ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! អត្ថប្រយោជន៍​និង​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន B12 មាន​អ្វីខ្លះ​?
17, Feb 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​វីតាមីន b12 ក្រៅពី​ល្អ​សម្រាប់​សុខភាព​ខួរក្បាល​ហើយ​នោះ​ក៏​ចាំបាច់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​ផងដែរ​។ ថា​តើ​វីតាមីន​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងណាខ្លះ​ចំពោះ​សុខភាព​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ឥទ្ធិពល​ល្អៗ​នៃ​វីតាមីន b12 ចំពោះ​សុខភាព ៖
 
•​ ​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន B12
 
១. ត្រី​សា​ឌី​ន​

​ការទទួល​ទាន​ត្រី​សា​ឌី​ន​ត្រឹម​ជាង ៩០ ក្រាម​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​វីតាមីន B12 ប្រចាំថ្ងៃ​ដល់​ទៅ ៣៣៨​ភាគរយ​។ ត្រី​សា​ឌី​ន​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សេ​លេ​ញ៉ូ​ម ផូស្វ័រ វីតាមីន D ប្រូតេអ៊ីន និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ផងដែរ​។ ត្រី​សា​ឌី​ន​កំប៉ុង​អាច​ទទួលទាន​បាន​ទាំង​ឆ្អឹង​ដូច្នេះ​វា​ក៏​អាច​ផ្ដល់​ជាតិ​កាល់ស្យូម​ខ្ពស់​ដល់​រាងកាយ​គួរឱ្យកត់សម្គាល់​។​
 
២. ត្រី​សាល​ម៉ុ​ន​

​រាងកាយ​អាច​ទទួលបាន​វីតាមីន b12 ប្រចាំថ្ងៃ​ដល់​ទៅ ២៣៦ ភាគរយ​ពី​ការទទួល​ទាន​ត្រី​សាល​ម៉ុ​ន​ប្រមាណ ១១៣ ក្រាម​។ ត្រី​សម្បូរ​ខ្លាញ់​នេះ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ សេ​លេ​ញ៉ូ​ម អ៊ីយ៉ូដ ផូស្វ័រ វីតាមីន b3 វីតាមីន b6 និង​វីតាមីន D ផងដែរ​។​
 
៣. ត្រី​ធូ​ណា​

​ការទទួល​ទាន​ត្រី​ធូ​ណា​ប្រមាណ ១១៣ ក្រាម​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​វីតាមីន b12 ប្រចាំថ្ងៃ​ដល់​ទៅ ១១១​ភាគរយ​។ វា​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សេ​លេ​ញ៉ូ​ម​ដែល​សំខាន់​សម្រាប់​សុខភាព​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។ ធូ​ណា​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ផូស្វ័រ សារធាតុ choline ប៉ូ​តា​ស្យូ​ម អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ វីតាមីន b1 វីតាមីន b3 វីតាមីន b6 និង​វីតាមីន D​។​
 
៤. សាច់​ចៀម​

​ប្រមាណ​ត្រឹម ១១៣ ក្រាម​នៃ​សាច់​ចៀម​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​តម្រូវការ​វីតាមីន b12 ប្រចាំថ្ងៃ​ដល់​ទៅ ១០៥ ភាគរយ​។ សាច់​ចៀម​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ប្រូតេអ៊ីន សេ​លេ​ញ៉ូ​ម ស័ង្កសី ផូស្វ័រ និង​វីតាមីន b3 ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​និង​ចាំបាច់​សម្រាប់​ការផលិត​ថាមពល​។​
 
៥. បង្គា​

​ប្រភព​ដ៏​ប្រសើរ​មួយទៀត​នៃ​វីតាមីន b12 គឺ​បង្គា​។ ការទទួល​ទាន​បង្គា​ប្រមាណ ១១៣ ក្រាម​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​តម្រូវការ​វីតាមីន b12 ចាំបាច់​ប្រចាំថ្ងៃ​ដល់​ទៅ ៧៨ ភាគរយ​។ អាហារ​សមុទ្រ​នេះ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ផូស្វ័រ ទង់ដែង អ៊ីយ៉ូដ ប្រូតេអ៊ីន វីតាមីន b3 b6 និង​វីតាមីន E ផងដែរ​។ លើសពីនេះ​ទៅ​បង្គា​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន A ដែល​សំខាន់​សម្រាប់​សុខភាព​ភ្នែក​គួរឱ្យកត់សម្គាល់​។​
 
៦. សាច់គោ​

​រាងកាយ​អាច​ទទួលបាន​នូវ​វីតាមីន B12 ចាំបាច់​ប្រចាំថ្ងៃ​ដល់​ទៅ ៦០ ភាគរយ​ពី​ការ​ទទួលទាន​សាច់គោ​ប្រមាណ ១១៣ ក្រាម​។ សាច់គោ​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​និង​ជាតិ​ដែក​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​។​
 
