កីឡាជាតិ
ជាតិ
និមិត្តសញ្ញា ដែល FFC ជ្រើសរើសសម្រាប់ការផ្សព្វផ្សាយកម្មវិធីប្រកួតនានា រូបនិមិត្តក្រុមគោព្រៃកម្ពុជា ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជ្រើសរើសយក ដើម្បីផ្សព្វផ្សាយពីការប្រកួតនានា
× សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) សម្រេចជ្រើសរើសរូបនិមិត្តក្បាលគោព្រៃជម្រើសទីពីរ ធ្វើជានិមិត្តសញ្ញាតំណាងឲ្យក្រុមជម្រើសជាតិកម្ពុជា ឬគោព្រៃកម្ពុជា សម្រាប់ការផ្សព្វផ្សាយកម្មវិធីប្រកួតនានា។ ការសម្រេចនេះ ធ្វើឡើងក្រោយរូបជម្រើសទី២នេះ ទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេក្នុងចំណោមរូបទាំង៣ ដែលរចនាដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF)។
«តាមរយៈការបោះឆ្នោតជ្រើសរើសរបស់បងប្អូនចំពោះនិមិត្តសញ្ញាក្រុមគោព្រៃកម្ពុជា ដែលបានរចនាឡើងដោយសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ឃើញថា ជម្រើសទី២ គឺទទួលបានការគាំទ្រច្រើន ដូច្នេះវាជាជម្រើសមួយសម្រាប់ផ្ញើទៅកាន់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ដើម្បីផ្សព្វផ្សាយកម្មវិធីប្រកួតបាល់ទាត់នានា»។ នេះជាការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោះរូបនិមិត្តក្រុមគោព្រៃកម្ពុជាចំនួន៣ ដែលរចនាដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ដើម្បីឲ្យប្រជាពលរដ្ឋពិសេសអ្នកគាំទ្រកីឡាបាល់ទាត់បោះឆ្នោតជ្រើសរើស។ FFC អះអាងថា ប្រសិនបើរូបណាមួយក្នុងចំណោមរូបទាំង៣ទទួលបានការគាំទ្រច្រើនជាងគេ នោះ FFC នឹងជ្រើសរើសយករូបនោះធ្វើជានិមិត្តសញ្ញា ដើម្បីផ្សព្វផ្សាយពីការប្រកួតផ្សេងៗរបស់ក្រុមគោព្រៃកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com