ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន បញ្ជា​ឱ្យ​មហាផ្ទៃ ចាត់ការ​ករណី​បែកធ្លាយ​វីដេអូ​អាសអាភាស​របស់​ស្ត្រី​ខ្មែរ
17, Feb 2020 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រសួងមហាផ្ទៃ ចាត់វិធានការ​លើ​វីដេអូ​អាសអាភាស​របស់​ស្ត្រី​ខ្មែរ ដែល​បាន​បែកធ្លាយ​លើ​វេ​ប​សាយ ដើម្បី​លុបបំបាត់ចោល កុំឱ្យ​ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ​។ លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​និយាយ​បែបនេះ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២០ របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​» ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​១៧ កុម្ភៈ​។​

 
​សម្ដេច ហ៊ុន សែន បានកត់សម្គាល់​ឃើញ​មាន​វីដេអូ​មិន​គប្បី​របស់​ស្ត្រី​ខ្មែរ ដែល​បាន​បែកធ្លាយ​នៅលើ​បណ្ដា​វេ​ប​សាយ​នានា ហើយ​ធ្វើឱ្យប៉ះពាល់​ដល់​សីលធម៌​សង្គម ។ ប្រមុខ​រដ្ឋាភិបាល បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ក្រសួងមហាផ្ទៃ ធ្វើ​ការងារ​ក្នុង​បទល្មើស​បច្ចេកវិទ្យា​ដើម្បី​ពិនិត្យមើល និង​ចាត់វិធានការ​រាល់​វីដេអូ​អាសអាភាស​របស់​ស្ត្រី​ខ្មែរ​មួយចំនួន ដែល​បាន​ថត និង​បែកធ្លាយ​ដោយ​ខ្លួនឯង ដែលមាន​តាម​វេ​ប​សាយ​មួយចំនួន ។​ព្រោះនេះ​ពិតជា​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិ​ត្ត​យស និង​សីលធម៌​របស់​ស្ត្រី​ខ្មែរ ហើយ​ណាមួយ​កម្ពុជា​ក៏​គ្មាន​ច្បាប់​ឱ្យធ្វើ​បែប​នោះឡើយ​»​។​
 
​ជាមួយគ្នានេះ​នាយករដ្ឋមន្ត្រី ក៏​បញ្ជា​ឱ្យ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ បិទ​គណនី និង ទំព័រ​ហ្វេ​ស​ប៊ុ​ក ឬ​បណ្តាញ​សង្គម​ផ្សេងទៀត ដែល​ផ្សាយ​លក់​ផលិតផល ដោយ​ការបញ្ចេញ​កេរ្តិ៍ខ្មាស​។ សម្តេច យល់ថា ស្ត្រី​ខ្មែរ ដែល​បញ្ចេញ​កេរ្តិ៍ខ្មាស​ខ្លួន ដើម្បី​ផ្សព្វផ្សាយ​លក់​ផលិតផល​តាម​អន​ឡាញ ឬ​បង្ហោះ​លើ​បណ្តាញ​សង្គម​នេះ វា​អាច​នាំឱ្យមាន​ការចាប់រំលោភ និង ការបំពាន​ផ្លូវភេទ​លើ​ស្ត្រី​។​
 
​លោក អ៊ុក គឹម​សេង អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លើកឡើងថា បច្ចុប្បន្ន​សង្គម​កម្ពុជា មិន​មែនមាន​បញ្ហា​តែ​នារី​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម ដោយ​បញ្ចេញ​កេរ្តិ៍ខ្មាស​ប៉ុណ្ណឹង​ទេ គឺ​នៅ​បញ្ហា​ផ្សេងៗ​ទៀត ដូចជា ការ​បំភ្លៃ​ព័ត៌មាន ជាដើម ជាពិសេស ពាក់ព័ន្ធ​នឹង​រឿង​វីរុស COVID-19 ដែល​កំពុង​រីក​រាលដាល​និង​កំពុង​ល្បី​លើ​ពិភពលោក​។​
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ  នា​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់​ដូច្នេះ​៖«​យើង ពិនិត្យមើល​តាម​ករណី​នីមួយៗ កន្លែង​ណា​ដែល​យើង មាន​សមត្ថភាព មាន​សមត្ថកិច្ច អាច​ចាត់ការ​ក្នុងស្រុក​បាន យើង​នឹងធ្វើ ហើយ​កន្លែង​ណា ដែល​យើង ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន​បរទេស ដូចជា​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​អីហ្នឹង យើង​នឹងធ្វើ​កិច្ចការ​តាម​ហ្នឹង​...»៕
 

Tag:
 ហ៊ុន សែន​
  អាសអាភាស
© រក្សាសិទ្ធិដោយ thmeythmey.com