កីឡាអន្តរជាតិ
អន្តរជាតិ
Marega ខ្សែប្រយុទ្ធ Porto ដើរចេញពីទីលាន ក្រោយលឺសម្រែក«រើសអើងជាតិសាសន៍»
× ខ្សែប្រយុទ្ធអន្តរជាតិម៉ាលី Moussa Marega របស់ FC Porto បានដើរចេញពីទីលានទាំងខឹងសម្បា ក្រោយលឺសំឡេងស្រែកបែប «រើសអើងជាតិសាសន៍» ពីសំណាក់ក្រុមអ្នកគាំទ្រនៅទីលានរបស់ Vitoria Guimaeres ក្នុងជំនួបលីគកំពូលព័រទុយហ្គាល់នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះជាអ្នកស៊ុតគ្រាប់ជ័យជម្នះនៅនាទី ៦០ ដោយជយយ Porto យកឈ្នះលើអតីតក្រុមចាស់ Vitoria Guimaeres ក្នុងលទ្ធផល ២-១ មុនមានហេតុការណ៍កើតឡើងដែលត្រូវប្តូររូបគេចេញនៅនាទី៧២។
តាមពិតទៅ Marega ត្រូវបានអ្នកគាំទ្រក្រុមម្ចាស់ផ្ទះដែលជាអតីតអ្នកគាំទ្រខ្លួន ចំអក ដៀមដាមតាំងពីពេលហ្វឹកហាត់កំដៅសាច់ដុំមុនចាប់ផ្តើមការប្រកួតម្លេះ។ នៅនាទី ៧១ ខ្សែប្រយុទ្ធសញ្ជាតិម៉ាលីរូបនេះ បានបង្ហាញសញ្ញាប្តូរចេញទៅកាន់កីឡាករបម្រុង និងដើរចេញពីទីលាន បន្ទាប់ពីលឺសម្រែករើសអើងពូជសាសន៍ពីក្រុមអ្នកគាំទ្រ។ បើទោះបីជាមិត្តរួមក្រុម អ្នកចាត់ការលោក Sergio Conceicao ក៏ដូចជាកីឡាករ Vitoria ព្យាយាមឃាត់រូបគេឲ្យនៅទីលានបន្តក្តី ក៏ Marega មិនព្រមរហូតត្រូវប្តូរចេញនៅ១នាទីបន្ទាប់។
នៅពេលដើរចេញពីទីលាន Marega ក៏បានបង្ហាញការខឹងសម្បា និងតូចចិត្តដោយផ្តល់សញ្ញាលើកមេដៃទាំងពីរដាក់ចុះក្រោមទៅកាន់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះផងដែរ។ លោកអាជ្ញាកណ្តាល បានផ្តល់កាតលឿងសម្រាប់ឥរិយាបទរបស់ Marega នេះដែរ។
Marega ធ្លាប់លេងឲ្យ Vitoria Guimaeres ចន្លោះពីឆ្នាំ ២០១៦-២០១៧ ក្នុងលក្ខខណ្ឌខ្ចីជើងពី Porto ដោយស៊ុតបញ្ចូលទីបាន១៣គ្រាប់ ក្នុងការបង្ហាញខ្លូន ២៥ប្រកួត។
តាមរយៈសំណេរលើបណ្តាញសង្គម Instagram ក្រោយហេតុការណ៍នេះ Marega សរសេរទៅកាន់ក្រុមទាំងនោះថា៖«ពួកមនុស្សល្ងីល្ងើរដែលមកកីឡាដ្ឋានដើម្បីគ្រាន់តែមកស្រែករើសអើងជាតិសាសន៍។ ហើយខ្ញុំក៏អរគុណដល់អាជ្ញាកណ្តាលដែលមិនបានការពារ ហើយផ្តល់កាតលឿងដល់ខ្ញុំ ដោយសារខ្ញុំការពារការរើសអើងពណ៌សម្បុររបស់ខ្ញុំដូច្នេះ»។
Marega បន្ថែមថា រូបគេសង្ឃឹមថានឹងមិនជួបអ្នកដែលរើសអើងខ្លួនដូច្នេះនៅលើទីលានបាល់ទាត់ទៀតទេ ព្រោះពួកគេជាមនុស្សគួរឲ្យស្អប់ខ្ពើមបំផុត។
រឿងរ៉ាវរើសអើងជាតិសាសន៍នៅលើទីលានកីឡាបាល់ទាត់បែបនេះ មិនមែនជាករណីដំបូងឡើយ។ កីឡាករឯទៀតដូចជា Mario Balotelli ខ្សែប្រយុទ្ធក្រុម Brescia ជួបហេតុការណ៍ដូច្នេះជារឿយៗ៕
Tag:
Moussa Marega
FC Porto
រើសអើងជាតិសាសន៍
© រក្សាសិទ្ធិដោយ thmeythmey.com