៧. យ៉ា​អួរ​

​ប្រសិនបើ​អ្នក​ចូលចិត្ត​ទទួលទាន​យ៉ា​អួរ​ជាប្រចាំ​នោះ​គ្មាន​អ្វីដែល​ត្រូវ​ខ្វាយខ្វល់​ពី​បញ្ហា​ខ្វះ​វីតាមីន b12 ឡើយ​។ ត្រឹម ១ ពែង​នៃ​យ៉ា​អួរ​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​វីតាមីន b12 ចាំបាច់​ប្រចាំថ្ងៃ​ដល់​ទៅ ៣៨ ភាគរយ​។​
 
៨. ទឹកដោះគោ​

​ត្រឹម​ប្រមាណ ១១៨ មី​លី​លីត្រ​នៃ​ទឹកដោះគោ​សុទ្ធ​ផ្ដល់ឱ្យ​រាងកាយ​នូវ​វីតាមីន b12 ចាំបាច់​ប្រចាំថ្ងៃ​ដល់​ទៅ ២៣ ភាគរយ​។ ទឹកដោះគោ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អ៊ីយ៉ូដ សេ​លេ​ញ៉ូ​ម ប្រូតេអ៊ីន កាល់ស្យូម និង​វីតាមីន D ដែល​សំខាន់​សម្រាប់​ការ​ស្រូប​យកជាតិ​កាល់ស្យូម​បាន​ត្រឹមត្រូវ​ផងដែរ​។​
 
•​ ​អត្ថប្រយោជន៍​នៃ​វីតាមីន B12
 
១. ផ្ដល់​ថាមពល​បន្ថែម​

​វីតាមីន b12 ជួយ​បំ​លែង​អាហារ​ទៅជា​ថាមពល​។ ដូច្នេះហើយ​ទើប​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន b12 គ្រប់គ្រាន់​ជួយ​កាត់បន្ថយ​ភាព​អស់កម្លាំង​ដែល​នឹង​ធ្វើឱ្យ​អ្នកមាន​ថាមពល​ប្រសើរ​ជាង​មុន​។ វីតាមីន​នេះ​ក៏​ជួយ​ធ្វើឱ្យ​ដំណើរការ​នៃ​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​ដែល​អាច​បង្កើន​និង​រក្សា​ថាមពល​ផងដែរ​។​
 
២. លើកកម្ពស់​អារម្មណ៍ល្អ​ប្រសើរ​

​ធ្លាប់​ដឹង​ទេ​ថា​កង្វះ​វីតាមីន b12 អាច​បណ្ដាលឱ្យមាន​បញ្ហា​អារម្មណ៍មិនល្អ​? នោះ​ក៏​ព្រោះតែ​វីតាមីន b12 មាន​ប្រសិទ្ធភាព​គ្រប់គ្រង​អារម្មណ៍​ល្អប្រសើរ​ជួយ​រក្សា​សុខភាព​ផ្លូវចិត្ត​។ ម្យ៉ាងវិញទៀត វីតាមីន b12 ក៏​ជួយ​រក្សា​ថាមពល​ខួរក្បាល​ទប់ទល់​នឹង​ភាព​អស់កម្លាំង​ដោយសារ​បញ្ហា​ស្ត្រេ​ស​ផងដែរ​។ ហេតុនេះ​ប្រសិនបើ​អ្នក​ចង់​ចៀសផុត ឬ​ទប់ទល់​ជាមួយ​បញ្ហា​ធ្លាក់​ទឹកចិត្ត (depression) និង​ថប់​បារម្ភ ចូរ​ព្យាយាម​រួមបញ្ចូល​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន b12 ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៣. ពង្រឹង​សុខភាព​ខួរក្បាល​

​វីតាមីន b12 ជួយ​ការពារ​កោសិកា​ខួរក្បាល​ដែល​ធ្វើឱ្យ​មុខងារ​នៃ​ខួរក្បាល​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ខ្សោយ​ការចងចាំ ឬ​សមត្ថភាព​នៃ​ការចងចាំ​មាន​លក្ខណៈ​អន់ថយ​ជាង​មុន ចូរ​ព្យាយាម​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន b12​។​
 
៤. ពង្រឹង​សុខភាព​បេះដូង​

​នោះ​ក៏​ព្រោះតែ​វីតាមីន b12 ជួយ​កាត់បន្ថយ​អាស៊ីត​អា​មី​ណូ homocystein ក្នុង​ឈាម​។ ការកើនឡើង​ខ្ពស់​នៃ homocystein បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ អ្នកជំនាញ​ផ្នែក​សុខភាព​ច្រើន​បាន​និយាយថា​វីតាមីន b12 ក៏​ជួយ​ទប់ស្កាត់​ការកើនឡើង​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ រួមទាំង​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែល​ជួយ​រក្សា​សុខភាព​បេះដូង​ល្អប្រសើរ​ផងដែរ​។​
 
៥. បង្កើន​សុខភាព​ស្បែក​និង​សក់​

​ដើម្បី​រក្សាបាន​នូវ​ស្បែក​និង​សក់​ស្រស់ស្អាត​មាន​សុខ​ភាពល្អ​នោះ​ត្រូវ​ប្រាកដថា​អ្នក​បានរួម​បញ្ចូល​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន b12 ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​រួចហើយ​។ នោះ​ក៏​ព្រោះតែ​វីតាមីន b12 គឺ​ចាំបាច់​សម្រាប់​សុខភាព​ស្បែក​និង​សក់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com