អន្តរជាតិ
ជប៉ុន លុបចោលពិធីចម្រើនព្រះជន្មព្រះចៅអធិរាជ ដោយសារ COVID-19 ព្រះចៅអធិរាជជប៉ុន Naruhito។ រូបភាព៖ Kyodo
× ជប៉ុន នៅថ្ងៃទី១៧ ខែកុម្ភៈ បានប្រកាសថា ពិធីចម្រើនព្រះជន្មព្រះចៅអធិរាជ Naruhito ដែលគ្រោង ប្រារព្ធនៅថ្ងៃទី២៣ ខែកុម្ភៈនាពេលខាងមុខ នឹងត្រូវលុបចោល ដើម្បីទប់ស្កាត់ករណីឆ្លងកូរ៉ូណាវីរុស និងកាត់បន្ថយការជួបប្រជុំនៅតាមទីសាធារណៈ។ ការលុបចោលពិធីមួយនេះ គឺជាលើកដំបូងបង្អស់ចាប់តាំងពីឆ្នាំ ១៩៩៦មក។
តាមរយៈសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារទទួលបន្ទុកកិច្ចការព្រះចៅអធិរាជ ក្នុងបរិបទនៃការផ្ទុះកូរ៉ូណាវីរុស ជប៉ុន បានសម្រេចលុបចោលពិធីចម្រើនព្រះជន្មព្រះចៅអធិរាជ ដើម្បីជៀសវាងការជួបជុំជាសាធារណៈ ដែលអាចបង្កឲ្យមានករណីឆ្លង COVID-19។ សេចក្តីប្រកាសនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋាភិបាលជប៉ុន ព្រមានពីការជួបជុំតាមទីសាធារណៈ ដែលមិនសំខាន់។
ការប្រកាសលុបចោលពិធី ដែលមានមនុស្សចូលរួមដ៏អធិកអធមនៅក្នុងកាលៈទេសៈបែបនេះ មិនមែនជារឿងចម្លែកទេសម្រាប់ជប៉ុន ព្រោះគិតមកត្រឹមពេលនេះ ជប៉ុនបានរកឃើញ COVID-19 នៅក្នុងប្រទេសយ៉ាងហោចណាស់ ៦០ករណី និងមាន ១ករណីស្លាប់។ នេះមិនទាន់គិតដល់ជប៉ុនរកឃើញអ្នកផ្ទុក COVID-19 ដែលបង្កដោយកូរ៉ូណាវីរុសចំនួន ៣៦៩ករណីនៅក្នុងនាវា Diamond Princess នោះទេ។
ក្រៅពីការលុបចោលពិធីចម្រើនព្រះជន្មរបស់ព្រះចៅអធិរាជ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុនទីក្រុងតូក្យូ(Tokyo Marathon) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែមីនា ក៏អាចលុបចោលដែរ ដោយសារតែខ្លាច COVID-19 រាតត្បាត។
សូមបញ្ជាក់ថា នាខែធ្នូ ឆ្នាំ២០១៨ ដែលត្រូវជាពិធីចម្រើនព្រះជន្មព្រះចៅអធិរាជ Akihito មានមនុស្សចូលរួមរហូតដល់ទៅជាង៨ម៉ឺននាក់ឯណោះ។ ការលុបចោលពីធីចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុនចុងក្រោយបំផុតនៅក្នុងឆ្នាំ ១៩៩៦។ ព្រឹត្តិការណ៍នៅក្នុងឆ្នាំនោះ កើតឡើងដោយសារតែចលនាបដិវត្ត Túpac Amaru (MRTA) បានចាប់អ្នកការទូតជាន់ខ្ពស់ មន្ត្រីរដ្ឋាភិបាលជប៉ុន និងអ្នកជំនួញធ្វើជាចំណាប់ខ្មាំង នៅស្ថានទូតជប៉ុន នារដ្ឋធានីលីម៉ា ប្រទេសប៉េរូ៕
© រក្សាសិទ្ធិដោយ thmeythmey.com