អន្តរជាតិ
ប្រជាជន​ប៉ា​គី​ស្ថាន បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជម្លៀស​ពលរ​ដ្ឋ​ចេញពី​ចិន​
17, Feb 2020 , 3:37 pm        
រូបភាព
ប្រជាជនប៉ាគីស្ថាន ធ្វើបាតុកម្ម និងកាន់បដា ដើម្បីទាមទារឲ្យរដ្ឋាភិបាលជម្លៀសក្រុមនិស្សិតចេញពីខេត្តហ៊ូប៉ី។ រូបភាព៖ AP
ប្រជាជនប៉ាគីស្ថាន ធ្វើបាតុកម្ម និងកាន់បដា ដើម្បីទាមទារឲ្យរដ្ឋាភិបាលជម្លៀសក្រុមនិស្សិតចេញពីខេត្តហ៊ូប៉ី។ រូបភាព៖ AP
​ប្រជាជន​ប៉ា​គី​ស្ថាន​ប្រមាណ ១០០​នាក់ នា​ក្រុង Karachi ខេត្ត Sindh នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ជម្លៀស​ប្រជាជន​របស់ខ្លួន ចេញពី​ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន​។ ការទាមទារ​ឲ្យ​មាន​ចំណាត់ការ​ពី​ខាង​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​បែបនេះ គឺធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ចិន បាន​បិទ​ក្រុង​ហ៊ូ​ប៉ី ខណៈពេល​និស្សិត​ប៉ា​គី​ស្ថាន​ជាង ១​ពាន់​នាក់​មាន​វត្តមាន​នៅក្នុង​ខេត្ត​មួយ​នេះ​។


 
​តាមរយៈ​អក្សរ​សរសេរ​លើ​បដា «​នាំ​កូន​ពួកយើង​ត្រលប់​មកវិញ​»  ម្តាយ​ឪពុក​ដែលមាន​កូន​ទៅ​សិក្សា​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី បាន​ស្រែក​ទាមទារ​បែបនេះ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន ជួយ​អន្តរាគមន៍​នាំ​កូន​របស់​ពួកគេ​ត្រលប់មក​ផ្ទះ​វិញ​។ ពេលនេះ និស្សិត​ប៉ា​គី​ស្ថាន​ប្រមាណ​ជា ១​ពាន់​កំពុង​ជាប់​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី​។ 
 
​ប្រាប់​អ្នកកាសែត​បណ្តើរ ជូត​ទឹកភ្នែក​បណ្តើរ ស្ត្រី​បាតុករ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ដូច្នេះ​ថា​៖ «​យើង​ស្នើ​ឲ្យ​អ្នកតំណាង​រដ្ឋាភិបាល ជួយ​មេត្តា​នាំ​កូន​របស់​យើង​ត្រលប់មក​ផ្ទះ​វិញ​។ សូមមេត្តា​ស្តាប់​ការទាមទារ​របស់​ម្តាយ​ម្នាក់នេះ​ផង​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​បាតុកម្ម​នេះ ធ្វើឡើង​ដោយសារតែ​ឪពុកម្តាយ​បារម្ភ​ពី​សុវត្ថិភាព​កូន​របស់​ពួកគេ នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី ខណៈពេល​ចំនួន​អ្នកស្លាប់ និង​អ្នកជំងឺ បាន​កើនឡើង​យ៉ាងគំហុក​។ លើសពីនេះ ក្រុមបាតុករ​ប៉ា​គី​ស្ថាន ក៏បាន​លើកឡើង​ពី​ប្រតិបត្តិការ​របស់​ប្រទេសជិតខាង​ដូចជា​ឥណ្ឌា និង​បង់​ក្លា​ដែ​ស ដែល​បាន​ជម្លៀស​ប្រជាជន​ផងដែរ​។ 
 
​លោក​រដ្ឋមន្ត្រី​សុខាភិបាល Zafar Mirza បាន​សរសេរ​លើ​បណ្តាញ​សង្គម​Twitter របស់ខ្លួន​នា​ថ្ងៃទី​១៤ ខែកុម្ភៈ ថា លោក និង​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត អាច​ជជែក​ពី​បញ្ហា​ជម្លៀស​ប្រជាជន នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ​។ ចំណែក​និស្សិត ដែលមាន​វត្តមាន​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី រដ្ឋាភិបាល​ប៉ា​គី​ស្ថាន បានស្នើ​ឲ្យ​រដ្ឋាភិបាល​ចិន​យកចិត្តទុកដាក់​លើ​បញ្ហា​នេះហើយ​។ 
 
​បាតុកម្ម​នានា​ក្រុង Karachi ខេត្ត Sindh មិនមែនជា​លើកទីមួយ​ទេ ដែល​ប្រជាជន​ប៉ា​គី​ស្ថាន​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជម្លៀស​ប្រជាជន​ចេញពី​ខេត្ត​ហ៊ូ​ប៉ី​។ ពេល​កន្លង នៅក្នុង​ក្រុង Lahore ខេត្ត Punjab ប្រជាជន​ប៉ា​គី​ស្ថាន បាន​បាតុកម្ម​មុខ​កុងស៊ុល​ចិន ដើម្បី​ទាមទារ​ឲ្យ​ជម្លៀស​ប្រជាជន​ចេញពី​ចិន​ដែរ​។ 
 
​សូមបញ្ជាក់ថា ប្រជាជន​ប៉ា​គី​ស្ថាន ដែលមាន​វត្តមាន​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី មាន​៧​នាក់​កើត​ជំងឺ COVID-19 ហើយ​ក្នុងចំណោម​នោះ ៦​នាក់​បានជា​សះស្បើយ​រួចហើយ ខណៈពេល ១​នាក់​ទៀត កំពុងស្ថិត​នៅក្រោម​ការ​ព្យាបាល​៕ 

Tag:
 ប៉ា​គី​ស្ថាន​
  ចិន​
  COVID- 19
© រក្សាសិទ្ធិដោយ thmeythmey.com