កីឡាអន្តរជាតិ
អន្តរជាតិ
អតីតអ្នកចាំទី Man Utd ដែលរួចជីវិតក្នុងការធ្លាក់យន្តហោះឆ្នាំ១៩៥៨ ស្លាប់នៅអាយុ៨៧ឆ្នាំ
× លោក Harry Gregg អតីតអ្នកចាំទី Manchester United ដែលបានសង្គ្រោះលោក Bobby Charlton និងកីឡាករមួយចំនួនទៀតពីគ្រោះថ្នាក់ធ្លាក់យន្តហោះកាលពីឆ្នាំ ១៩៥៨ បានទទួលមរណភាពក្នុងអាយុ ៨៧ ឆ្នាំ។
បុរសជនជាតិអៀរឡង់រូបនេះ បានចូលរួមជាមួយក្រុមបិសាចក្រហមនៅខែធ្នូ ឆ្នាំ ១៩៥៧ ក្នុងតម្លៃ ២៣៥០០ផោន (៣០៦២១ដុល្លារអាមេរិក) ដោយក្លាយជាអ្នកចាំទីថ្លៃជាងគេលើពិលោក។ លើសពីនេះ លោកថែមទាំងត្រូវបានគេបោះឆ្នោតឲ្យជាប់ជាកីឡាករល្អបំផុតនៅឯ World Cup ឆ្នាំ១៩៥៨។
ក្រៅពីតួនាទីជាអ្នកចាំដ៏ល្អ លោក Gregg ក៏ជាប់ឈ្មោះជាវីរបុរស តាមរយៈការជួយសង្គ្រោះមិត្តរួមក្រុម រួមទាំងអ្នកដំណើរដទៃទៀតដោយមិនរអាឡើយ អំឡុងពេលធ្លាក់យន្តហោះដែលដឹកសមាជិកក្រុម Man Utd ទៅកាន់ទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដែលមានមនុស្ស ២៣ នាក់បានស្លាប់។ អ្វីដែលពិសេសនោះ លោក Bobby Charlton ក៏ត្រូវបានសង្គ្រោះដោយលោក Gregg នេះដែរ។
ហេតុការណ៍ធ្លាក់យន្តហោះនោះ កើតឡើងនៅពេលដែលក្រុម Man Utd ត្រូវមានភារកិច្ចធ្វើដំណើរទៅប្រកួតជាមួយក្រុម Bayern Munich ក្នុងក្របខណ្ឌអឺរ៉ុប (European Cup) ក្នុងរដូវកាល១៩៥៧-៥៨។
ប្រវត្តិក្នុងការប្រកួតកីឡាបាល់ទាត់ Gregg ធ្លាប់បានបង្ហាញខ្លួន ២៥ លើកសម្រាប់ក្រុមជម្រើសជាតិអៀរឡង់ខាងជើង ចន្លោះឆ្នាំ ១៩៥៤ ដល់ ១៩៦៣។ ក្រៅពីនេះ Gregg លេងឲ្យបិសាចក្រហម៩រដូវកាល ក្នុងនោះបង្ហាញខ្លួនបាន២១០ប្រកួត មុនផ្លាស់ទៅចូលរួមជាមួយ Stoke City នៅឆ្នាំ១៩៦៧។
មរណភាពរបស់លោក ត្រូវបានផ្សាយដោយមូលនិធិសប្បុរសធម៌ Harry Gregg ដោយអះអាងថាលោកបានស្លាប់នៅឯមន្ទីរពេទ្យ Causeway ក្នុងទីក្រុង Coleraine ទឹកដីអៀរឡង់ខាងជើង។
«Gregg បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យដែលមានវត្តមានក្រុមគ្រួសារជាទីស្រឡាញ់របស់គាត់។ គ្រួសារ Gregg សូមថ្លែងអំណរគុណដល់បុគ្គលិកពេទ្យ Causeway សម្រាប់ការមើលថែ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ»៕
លោក Harry Gregg អំឡុងពេលបង្ហាញខ្លួនឲ្យអៀរឡង់នៅ World Cup ឆ្នាំ១៩៥៨
Tag:
Harry Gregg
Bobby Charlton
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com