អន្តរជាតិ
COVID-19៖ ខេត្តហ៊ូប៉ី ហាមប្រជាជនចេញពីផ្ទះ, បិទការរកស៊ី និងរឹតត្បិតចរាចរណ៍ ទិដ្ឋភាពផ្លូវស្ងាត់ជ្រងំក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី។ រូបភាព AFP
× អាជ្ញាធរខេត្តហ៊ូប៉ី នៅថ្ងៃទី១៦ ខែកុម្ភៈ បានដាក់ចេញវិធានការតឹងរ៉ឹងថែមទៀតក្នុងការទប់ស្កាត់ការរាលដាលកូរ៉ូណាវីរុសដែលបង្កទៅជាជំងឺរលាកសួតធ្ងន់ធ្ងរ (COVID-19) ដែលសម្លាប់មនុស្សជាង១៧០០ទៅហើយ។ ករណីឆ្លងវីរុសថ្មីៗ បន្តកើនឡើងជាលំដាប់ក្នុងខេត្តហ៊ូប៉ី ពិសេសទីក្រុងវូហានជាទីដែលវីរុសផ្ទុះចេញដំបូងគេ។ ក្រោមវិធានការថ្មីៗ ប្រជាជនទាំងអស់ ត្រូវហាមចេញពីផ្ទះបើគ្មានករណីចាំបាច់បំផុត ឡានឯកជនក៏ត្រូវហាមឃាត់ធ្វើចរាចរណ៍ ឯការរកស៊ីនានាត្រូវផ្អាកសិន។
ហ៊ូប៉ី ដែលជាខេត្តភាគកណ្ដាលរបស់ចិន និងមានប្រជាជនប្រមាណ៦០លាននាក់ រងគ្រោះធ្ងន់ធ្ងរជាងគេដោយការផ្ទុះឡើងកូរ៉ូណាវីរុសនៅទីក្រុងវូហាន ដែលជាទីក្រុងសំខាន់ជាងគេរបស់ខេត្ត។ ក្នុងមួយថ្ងៃ ករណីស្លាប់ដោយជំងឺ COVID-19 នៅក្នុងខេត្តនេះ កើនឡើងជាលំដាប់ដោយបើគិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈនេះមានអ្នកស្លាប់១០០នាក់បន្ថែមទៀត។ ការរាយការណ៍ពីករណីឆ្លងថ្មីៗក្នុងខេត្តក៏មានចំនួនច្រើនដែរ បើទោះជាករណីឆ្លងថ្មីនៅតំបន់ដទៃទៀតរបស់ចិន បានធ្លាក់ចុះក្ដី។
ដើម្បីទប់ស្កាត់ការរាលដាល អាជ្ញាធរខេត្តហ៊ូប៉ី ក៏បានប្រកាសពីចំណាត់ការថែមទៀត។ ក្រោមបទបញ្ជាថ្មីដែលប្រកាសនៅថ្ងៃទី១៦ ខែកុម្ភៈ រាល់ការរកស៊ីទាំងអស់ នឹងត្រូវបិទសិន ហើយប្រជាជនទាំងអស់ក្នុងខេត្ត មិនថាទីក្រុង ឬជនបទឡើយ មិនត្រូវបានអនុញ្ញាតឲ្យចេញពីផ្ទះ ឬភូមិរបស់ពួកគេឡើយ។ ចំណែកឯរថយន្តដែលចេញចូលភូមិ ឬសហគមន៍រស់នៅនានា និងអ្នកសួរសុខទុក្ខដែលមិនចាំបាច់ ក៏ត្រូវមិនបានអនុញ្ញាតដែរ។
ជាមួយគ្នានេះ អាជ្ញាធរ ក៏ហាមរាល់យានជំនិះទាំងអស់ពីការធ្វើចរាចរណ៍លើផ្លូវ។ ករណីលើកលែង នឹងត្រូវអនុវត្តលើឡានប៉ូលិស ឡានសង្គ្រោះបន្ទាន់ ឡានដឹកទំនិញចាំបាច់ និងឡានដែលមានការអនុញ្ញាតឲ្យធ្វើចរាចរណ៍។ រដ្ឋាភិបាលខេត្តហ៊ូប៉ី ក៏ចេញបញ្ញត្តិកំណត់ចំនួនមនុស្សនៅតាមហាងទំនិញនានា។ មនុស្សមួយចំនួនប៉ុណ្ណោះ នឹងត្រូវបានអនុញ្ញាតឲ្យដើរហើរចេញពីផ្ទះពួកគេដើម្បីទិញសម្ភារ និងអាហារចាំបាច់សម្រាប់តម្រូវការប្រចាំថ្ងៃ។
«ការគ្រប់គ្រងជំងឺឆ្លងក្នុងខេត្ត បានចូលដល់ដំណាក់សំខាន់ និងលំបាក។» រដ្ឋាភិបាលខេត្តហ៊ូប៉ីនិយាយបែបនេះក្នុងការប្រកាសបម្រាមរបស់ខ្លួន។ បន្ថែមពីលើនេះ ខេត្តហ៊ូប៉ី ក៏ស្នើឲ្យហាងទំនិញដែលមិនចាំបាច់បិទដំណើរអាជីវកម្មរបស់ខ្លួនសិន ហើយព្រឹត្តការណ៍សាធារណៈទាំងអស់ គួរតែលុបចោលផងដែរអំឡុងពេលនេះ។ ម្យ៉ាងទៀត ឱសថដ្ឋាននានា ក៏ត្រូវកត់ត្រាព័ត៌មានអ្នកជំងឺដូចជាឈ្មោះ អាសយដ្ឋាន លេខទូរសព្ទ ស្ថានភាពកំដៅ ដើម្បីងាយស្រួលតាមដានផងដែរ។
តាមពិតទៅ វិធានការបែបនេះ ត្រូវបានអនុវត្តនៅតាមទីក្រុងជាច្រើនមកហើយដែរដើម្បីទប់ស្កាត់ និងគ្រប់គ្រងការរាលដាលកូរ៉ូណាវីរុស។ ប៉ុន្តែចំណាត់ការទ្រង់ទ្រាយធំដែលអនុវត្តនៅទូទាំងខេត្ត ទើបមាននៅហ៊ូប៉ីប៉ុណ្ណោះ។ ទីក្រុងវូហាន ដែលជាកន្លែងកើតកូរ៉ូណាវីរុសមុនគេនោះ រងវិធានការខ្លាំងជាងគេ គឺទីក្រុងទាំងមូលត្រូវបិទតែម្ដង៕
Tag:
COVID-19
ចិន
ហ៊ូប៉ី
© រក្សាសិទ្ធិដោយ thmeythmey.com