គិត​ត្រឹម​ឆ្នាំ​២០១៩ កម្ពុជា បាន​បិទ​ក្រុមហ៊ុន និង​ភោជនីយដ្ឋាន​កូរ៉េខាងជើង​២០​កន្លែង
ជាតិ
គិត​ត្រឹម​ឆ្នាំ​២០១៩ កម្ពុជា បាន​បិទ​ក្រុមហ៊ុន និង​ភោជនីយដ្ឋាន​កូរ៉េខាងជើង​២០​កន្លែង
17, Feb 2020 , 10:39 pm        
រូបភាព
រូបពី NK News
រូបពី NK News
​ភ្នំពេញ​៖ កម្ពុជា បានសម្រេច​បិទ​ក្រុមហ៊ុន និង​ភោជនីយដ្ឋាន​កូរ៉េខាងជើង​ប្រមាណ​២០​កន្លែង នៅក្នុង​ឆ្នាំ​២០១៩ ក្រោម​ហេតុផល​ថា អនុវត្តតាម​វិធានការ​ដាក់ទណ្ឌកម្មរ​បស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ នេះ​បើតាម​របាយការណ៍​រប​ស់​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​២០ មករា ២០២០ ដែល​បាន​ផ្ញើ​ជូនទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) ហើយ​ទើប​ចេញផ្សាយ​នា​ថ្ងៃទី​១៣ កុម្ភៈ​។​


 
​របាយការណ៍​កម្ពុជា ដែល​ផ្ញើ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​វេ​ប​សាយ​គណៈកម្មាធិការ​ទណ្ឌ​កម្ម​នោះ បាន​បញ្ជាក់ថា កម្ពុជា បានសម្រេច​បិទ​ក្រុមហ៊ុន​ចំនួន​១២ ភោជនីយដ្ឋាន​៨ រួមទាំង​សារមន្ទីរ 3D ឬ សារមន្ទីរ​សព្វទស្សន៍​អង្គរ «Angkor Grand Panorama» ដំបូងបង្អស់​នៅ​កម្ពុជា ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​មកពី​ប្រទេស​កូរ៉េខាងជើង នៅក្នុង​ខេត្តសៀមរាប​ផងដែរ​។ ដោយឡែក​បុគ្គលិក និង​កម្មករ​កូរ៉េខាងជើង​១១៥​នាក់ ក៏​ត្រូវបាន​កម្ពុជា​បញ្ជូន​ចេញ​ទៀតផង​។​
 
​របាយការណ៍​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ថា កម្ពុជា​តែងតែ​ប្រកាន់​ជំហរ​រឹងមាំ​របស់ខ្លួន ក្នុងការ​គាំទ្រ​ការមិន​រីកសាយ​អាវុធ​ប្រល័យ​លោក ដើម្បី​ឆ្ពោះទៅរក​ការលុបបំបាត់​អាវុធ​ទាំងនេះ ។ សារព័ត៌មាន NK News ដែលមាន​ការិយាល័យ​ក​ណ្ដា​ល​នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​នេះ បាន​ស្រង់​របាយការណ៍​រដ្ឋាភិបាល​កម្ពុជា ដែលមាន​ខ្លឹមសារ​ដូច្នេះ​ថា​៖«​ក្នុងនាម​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ ដែលមាន​ការទទួលខុសត្រូវ​នោះ ប្រទេស​កម្ពុជា​បាន​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​របស់ខ្លួន​ទាំងស្រុង​នៅក្រោម​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ និង​បាន​អនុវត្ត​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​លើ​ការដាក់ទណ្ឌកម្ម​ទាក់ទង​នឹង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​»​។​
 
​ក្រុមហ៊ុន ដែល​បាន​បិទទ្វារ​នោះ​រួមមាន​៖ Pyongyang Unhasu Co., Ltd., Sunrise Horizon Co., Ltd., U.J. Import Export Co., Ltd., The Brands Classic Co., Ltd., Mansudae New Tech Corporation Ltd., Jupic (Cambodia) Trading Co., Ltd., Haegeum River Soft Drink Shop, Sach Ang Sing Pyong, Ho Seryong Pyong Yang Arirang, Pyong Yang Traditional Noodle and Pyong Yang Restaurant​។​
 
​ចំណែក​ភោជនីយដ្ឋាន​កូរ៉េខាងជើង​៨​ដែល​បាន​បិទទ្វារ​នោះ​រួមមាន​៖ Pyongyang Arirang Restaurant , Moranbong Restaurants , Pyongyang Unhasu Restaurant , Pyongyang (Koryo) Restaurant , Pyongyang Traditional Restaurant , Sach Ang Sing Pyong , Pyongyang Traditional Noodle  និង​Friendship/Pyongyang Restaurant​។​
 
​កាលពីដើម​ខែមករា ឆ្នាំ​២០២០ អាជ្ញាធរ​កម្ពុជា​ឃាត់ខ្លួន និង​បណ្ដេញ​ជនជាតិ​កូរ៉េខាងជើង​ចំនួន​១៦​នាក់​ពី​កម្ពុជា​ផងដែរ​។ ការបណ្ដេញ​ជនជាតិ​កូរ៉េខាងជើង​នេះ ក្រោម​ហេតុផល​ថា ពួកគេ​លួច​ធ្វើការ​ងារ​ឱ្យ​ក្រុមហ៊ុន​ហ្គេម​អន​ឡាញ​ខុសច្បាប់​ឱ្យ​ក្រុមហ៊ុន​ចិន​មួយកន្លែង នៅក្នុង​ខេត្តសៀមរាប​។ 
 
