អន្តរជាតិ
អាជ្ញាធរ​ថៃ​៖ អ្នកដំណើរ​ថៃ​២​នាក់​លើ Westerdam មិនមាន COVID-19 ឡើយ
17, Feb 2020 , 11:02 am        
រូបភាព
ផ្ទាំងបដា ដាក់បញ្ឈរនៅព្រលានយន្តហោះសុវណ្ណភូមិ ប្រទេស ថៃ ដែលប្រាប់អ្នកដំណើរដែលជិះនាវា Westerdam ឲ្យទាក់ទងមន្ត្រីព្រលាន(រូបភាពផ្តល់ឲ្យ)
ផ្ទាំងបដា ដាក់បញ្ឈរនៅព្រលានយន្តហោះសុវណ្ណភូមិ ប្រទេស ថៃ ដែលប្រាប់អ្នកដំណើរដែលជិះនាវា Westerdam ឲ្យទាក់ទងមន្ត្រីព្រលាន(រូបភាពផ្តល់ឲ្យ)
ដោយ:
អាជ្ញាធរ​សុខាភិបាល​ថៃ បាន​អះអាងថា អ្នកដំណើរ​ជនជាតិ​ថៃ ២ នាក់ ដែល​ជិះ​លើ​នាវា​ទេសចរណ៍​អាមេរិក Westerdam ពុំមាន​ចេញ​រោគសញ្ញា​នៃ​ជំងឺ​ផ្លូវដង្ហើម COVID-19 ក្រោយ​ការធ្វើ​តេស្ត ទោះបីជា​អ្នកដំណើរ​អាមេរិក​អាយុ​៨៣​ឆ្នាំ​ម្នាក់​មកពី​នាវា​ដូចគ្នានេះ បានធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ​នេះ​២​ដង ដោយ​មន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី​។



​អ្នកដំណើរ​ជនជាតិ​ថៃ ២ នាក់ ក្នុងចំណោម​អ្នកដំណើរ​ចំនួន ៣៥ នាក់​មកពី​នាវា​ទេសចរណ៍​អាមេរិក Westerdam បានធ្វើ​ដំណើរ​មកដល់​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ កាលពី​ថ្ងៃអាទិត្យ ១៦ ខែកុម្ភៈ​។ តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ អ្នកនាំពាក្យ​ក្រសួង​សុខភាព​សាធារណៈ​ថៃ Rungrueng Kitphati បញ្ជាក់ថា អ្នកដំណើរ​ទាំង ៣៥ នាក់​នេះ ត្រូវបាន​ត្រួតពិនិត្យ​សម្រាប់​កូ​រ៉ូ​ណាវី​រុស ហើយ​លទ្ធផល​បង្ហាញថា អវិជ្ជមាន​។

​ក្នុងចំណោម​អ្នក​លើ​នាវា​ទេសចរណ៍ Westerdam ទាំង​ជាង​២​ពាន់​នាក់ មាន​ជនជាតិ​ថៃ​២១​នាក់ គឺជា​ភ្ញៀវទេសចរ ២ នាក់ និង​អ្នកបម្រើ​លើ​នាវា ១៩​នាក់​។ បច្ចុប្បន្ន បុគ្គលិក​លើ​នាវា​ជនជាតិ​ថៃ កំពុងស្ថិត​នៅលើ​នាវា​នេះ​នៅឡើយ​។

​ទោះបីជា​អ្នកដំណើរ​ជនជាតិ​ថៃ​លើ​នាវា ត្រូវបាន​មន្ត្រី​សុខាភិបាល​ថៃ​រក​ពុំ​ឃើញ​ឆ្លង​ជំងឺ COVID-19 អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី បាន​បញ្ជាក់ថា ស្ត្រី​អាមេរិក​អាយុ ៨៣​ឆ្នាំ ដែលជា​អ្នកដំណើរ​នាវា Westerdam ដែរនោះ បានធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ​នេះ ចំនួន​២​លើក​ផ្ទួនៗ​គ្នា​។

​ក្រោយ​ទទួលបាន​បញ្ជាក់ថា​គ្មាន​ជំងឺ COVID-19 ពី​សំណាក់​មន្ត្រី​សុខាភិបាល​ខ្មែរ លោកស្រី បានអនុញ្ញាត​ឲ្យ​ចេញពី​នាវា ហើយ​បាន​បន្តដំណើរ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​សុក្រ ទី​១៤ ខែកុម្ភៈ ជាមួយ​ស្វាមី​លោកស្រី​អាយុ ៨៥​ឆ្នាំ​។

​អាជ្ញាធរ​សុខាភិបាល អះអាង​ទៀតថា ស្ថានភាព​សុខភាព​លោកស្រី មាន​ភាពល្អប្រសើរ ហើយ​ទោះបីជា​ស្វាមី​លោកស្រី បានធ្វើ​តេស្ត​អវិជ្ជមាន​សម្រាប់​ជំងឺ COVID-19 លោក​ត្រូវ​បានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​សិន និង​ទទួល​ការឃ្លាំមើល​ពី​ពេទ្យ​។


​នាវា​ទេសចរណ៍​អាមេរិក Westerdam ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​កំពង់ផែ​ក្រុង ព្រះសីហនុ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បន្ទាប់ពី​បដិសេធ​ពី​សំណាក់​ប្រទេស​និង​កោះ ដូចជា ជប៉ុន ថៃ តៃវ៉ាន់ និង​ហ្កា​ម ដោយ​ព្រួយបារម្ភ​ថា អ្នក​លើ​នាវា​ឆ្លង​កូ​រ៉ូ​ណាវី​រុស​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច ហ៊ុន សែន បាន​ទៅ​ស្វាគមន៍​អ្នកដំណើរ និង​អ្នកបម្រើ​លើ​នាវា​នោះ​ដោយផ្ទាល់ ហើយ​បាន​ជូន​ផ្កា ព្រមទាំង​ចាប់ដៃ​ជាមួយ​ពួកគេ​ថែម​ទៀតផង នៅពេល​ពួកគេ​ចុះ​ពី​នាវា​។​

​បច្ចុប្បន្ន​ថៃ មាន​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស ៣៤ នាក់ ហើយ​ក្នុងនោះ អ្នកជំងឺ ១៥​នាក់ បាន​សះស្បើយ ហើយ​អនុញ្ញាត​ឲ្យ​ចេញ​មន្ទីរពេទ្យ​៕





Tag:
 ថៃ​
  កម្ពុជា​
  ម៉ាឡេស៊ី​
  Westerdam
  COVID19
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com