ជាតិ
សេដ្ឋកិច្ច
សមាគមរោងចក្រថា ការកាត់ផ្នែកខ្លះនៃ EBA អាចធ្វើឲ្យកម្មកររាប់ម៉ឺននាក់បាត់ការងារ
17, Feb 2020 , 2:26 pm        
រូបភាព
រូបពី AFP
រូបពី AFP
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សន្និដ្ឋានថា ការកាត់១ភាគ៥ ឬ២០ភាគរយ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ទំនងជាអាចបណ្តាលឲ្យមាន «ការបាត់បង់ការងារដល់កម្មករ-កម្មការិនីរាប់ម៉ឺនាក់»។ សមាគមរោងចក្រ ធ្វើសេចក្តីសន្និដ្ឋានបែបនេះ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ដែលចេញនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។



សមាគមរោងចក្រ អះអាងថា សេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលកាត់ EBA ២០ភារយនេះ នឹងធ្វើឲ្យមានភាពក្រីក្រកាន់តែខ្លាំងឡើងក្នុងប្រទេសកម្ពុជា ហើយនឹងធ្វើឲ្យកាន់តែលំបាកក្នុងការដំឡើងប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ សម្រាប់កម្មករ-កម្មការិនី។

សមាគមរោងចក្រ បន្តថា សេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប នឹងអាចធ្វើឲ្យមានការភាន់ច្រឡំ ពាក់ព័ន្ធនឹងស្ថានភាពពាណិជ្ជកម្មនៅកម្ពុជា ដែលកំពុងឆ្ពោះទៅមុខ ហើយនឹងលើកទឹកចិត្តឲ្យអ្នកបញ្ជាទិញ បែរទៅទិញផលិតផលសម្លៀកបំពាក់ពីប្រទេសដទៃ ដែលមានការគោរពសិទ្ធិសហជីពអត់ជាងកម្ពុជាឆ្ងាយ។ 

សេចក្តីប្រកាសព័ត៌មាន បានសរសេរថា៖«សមាគមរោងចក្រ គោរពនិងគាំទ្រការចូលរួមរបស់សហភាពអឺរ៉ុបក្នុងការកែលម្អគោលនយោបាយសិទ្ធិមនុស្ស។ ជាអកុសល ការដកការជួយភ្លាមៗបែបនេះពីប្រជាពលរដ្ឋកម្ពុជារាប់សែននាក់ មិនមែនជាវិធី ដែលត្រូវបន្តទៅមុខនោះទេ»។ 

សេចក្តីប្រកាសព័ត៌មាន សរសេរទៀតថា៖«សមាគមរោងចក្រ សូមជំរុញសហភាពអឺរ៉ុប ផ្តល់អត្ថប្រយោជន៍ EBA ដូចដើមវិញ សម្រាប់វិស័យរបស់យើង ដើម្បីបុព្វហេតុនៃការអភិវឌ្ឍប្រកបដោយចីរភាព និងប្រជាជនកម្ពុជារាប់សែននាក់ ដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធី EBA ដើម្បីចាកចេញពីភាពក្រីក្រ និងលើកកម្ពស់សិទ្ធិរបស់ពួកគេ នៅកន្លែងការងារ និងផ្គត់ផ្គង់គ្រួសាររបស់ពួកគេ»។

សមាគមរោងចក្រ អះអាងថា វិស័យដែលទទួលបានអត្ថប្រយោជន៍សំខាន់ៗពីកម្មវិធីអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប គឺវិស័យកាត់ដេរ និងផលិតផលធ្វើដំណើរ។ សមាគមរោងចក្រ បន្តថា ឧស្សាហកម្មទាំងនេះ មានចំនួនប្រមាណ៧៥ភាគរយ នៃការនាំចេញទំនិញសរុបរបស់កម្ពុជា ហើយមានដល់៩០ភាគរយឯណោះ ត្រូវបាននាំចេញទៅសហភាពអឺរ់ុប ដែលជាទីផ្សារធំបំផុតសម្រាប់ទំនិញ ផលិតដោយបណ្តារោងចក្រនានាតំណាងដោយសមាគមរោងចក្រកាត់ដែរនៅកម្ពុជា។ 

សមាគមរោងចក្រ បរិយាយទៀតថា ការផ្តល់ការងារនៅក្នុងវិស័យទាំងនេះ ដែលគាំទ្រដោយកម្មវិធីអនុគ្រោះពន្ធ EBA មានចំនួនលើសពី៧,៥សែននាក់ នាពេលបច្ចុប្បន្ន ហើយបានរួមចំណែកដល់ការទាញប្រជាជនកម្ពុជារាប់លាននាក់ ចេញពីភាពក្រីក្រ។ បើតាមសមាគមរោងចក្រ កម្មករ-កម្មការិនីភាគច្រើនបំផុតជាស្រ្តី ដែលគ្រប់គ្រងគ្រួសារ ម់ើលថែសុខភាព និងសុខុមាលភាពកូនៗ និងផ្តល់ប្រាក់ចំណូលដោយផ្ទាល់ជាង២០ភាគរយ ដល់គ្រួសារ។ 

សមាគមរោងចក្រ ស្នើបែបនេះថា៖«សមាគម សូមជំរុញគណៈកម្មការអឺរ៉ុបនិងសមាជិកសភាអឺរ៉ុប ពិចារណាឡើងវិញចំពោះសេចក្តីសម្រេចនេះ ដោយពិចារណាទៅលើគុណតម្លៃនៃកម្មវិធីនេះ ដែលត្រូវបានអនុវត្តជិត២០ឆ្នាំកន្លងទៅ ដូចជា ជំនួយអភិវឌ្ឍន៍ ការកាត់បន្ថយភាពក្រីក្រ និង សេចក្តីថ្លៃថ្នូរនៃការងារ។ កម្មវិធី EBA គឺជាជោគជ័យច្បាស់មួយនៅក្នុងប្រទេសកម្ពុជា ក្នុងការសម្រេចបាននូវគោលដៅទាំងនេះ។ ការដកផ្នែកខ្លះនៃកម្មវិធីនេះ បានត្រឹមតែធ្វើឲ្យបាត់បង់ការងារនិងនាំឲ្យមានភាពក្រីក្រ»។ 

បើគ្មានការជំទាស់ពីសភាអឺរ៉ុបនិងក្រុមប្រឹក្សាអឺរ៉ុបទេ សេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប នឹងចូលជាធរមាន នៅខែសីហា ឆ្នាំ២០២០ ហើយកម្ពុជា នឹងត្រូវបង់ពន្ធ២០ភាគរយលើទំនិញ ដែលនាំចូលទៅទីផ្សារអឺរ៉ុប៕ 

អត្ថបទទាក់ទង

Tag:
 EBA
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com