អន្តរជាតិ
វេជ្ជបណ្ឌិតចិនអះអាងពីប្រសិទ្ធភាពថ្នាំបុរាណ និងថ្នាំប្រឆាំងគ្រុនចាញ់លើការព្យាបាល COVID-19 រូបថត Xinhua
× ថ្នាំបុរាណចិន (TCM) ត្រូវបានប្រើប្រាស់លើការព្យាបាលអ្នកជំងឺជាង៦០០០០នាក់ ឬ៨៥,២ភាគរយនៃចំនួនសរុបនៃអ្នកកើតជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19)។ មន្ត្រីសុខាភិបាលចិន បានអះអាងពីប្រសិទ្ធភាពលើការព្យាបាល។ នៅថ្ងៃទី១៧ ខែកុម្ភៈ ដដែលនេះ ក្រុមអ្នកជំនាញចិន ក៏បានលើកឡើងពីប្រសិទ្ធភាពថ្នាំប្រឆាំងគ្រុនចាញ់ Chloroquine Phosphate ផងដែរ។ នេះបើតាមការផ្សាយជាបន្តបន្ទាប់របស់ទីភ្នាក់ងារព័ត៌មានចិន Xinhua។
កន្លងមក ថ្នាំបុរាណដែលមានឈ្មោះថា «Qingfei Paidutang» ត្រូវបានប្រើប្រាស់លើការព្យាបាលអ្នកជំងឺ៧០១នាក់ នៅខេត្តចំនួន១០ ដែលក្នុងនោះ ១៣០នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Li Yu មន្ត្រីម្នាក់នៅស្ថាប័នថ្នាំបុរាណជាតិចិន (TCM) ដោយបានអះអាងបន្ថែមពីដំណើរជាប្រក្រតីជាបន្តបន្ទាប់របស់អ្នកជំងឺផ្សេងទៀត។
រហូតមកដល់ពេលនេះ ថ្នាំប្រភេទបុរាណចិន ត្រូវបានប្រើប្រាស់លើការព្យាបាលអ្នកជំងឺជាង៦០ ០០០ករណីនៅចិន ពោលគឺស្មើ ៨៥,២ភាគរយលើចំនួនសរុប។
ជាមួយគ្នានេះផងដែរ ទីភ្នាក់ងារព័ត៌មាន Xinhua បានដកស្រង់សំដីអ្នកជំនាញចិន ដែលបានលើកឡើងពីប្រសិទ្ធភាពនៃការប្រើប្រាស់ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ Chloroquine Phosphate លើការព្យាបាល COVID-19។ លោក Sun Yanrong មន្ត្រីជាន់ខ្ពស់នៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ក្រុមអ្នកជំនាញបានយល់ព្រមជាឯកច្ឆន្ទលើការប្រើប្រាស់ថ្នាំនេះជាគោលការណ៍នៃការព្យាបាលថ្មី និងប្រើប្រាស់សម្រាប់ការពិសោធន៍វេជ្ជសាស្ត្រឲ្យកាន់តែទូលាយបន្ថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com