អន្តរជាតិ
ម៉ាឡេស៊ី មិនចង់ឃើញលោកខាងលិច យកយុទ្ធសាស្ត្រអនុវត្តនៅលីប៊ីមកប្រើនៅសមុទ្រចិនខាងត្បូង រូបភាព៖ Malay Mail
× រដ្ឋាភិបាលម៉ាឡេស៊ី បានទទូចឲ្យប្រទេសលោកខាងលិចចូលរួមការពារ និងថែរក្សាសន្តិភាពនៅតំបន់អាស៊ីអាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ ម៉ាឡេស៊ី មិនចង់ឃើញអាមេរិក ឬប្រទេសនៅអឺរ៉ុប ប្រើប្រាស់យុទ្ធស្ត្ររបស់ខ្លួនដូចនៅតំបន់មជ្ឈិមបូព៌ាមកអនុវត្តនៅអាស៊ី ឬសមុទ្រចិនខាងត្បូងនោះទេ។
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Mohamad Sabu ក្នុងកិច្ចសន្ទនាតុមូលស្តីពីបញ្ហាសន្តិសុខក្នុងប្រទេសអាល្លឺម៉ង់ថ្ងៃ១៥ កុម្ភៈ បានអំពាវនាវឲ្យសហអាមេរិក និងប្រទេសអឺរ៉ុបចូលរួមកិច្ចពិភាក្សាជាមួយគ្នាដើម្បីរក្សាសន្តិភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោករដ្ឋមន្ត្រី បានទទួលស្គាល់ពីសមិទ្ធផលនៃកសាងសន្តិភាពរវាងអឺរ៉ុប និងរុស្ស៊ី បន្ទាប់ពីសង្គ្រាមលោកលើកទី២ ។
ក៏ប៉ុន្តែតាមការចុះផ្សាយរបស់សារព័ត៌មាន New Strait Times លោករដ្ឋមន្ត្រី មើលឃើញពីគំរូមិនល្អរបស់បណ្តាប្រទេសលោកខាងលិច ដែលជាប់ពាក់ព័ន្ធនឹងការជ្រោមជ្រែង និងទទួលខុសត្រូវពីក្រោយនៃសង្គ្រាមនៅក្នុងមជ្ឈិមបូព៌ា ជាក់ស្តែងនៅលីប៊ី ដែលចំណុចនេះ លោករដ្ឋមន្ត្រីមិនចង់ឃើញអាមេរិក និងប្រទេសអឺរ៉ុបយកមកអនុវត្តនៅក្នុងបញ្ហានៅអាស៊ីអាគ្នេយ៍ឡើយ។
ប្រមុខការពារជាតិម៉ាឡេស៊ីរូបនេះ បានទទួលស្គាល់ថា ចិន គឺជាមហាអំណាចមួយរបស់ពិភពលោក ដែលកំពុងតែងើបឡើង ក៏ប៉ុន្តែ លោកអះអាងថា ម៉ាឡេស៊ី នឹងបន្តភ្ជាប់ទំនាក់ទំនងជាមួយនឹងចិន ដើម្បីស្វែងរកដំណោះស្រាយតាមរយៈកិច្ចសន្ទនាផ្សេង។
គួរជម្រាបបន្តិចថា ទោះបីជាពិភពលោក មានបញ្ហាប្រឈមថ្មីៗបន្ថែមទៀតជាបន្តបន្ទាប់ក៏ដោយ បញ្ហាសមុទ្រចិនខាងត្បូង នៅតែជាបញ្ហាចម្បង និងអាទិភាពសម្រាប់អន្តរជាតិលើកយកទៅពិភាក្សា។ នោះ ក៏ព្រោះបញ្ហានេះ នៅមិនទាន់មានដំណោះស្រាយជាក់លាក់នៅឡើយនោះទេ។
បញ្ហាសមុទ្រចិនខាងត្បូង ដែលជាវិវាទនៃការទាមទារទឹកដីរវាងបណ្តាប្រទេសអាស៊ានរួមមាន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយនឹងចិន បច្ចុប្បន្នកំពុងតែស្ថិតក្រោមការដោះស្រាយក្នុងក្របខណ្ឌអាស៊ាន និងចិន ដោយភាគីទាំងពីរ បានព្រមព្រៀងដោះស្រាយដោយសន្តិវិធី។
គួរឲ្យកត់សម្គាល់ផងដែរនោះ ខណៈពេលអាស៊ាន និងចិន ស្ថិតក្នុងដំណើរការចរចារកដំណោះស្រាយនោះ អាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួន បានបង្ហាញសកម្មភាពខ្លះ រាប់បញ្ចូលទាំងការបញ្ជូននាវាល្បាតមកកាន់តំបន់ជម្លោះសមុទ្រចិនត្បូង ដែលសកម្មភាពនេះ ប្រទេសក្នុងតំបន់ ជាពិសេសចិន យល់ឃើញថា ជាការជ្រៀតជ្រែក និងដាក់បន្ទុកបន្ថែមលើបញ្ហានោះទេ៕
Tag:
ម៉ាឡេស៊ី
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com