អន្តរជាតិ
បណ្ដាញសហជីពថៃ៖ ការផ្អាក GSP ផ្នែកខ្លះពីថៃ នឹងប៉ះពាល់ពលករ៤ម៉ឺននាក់ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ស្តាំ) ជួបជាមួយនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នៅសេតវិមានអាមេរិក កាលពីថ្ងៃកន្លងទៅ (Fox News)
× បណ្ដាញសហជីពថៃ នឹងជួបជាមួយនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នាថ្ងៃ៣ ខែមីនា ដើម្បីពិភាក្សាវិធីសាស្ត្របញ្ចៀសការផ្អាកប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ផ្នែកខ្លះ ដែលនឹងអនុវត្តលើមុខទំនិញថៃមានតម្លៃស្មើ១,៣ពាន់លានដុល្លារ។ ផលប៉ះពាល់នៃការដកហូតនេះ គឺធ្លាក់លើពលករថៃយ៉ាងតិច ៤ម៉ឺននាក់។
ថ្លែងនៅសិក្ខាសាលាមួយស្តីពីបញ្ហានេះ កាលពីថ្ងៃសៅរ៍ ១៥ ខែកុម្ភៈ អនុប្រធានគណៈកម្មាធិការសាម្គីភាពការងារថៃ (Thai Labour Solidarity Committee) បានអះអាងថា ការផ្អាកជាបណ្តោះអាសន្ននៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ផ្នែកខ្លះ នឹងជះឥទ្ធិពលយ៉ាងតិចដល់ពលករថៃ ៤ម៉ឺននាក់ក្នុងឧស្សាហកម្មមួយចំនួន។
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ បណ្ដាញសហជីពថៃ ចង់ឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចរចាជាមួយភាគីអាមេរិកដើម្បីស្តារសិទ្ធិទទួលបានប្រព័ន្ធអនុគ្រោះពន្ធ (GSP) ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សូមបញ្ជាក់ថា នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៩ អាមេរិក បានប្រកាសពីការផ្អាកការអនុគ្រោះពាណិជ្ជកម្មលើទំនិញនាំចូលពីថៃដែលមានតម្លៃស្មើនឹងទឹកប្រាក់ ១,៣ ពាន់លានដុល្លារ ក្រោមប្រព័ន្ធអនុគ្រោះ GSP ហើយនឹងចូលជាធរមាន នាថ្ងៃ ២៥ ខែមេសា ឆ្នាំ២០២០នេះ។
ដោយលើកឡើងពីកិច្ចគាំពារមិនគ្រប់គ្រាន់លើសិទ្ធិការងារដែលទទួលស្គាល់ជាអន្តរជាតិ ជាពិសេសក្នុងឧស្សាហកម្មដឹកជញ្ជូនតាមនាវា និងគ្រឿងសមុទ្រ តំណាងពាណិជ្ជកម្មអាមេរិក (USTR) បានអះអាងថា សហរដ្ឋអាមេរិក នឹងផ្អាកការអនុគ្រោះពន្ធសម្រាប់ផលិតផលនាំចេញរបស់ថៃចំនួន ៥៧៣ មុខ ដែលអាចប្រឈមការដំឡើងពន្ធនាំចូល ៤,៥ ភាគរយ បើធៀបនឹង ០ ភាគរយនាពេលបច្ចុប្បន្ន។
តាមបាងកកប៉ុស្តិ៍ ប្រធានក្រុមសិទ្ធិពលករ (Solidarity Centre) លោក Robert Pajkovski បានបញ្ជាក់ថា ថៃ នឹងបាត់បង់ការអនុគ្រោះពន្ធ GSP ផ្នែកខ្លះ ព្រោះខ្លួនបានបង្ហាញដំណើរការតិចតួចពេកសម្រាប់ការដោះស្រាយការបំពានសិទ្ធិពលករ។ លោក សង្កត់ធ្ងន់ថា ប្រសិនបើថៃ ចង់ទទួលបាន GSP ខ្លួននេះវិញ រដ្ឋាភិបាលថៃ ត្រូវតែបង្ហាញសហគមន៍អន្តរជាតិថា ខ្លួនពិតជាតាំងចិត្តលើកស្ទួយសិទ្ធិពលករថៃមែន៕
Tag:
ថៃ
ប្រាយុទ្ធចន្ទអូចា
GSP
ប្រព័ន្ធអនុគ្រោះពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com