងាច​ថ្ងៃអាទិត្យ​។ ក្រៅពី​ករណី​ស្លាប់​នៅ​ចិន ករណី​ស្លាប់​៣​ទៀត​មាននៅ​ហ្វីលីពីន ជប៉ុន និង​បារាំង​។ តៃវ៉ាន់ និង​ហុងកុង ជា​តំបន់​រដ្ឋបាល​ពិសេស​ដែលមាន​ករណី​ស្លាប់​១​ករណី​រៀងៗ​ខ្លួន​។

​ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៥​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ជប៉ុន (​បញ្ចូល​ទាំង​អ្នកជំងឺ​នៅលើ​នាវា​ទេសចរណ៍ Diamond Princess) ថៃ សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេ​ស្ប៉ា​ញ បែលហ្ស៊ិក និង​អេ​ហ្ស៊ី​ប​៕



Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com