​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានចេញ​ដំណោះស្រាយ​នៃ​ការដាក់ទណ្ឌកម្ម​ស្តីពី​ប្រទេស​កូរ៉េខាងជើង តាំងពី​ឆ្នាំ ២០០៦ ដោយ​ស្នើឱ្យ​មានការ​អនុវត្តតាម​សំណើរ​ក្នុង​របាយការណ៍​នេះ​។ ក្រោយមក​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ ក៏បាន​អនុម័ត​ទៅលើ​ដំណោះស្រាយ​មួយ (UNSCR) ដោយ​តម្រូវឱ្យ​សមាជិក​ប្រទេស​ទាំងអស់​បញ្ឈប់​រាល់​ស​កម្ម​ភាព​របស់​ក្រុមហ៊ុន​កូរ៉េខាងជើង កាលពី​ឆ្នាំ​២០១៦​។ ចំណាត់ការ​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ គឺជា​ការដាក់​សម្ពាធ​និង​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញ​របស់​ទីក្រុង​ព្យុងយ៉ាង ដែល​បាន​ពឹងផ្អែក​ផ្លូវដង្ហើម​លើ​កម្មាភិបាល​កម្ម​កររ​បស់​ខ្លួន​ធ្វើការ​នៅ​បរទេស សម្រាប់​លំហូរ​រូបិយប័ណ្ណ​បរទេស​។​
 
​រដ្ឋាភិបាល​កម្ពុជា បាន​អនុលោម​តាម​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​នេះ​។ រដ្ឋាភិបាល​កម្ពុជា បានចាប់ផ្ដើម​បង្កើត​ក្រុមការងារ​ពិសេស​របស់​អន្តរក្រសួង សម្រាប់​ការត្រួតពិនិត្យ​ឯកសារ​ទាំងអស់​និង​ការស៊ើបអង្កេត​លើ​ក្រុមហ៊ុន និង​អាជីវកម្ម​របស់​កូរ៉េខាងជើង ដើម្បី​អនុលោម​តាម​ការដាក់ទណ្ឌកម្ម នៅ​ថ្ងៃទី ១ ខែមីនា​ឆ្នាំ ២០១៨ ។ នេះ​បើតាម​របាយការណ៍​រដ្ឋា​ភិ​បាល​កម្ពុជា​។​
 
​ចំណង​ការទូត​រវាង​កម្ពុជា និង​កូរ៉េខាងជើង​
 
​ដ្បិត​កម្ពុជា មានការ​អនុវត្ត​វិធានការ​តឹងរ៉ឹង​បែបនេះ ទៅកាន់​រដ្ឋាភិបាល​ព្យុងយ៉ាង​ក្តី ក៏​ភាគី​ទាំងពីរ​នៅតែ​ប្រកាស​ពី​ការរក្សា​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​។ ជាក់ស្ដែង​នៅក្នុង​ឆ្នាំ​២០១៩ អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងជើង​លោក Ri Kil Song បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា មុន​ពេលដែល​ប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទៅ​ប្រទេស​កូរ៉េខាងជើង​វិញ នៅ​ខែវិច្ឆិកា​ឆ្នាំមុន​។ ជាមួយគ្នានេះ ប្រមុខរដ្ឋ​ប្រទេស​ទាំងពីរ ក៏បាន​ផ្ញើ​សារ​ទៅវិញទៅមក ដោយបាន​លើកឡើង​ពី​ទំនាក់​ទំនងជា​ប្រពៃណី​នៃ​ប្រវត្តិសាស្ត្រ និង​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី ក្នុងនាម​ជា​មិត្តភក្តិ​ជាដើម​។ 
 
​គួរ​បញ្ជាក់ថា ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​កូរ៉េខាងជើង បានចាប់ផ្ដើម​ឡើង​នៅក្នុង​ឆ្នាំ ១៩៦៥ ដែល​កាលណោះ​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ បាន​ជួប​ជាមួយ​លោក គីម អ៊ី​ល​ស៊ុ​ង នៅក្នុង​ទីក្រុង ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី​។ ហើយ​នៅ​ឆ្នាំ​១៩៧០ ក្រោយពី​សម្ដេច​នរោត្តម សីហនុ ត្រូវបាន​សេនាប្រមុខ លន់ នល់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​នោះ ព្រះអង្គ​ក៏បាន​និរទេស​ព្រះកាយ យាង​ទៅ​រស់នៅ​ប្រទេស​កូរ៉េខាងជើង ដោយ​រដ្ឋាភិបាល​កូរ៉េ បាន​កសាង​ព្រះរាជដំណាក់​មួយ​ថ្វាយ​ជូន​ព្រះ​បរម​រតន​កោដ្ឋ ដែលមាន​ឈ្មោះថា Changsuwon នៅ​ជិត​ទីក្រុង​ព្យុងយ៉ាង​ផងដែរ​៕

Tag:
 កម្ពុជា​
  កូរ៉េខាងជើង​
  ជំនួញ
© រក្សាសិទ្ធិដោយ thmeythmey.com