ជាតិ
​ស្ពៃក្តោប​ជាង​៥០​តោន នឹង​រលួយ​ចោល​ក្នុង​ចម្ការ បើ​គ្មាន​អ្នកទិញ​
18, Feb 2020 , 8:39 am        
រូបភាព
​ភ្នំពេញ​៖ ស្ពៃក្តោប​ដែលមាន​នៅសល់​ប្រមាណ​៥០​តោន​នៅលើ​ផ្ទៃដី​ជិត​៣​ហិកតា កំពុង​ប្រឈម​នឹង​ការ​រលួយ​ចោល​នៅក្នុង​ចម្ការ ប្រសិនបើ​គ្មាន​ឈ្មួញ​មក​ទិញ​។ នេះ​ជា​ក្តី​ព្រួយបារម្ភ​របស់លោក លោក ទៀង សុ​វណ្ណា ដែលជា​ម្ចាស់​ចម្ការ​ស្ពៃក្តោប ដោយបាន​អះអាងថា បច្ចុប្បន្ន​ស្ពៃក្តោប​របស់លោក មានតម្លៃ​ត្រឹមតែ​ចន្លោះ​៣០០​ទៅ​៥០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម  ដោយ​តម្លៃ​នេះ​ថោក​ខ្លាំង តែ​បែរជា​គ្មាន​អ្នកទិញ​។ 

 

 
​ម្ចាស់​ចម្ការ​ស្ពៃក្តោប​ដែល​ស្ថិតនៅ​ក្នុងភូមិ​រហាល​សួង ឃុំ​ព្រែក​លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​នៃ​ការដាំ​បន្លែ​មកនេះ លោក​មិនដែល​ជួប​បញ្ហា​ទីផ្សារ​ដូច​ដាំ​ស្ពៃក្តោប​លើក​នេះឡើយ​។ កសិករ​វ័យ​៤១​ឆ្នាំ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 ដូច្នេះ​៖« ខ្ញុំ ធ្វើ​បន្លែ​កន្លងមកនេះ ទោះបីជា​តម្លៃនៅលើទីផ្សារ​ពេលខ្លះ​ថោក​ក៏ដោយ ក៏​នៅមាន​ឈ្មួញ​ចុះមក​ទិញ​ជាប្រចាំ​...​ប៉ុន្តែ​ដាំ​ស្ពៃក្តោប​លើកឡើង​នេះ គឺថា​តម្លៃថោក​ត្រឹម​៣០០​រៀល​ហើយ ថែមទាំង​គ្មាន​អ្នក​ចុះមក​ទិញ​ទៀត​។ ខ្ញុំ​ដាំ​ស្ពៃក្តោប​លើដី​ជិត​៣​ហិកតា​នេះ ខាត​យ៉ាងតិច​ពាក់កណ្តាល ឬ​លើសពីនេះ​ទៀត​»​។ 
 
​លោក សុ​វណ្ណា បាន​ជួបនឹង​បញ្ហា​តម្លៃ​ស្ពៃក្តោប​នៅលើ​ទីផ្សារ តាំង​ចុងខែ​មករា ឆ្នាំ​២០២០​មកម្ល៉េះ គ្រាន់តែ​ឈ្មួញ​មួយចំនួន​ជួយ​ទិញ​ពី​៨​ទៅ​១០​តោន ប៉ុន្តែ​រហូតដល់​ដើមខែ​កុម្ភៈ​នេះ ស្ពៃក្តោប​ក្នុង​ចម្ការ​របស់លោក គឺ​មិនសូវមាន​ឈ្មួញ​ចុះទៅ​ទិញ​ឡើយ​។ លោក បន្តថា គិត​ត្រឹម​ត្រឹម​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ ទិន្នផល​ស្ពៃក្តោប​ដែលមាន​ជិត​១០០​តោន​ក្នុង​ចម្ការ​៣​ហិកតា​របស់លោក​ផ្ទាល់​នោះ  គឺមាន​នៅសល់​ប្រហែល​៥០​តោន កំពុង​ទុកចោល​ក្នុង​ចម្ការ ព្រោះតែ​គ្មាន​អ្នកទិញ​។ 
 
​លោក បន្ថែមថា ជាធម្មតា​បន្លែ​ដែល​ទុក​លើស​អាយុ គឺ​រសជាតិ​លែង​ឆ្ងាញ់ (​រឹង​) និង  រោល ឬ រលួយ​ខូច​ពី​ការរំខាន​របស់​ពពួក​សត្វល្អិត​ចង្រៃ​៕

Tag:
 ស្ពៃក្តោប​
© រក្សាសិទ្ធិដោយ thmeythmey.com